សកម្មភាពជីកដីភ្នំចាក់លុបអូរនិងឆ្នេរសមុទ្របន្តកើតមាននៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ មន្ត្រីសង្គមស៊ីវិល ភ្ញៀវទេសចរ និងពលរដ្ឋខេត្តព្រះសីហនុ បានបន្តរិះគន់សកម្មភាពជីកកាយដីភ្នំ ចាក់លុបឆ្នេរសមុទ្រ ដើម្បីសង់សំណង់ផ្សេងៗ ដែលបន្តកើតមានអនាធិបតេយ្យ និងបង្កផលប៉ះពាល់បរិស្ថានទឹកសមុទ្រធ្ងន់ធ្ងរ។

បញ្ហានេះ ទាំងមន្ត្រីសង្គមស៊ីវិល និងពលរដ្ឋ បានស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយមានវិធានការទប់ស្កាត់សកម្មភាពជីកកាយដីភ្នំ ចាក់លុបអូរ ឬបឹងធម្មជាតិ ពិសេសឆ្នេរសមុទ្រ ឲ្យមានប្រសិទ្ធភាព ព្រោះសកម្មភាពនេះកំពុងបន្តកើតមានអនាធិបតេយ្យ និងគ្មានអាជ្ញាធរទប់ស្កាត់ទេ។

ប្រតិកម្មនេះ កើតឡើងបន្ទាប់ពីឃើញមានសកម្មភាពរថយន្តធំៗ ដឹកដីចាក់លុបបំពេញអូរធម្មជាតិ និងចំណីឆ្នេរសមុទ្ររបស់ការដ្ឋានសណ្ឋាគាររលំដាប់ផ្កាយ ៥ ឈ្មោះ ស៊ីហ៊ូ អ៊ិនធើណេសិនណល (Sihou International) វិនិយោគដោយថៅកែជនជាតិចិន មានទីតាំងក្នុងសង្កាត់លេខ៣ ក្រុង និងខេត្តព្រះសីហនុ កំពុងធ្វើសកម្មភាពអនាធិបតេយ្យ និងគ្មានការទប់ស្កាត់ពីអាជ្ញាធរ។

មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋ ពិសេសភ្ញៀវទេសចរ ចាត់ទុកសកម្មភាពនេះបានអនុវត្តផ្ទុយនឹងច្បាប់ ឬការណែនាំរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានលើកឡើងក្នុងពិធីប្រកាសតួនាទីប្រធានមន្ទីរបរិស្ថានថ្មីខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែសីហា តម្រូវឲ្យមន្ត្រីក្រោមឱវាទការពារបរិស្ថានខេត្តទេសចរណ៍មួយនេះឲ្យបានល្អ។

បញ្ហានេះ មន្ត្រីអង្កេតអង្គការលីកាដូ (Licadho) ខេត្តព្រះសីហនុ លោក ឃុន សាវឿន បានកត់ស្គាល់ថា សកម្មភាពហ៊ុមព័ទ្ធឆ្នេរ ឬជីកកកាយដីភ្នំចាក់លុបអូរធម្មជាតិ ពិសេសចំណីឆ្នេរសមុទ្រ ដើម្បីសង់សំណង់ផ្សេងៗ មានសណ្ឋាគារជាដើម បានបន្តកើតមាន ទោះបីថ្នាក់ដឹកនាំខេត្តនេះធ្លាប់សន្យាទប់ស្កាត់បែបណាក្តី។

មន្ត្រីសិទ្ធិមនុស្សរូបនេះចាត់ទុកកាអនុញ្ញាតឲ្យមានសកម្មភាពហ៊ុមព័ទ្ធឆ្នេរ ឬសកម្មភាពរថយន្តដឹកដីចាក់លុបអូរធម្មជាតិ ពិសេសរំលោភដីចំណីឆ្នេរសមុទ្រ នាមូលដ្ឋានខេត្តព្រះសីហនុ ទំនងជាអាចមានអំពើពុករលួយនៅពីក្រោយសកម្មភាពនេះ ទើបថ្នាក់ដឹកនាំនេះ ឬមន្ត្រីនៅតាមមន្ទីរខ្លះក្នុងខេត្តនេះ គ្មានវិធានការទប់ស្កាត់៖ «សម្រាប់ខ្ញុំ ខ្ញុំមិនពេញចិត្តទៅនឹងការអនុញ្ញាតឲ្យក្រុមហ៊ុនចិន សណ្ឋាគារនៅលើដីចំណីឆ្នេរ ឬមាត់សមុទ្រ និងចាក់ដីលុបសមុទ្រ នាមូលដ្ឋានសង្កាត់៣ ក្រុងព្រះសីហនុ នេះទេ»។

