សកម្មភាពជញ្ជូនឈើដោយខុសច្បាប់ នៅតាមបណ្តោយផ្លូវជាតិ៦២ ក្នុងខេត្តកំពង់ធំបានកំរើកសារជាថ្មី មេព្រៃដេកលក់ សមត្ថកិច្ចមិនស្គាល់ស្ថាប័នដាក់កុងត្រូលចាំយកលុយ

ខេត្តកំពង់ធំ៖ ជាការពិតណាស់ សកម្មភាពដឹកជញ្ជូនឈើប្រណិតដោយខុសច្បាប់ បានកក្រើកសារជាថ្មី បន្ទាប់ពីមេព្រៃ បើកដៃ ដោយអសមត្ថភាពបង្រ្កាប បទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើ ចេញពីខេត្តព្រះវិហារ តាមបណ្តោយផ្លូវជាតិលេខ៦២ ដឹកចូលមកខេត្តកំពង់ធំយ៉ាងគគ្រឹកគ្រេងដូចទឹកបាក់ទំនប់ តែបែរជាមេព្រៃ និងបរិស្ថាន នាំគ្នាសម្ងំដេកចាំយកលុយ ដោយគ្មានវិធានការបង្រ្កាប។
ជាក់ស្តែងការដឹកជញ្ជូនឈើប្រណិត តាមរយះរថយន្តសាំយ៉ុង រថយន្តតាកូម៉ា រថយន្តសេរីទំនើប និងតាមកាឡេថង បានធ្វើសកម្មភាព ដឹកជញ្ជូនដូហែរកឋិន ចន្លោះពីម៉ោង១២យប់ ដល់ម៉ោង៥.៣០ជិតភ្លឺ ក្នុងចន្លោះនេះបានធ្វើឲ្យលោក មន្ត្រីបរិស្ថាន និងលោកមេព្រៃ ចាំទទួលសំណែនពីក្រុមអ្នកដឹកឈើ ជារៀងរាល់យប់ ដោយសារតែអំពើពុករលួយទាំងនេះ បានធ្វើឲ្យព្រៃឈើកាន់តែរលាយហិនហោច ដោយមិនខ្វល់ពីការថែរក្សា និងអភិរក្សព្រៃឈើនោះឡើយ តែផ្ទុយទៅវិញ សកម្មភាពឃុបឃិតទទួលសំណែនទាំងនេះ បានធ្វើឲ្យជីវភាពរបស់ មន្រ្តីបរិស្ថាន និងមេព្រៃដែលចូលចិត្តសំកុក នៅតាមដងផ្លូវមានជីវភាពធូធារ។

យោងតាមប្រភាពព័ត៌មាន មួយចំនួនដែលបាន ផ្តល់អង្គភាពសារព័ត៌មាន ខេមរា បានឲ្យដឹងថា ឈ្មួញឈើដែលបាន ដឹកជញ្ជូនឈើប្រណិត និងឈើប្រភេទលេខ១ លេខ២ ត្រូវបានគេស្គាល់ឈ្មោះ តេន ឈ្មោះ ហួង ឈ្មោះញ៉ីឈ្មោះ យេន ឈ្មោះឌីណា ឈ្មោះហឿន ក្រុមទាំងនេះ ជាក្រុមពិសេស សម្រាប់ចិញ្ចឹមឆ្នាំបាយដល់ស្នាក់ការបរិស្ថានព្រំប្រទល់ និងមេព្រៃដែលនៅតាមផ្លូវ រួមទាំងក្រុមកុងត្រូលជជុះមួយចំនួនទៀត ដែលមិនស្គាល់អត្តសញ្ញាណជា សមត្ថកិច្ចឬក៏ជា ជនក្លែងបន្លំ។

ដោយការមើលឃើញពីសំណាក់មហាជន បានរិះគន់យ៉ាងធ្ងន់ធ្ងរ ចំពោះមន្រ្តីជំនាញ និងមន្រ្តីអភិរក្ស ដែលអមត្ថភាពដោយសារទឹកលុយ ទិញតួនាទីបាន ជាថ្នូរនិងមិនបង្រ្កាបបទល្មើសដែលដឹកជញ្ជូននៅក្រោមឃ្លៀក និងបានសំណូមពរ ឲ្យឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខប្រម៉ាញ់និងនេសាទ មេត្តាជួយមើលមន្រ្តីក្រោមឳវាទ ដែលអនុវត្តផ្ទុយច្បាប់ ផ្ទុយពីបទបញ្ជារបស់ក្រសួង ដែលកំពុងតែប្រចាំការនៅ ក្នុងខេត្តកំពង់ធំផង បើសិនជាគ្មានវិធានការកាត់សាច់ស្អុយចោលទេ ព្រៃឈើនិងរលាយមិនខានឡើយ៕

 

Loading...