ការអនុវត្តផ្ទុយច្បាប់នេះ លោក ឃុន សាវឿន មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ខេត្តព្រះសីហនុ បានស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំនៅតាមក្រសួងពាក់ព័ន្ធថ្នាក់ជាតិ ត្រូវពិនិត្យមន្ត្រីអនុវត្តច្បាប់នាខេត្តព្រះសីហនុ ឲ្យបានត្រឹមត្រូវឡើងវិញ ឬមួយមន្ត្រីថ្នាក់ធំខ្លះអាចមានពាក់ព័ន្ធសកម្មភាពនេះ៖ «បញ្ហាចាក់ដីលុបឆ្នេរ ឬសមុទ្រនេះ គឺជនប្រព្រឹត្តមិនអាចអត់ឱនអោយបានទេ ហើយសណ្ឋាគារលំដាប់ផ្កាយអស់ទាំងហ្នឹង គឺប្រជាពលរដ្ឋមិនអាចចេញចូលទៅមើលបានទេ»។

មន្ត្រីសិទ្ធិមនុស្សរូបនេះ បានរិះគន់អាជ្ញាធរដែលបានអនុញ្ញាតឲ្យមានសកម្មភាពចាក់ដីលុបអូរ និងចាក់ដីចូលសមុទ្ររំលោភយកដីចំណីឆ្នេរសមុទ្រជាដើម ដោយគ្មានការទប់ស្កាត់ និងប៉ះពាល់ដល់បរិស្ថានសមុទ្រធ្ងន់ធ្ងរ។
ទាក់ទិនបញ្ហានេះ លោក សុខ សាវ៉ាត សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ គណបក្សសង្គ្រោះជាតិ ក៏ថ្លែងរិះគន់ចំពោះសកម្មភាពដឹកដីភ្នំចាក់លុបចំណីឆ្នេរសមុទ្រ ឬលុបអូរធម្មជាតិ ដើម្បីសង់សណ្ឋាគារប្រណិត នាមូលដ្ឋានសង្កាត់លេខ៣ ក្រុងព្រះសីហនុ គ្មានការទប់ស្កាត់នេះដែរ។

មន្ត្រីបក្សប្រឆាំងរូបនេះ បានរិះគន់ធ្ងន់ៗ ចំពោះការអនុវត្តច្បាប់នៅកម្ពុជា ដែលមន្ត្រីមានតួនាទីធំៗ ឬអ្នកមានទ្រព្យធនអាចធ្វើសកម្មភាពបំពានច្បាប់តាមទំនើងចិត្ត និងគ្មានទោសពៃរ៍៖ «សព្វថ្ងៃនេះ ដូចពាក្យចាស់លោកពោលថា ឆ្កែចេះតែព្រូស មនុស្សចេះតែដើរ។ បញ្ហាចាក់ដីរំលោភចូលសមុទ្រដែលគណៈអភិបាលខេត្តបានអនុវត្តកន្លងមក គឺមិនមានប្រសិទ្ធភាពទេ ចំពោះមន្ត្រីមានអំណាច និងមានទ្រព្យធន ប៉ុន្តែអាចអនុវត្តបានតែប្រជាពលរដ្ឋក្រីក្រ គ្មានខ្សែបណ្ដាញអ្នកធំតែប៉ុណ្ណោះទេ ហើយពួកបំពាន់ចាក់ដីរំលោភចូលអូរ ឬចំណីឆ្នេរសមុទ្រសុទ្ធតែមានខ្សែធំៗ ហើយអាជ្ញាធរខេត្តមិនហ៊ានតតាំងទេ គឺធ្មេចភ្នែកខ្លះ និងបើកភ្នែកខ្លះ មិនហ៊ានទប់ស្កាត់ទេ»។

លោក សុខ សាវ៉ាត បន្ថែមថា ដរាបណាអាជ្ញាធរខេត្តនេះ ឬរដ្ឋាភិបាល ទុកបណ្តោយឲ្យមានសកម្មភាពចាក់ដីរំលោភយកឆ្នេរសមុទ្រ ឬសកម្មភាពឃុបឃិតហ៊ុមព័ទ្ធរបងថ្មបិទឆ្នេរយកជាកម្មសិទ្ធិឯកជន មិនឲ្យពលរដ្ឋ ឬភ្ញៀវទេសចរដើរឆ្លងកាត់ដូចសព្វថ្ងៃនេះ អាចនាំឲ្យប៉ះពាល់ដល់កំណើនភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះនៅថ្ងៃអនាគត។

បញ្ហានេះ កន្លងមក លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ធ្លាប់ផ្ដល់បទសម្ភាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា ក្នុងអាណត្តិដឹកនាំរបស់លោកនឹងមិនអនុញ្ញាតឲ្យមានសកម្មភាពរំលោភយកដីរដ្ឋធ្វើកម្មសិទ្ធិខុសច្បាប់ មានដូចជា ដីភ្នំ ដីអូរ ឬបឹងធម្មជាតិ និងដីចំណីឆ្នេរសមុទ្រជាដើម ធ្វើជាកម្មសិទ្ធិឯកជនទៀតទេ។ ប៉ុន្តែផ្ទុយពីការអះអាងនេះ បច្ចុប្បន្នគេសង្កេតឃើញថា សកម្មភាពជីកកាយដីភ្នំចាក់រំលោភយកចំណីឆ្នេរសមុទ្រ ឬសកម្មភាពហ៊ុមព័ទ្ធរបងថ្មីៗ ដើម្បីសង់សំណង់អគារផ្សេងៗ បានបន្តកើតមានអនាធិបតេយ្យ។ ជាងនេះ ដីភ្នំមួយចំនួននាមូលដ្ឋាននេះ ត្រូវក្រុមហ៊ុនជីកកកាយយកអាចម៍ដី និងដឹកឆ្លងកាត់ក្រុងទាំងកណ្ដាលថ្ងៃ និងជ្រុះអាចម៍ដីតាមផ្លូវនាំឲ្យមានធូលីហុយពេញក្រុងទេសចរណ៍មួយនេះ។

ត្រង់ចំណុចនេះ មន្ត្រីអង្កេតអង្គការលីកាដូ ខេត្តព្រះសីហនុ លោក ឃុន សាវឿន ក៏បានរិះគន់ចំពោះសកម្មភាពបំពុលបរិស្ថាន ផ្ដើមដោយរថយន្តដឹកដី ឬថ្ម បើកចេញចូលក្នុងក្រុង បានធ្វើសកម្មភាពដោយគ្មានការបិទបាំងឲ្យបានត្រឹមត្រូវទេ។ ហើយជ្រុះដី ឬថ្មតាមផ្លូវបង្កើតឲ្យមានធូលីដី និងប៉ះពាល់ដល់សុវត្ថិភាព អ្នកធ្វើដំណើរ ពិសេសភ្ញៀវទេសចរ៖ «សូមអោយក្រសួងដែលពាក់ព័ន្ធសូមចុះមកពិនិត្យរាល់ក្រុមហ៊ុនដឹកដី និងថ្ម ដែលកំពុងធ្វើអាជីវកម្ម នៅខេត្តព្រះសីហនុ មានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬទេ»។

បញ្ហានេះដែរ លោក សុខ សាវ៉ាត សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ មើលឃើញថា ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីកំពុងបម្រើការងារនៅតាមមន្ទីរ ឬស្ថាប័នជំនាញមួយចំនួននាមូលដ្ឋាននេះ ហាក់គ្មានសិទ្ធិសម្រេចកិច្ចការរបស់ខ្លួនទេ ហើយអំណាចទាំងអស់ពូនផ្តុំនៅលើមន្ត្រីថ្នាក់ជាតិឯណោះទេ ទើបពួកគេមិនអាចទប់ស្កាត់សកម្មភាពចាក់ដីរំលោភយកឆ្នេរសមុទ្រ ឬអូរបឹងធម្មជាតិជាដើម៖ «យើងមានអាជ្ញាធរចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ខេត្ត និងក្រុមប្រឹក្សាខេត្តជាដើមនៅខេត្តព្រះសីហនុ ប៉ុន្តែការអនុវត្តច្បាប់មិនមានប្រសិទ្ធភាពទាល់តែសោះ។ មានន័យថា អ្នកប្រព្រឹត្តល្មើសអ្វីមួយនៅខេត្តព្រះសីហនុ សុទ្ធតែមានសាច់ដុំធំៗជាងខេត្ត ស្ថាប័នរបស់ខេត្តហាក់គ្មានប្រសិទ្ធភាព ឬលទ្ធភាពទៅទប់ទល់នឹងការលុបសមុទ្រ ឬការសាងសង់សំណង់អ្វីមួយទៅលើតំបន់ហាមឃាត់នោះទេ»។

វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ដើម្បីបំភ្លឺពីសកម្មភាពចាក់ដីលុបអូរ ឬឆ្នេរសមុទ្រ និងសកម្មភាពជីកដីភ្នំ កំពុងកើតឡើងក្នុងមូលដ្ឋាននេះបាទទេ នៅថ្ងៃទី១១ ខែសីហា។

យ៉ាងណាលោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ ដែលទើបទទួលតំណែងថ្មីៗនេះ ក៏មិនធ្វើអត្ថាធិប្បាយពីសកម្មភាពរថយន្តដឹកដីចាក់លុបអូរ ឬចាក់លុបចំណីឆេរសមុទ្រ ដើម្បីសង់សណ្ឋាគារ ឬសំណង់ផ្សេងៗ នាខេត្តទេសចរណ៍នេះទេ។ ប៉ុន្តែលោកបានព្រមានថា រាល់ការបំពុលបរិស្ថាន ឬកាដឹកដីឆ្លងកាត់ក្រុង របស់ឈ្មួញ នាំឲ្យប៉ះពាល់ដល់អនាម័យបរិស្ថាន និងមិនបានស្ដាប់តាមការណែនាំរបស់អាជ្ញាធរ នឹងមានវិធានការផាកពិន័យក្រុមហ៊ុនដឹកដីទាំងនោះ។

លោក សុធារិទ្ធ ឲ្យដឹងថា បច្ចុប្បន្ន មន្ទីរកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីថែរក្សាសោភណភាពអនាម័យ និងបរិស្ថានខេត្តទេសចរណ៍មួយនេះឲ្យបានប្រសើរថែមទៀត៖ «កន្លងមកយើងបានផាកពិន័យចំពោះក្រុមហ៊ុនទាំងឡាយណាដែលដឹកដី ឬថ្ម មិនគ្របកៅស៊ូតង់ឲ្យបានត្រឹមត្រូវ ដែលបានធ្វើកិច្ចសន្យារួចហើយ ប៉ុន្តែមិនបានអនុវត្តន៍ ដោយផាកពិន័យចំនួន ១លានរៀលក្នុងមួយក្រុមហ៊ុន និងបង់ចូលរដ្ឋ គឺបង់ទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថ»។

ចំណែកលោក ប្រាក់ សមប្រាថ្នា ប្រធានមន្ទីររ៉ែ និងឋាមពលខេត្តព្រះសីហនុ ថ្លែងថា រាល់សកម្មភាពដឹកដីចាក់លុបអូរ ឬសមុទ្រ មិនស្ថិតក្រោមការគ្រប់គ្រងរបស់លោកទេ។ លោកថា សិទ្ធិអំណាចរបស់លោក គឺមានសិទ្ធិត្រឹមអនុញ្ញាតច្បាប់ជូនក្រុមហ៊ុនជីកយកអាចម៍ដីនៅតាមតំបន់ផ្សេងៗ ដោយស្របច្បាប់តែប៉ុណ្ណោះ។

លោកថា ខេត្តព្រះសីហនុ មន្ទីរបានអនុញ្ញាតឲ្យក្រុមហ៊ុន១ទេ មានសិទ្ធិជីកកាយដីភ្នំ ដើម្បីធ្វើអាជីវកម្ម៖ «ការងារខ្ញុំ គឺមិនពាក់ព័ន្ធសកម្មភាពដឹកដីដើម្បីយកទៅចាក់ទីតាំងណាមួយនោះទេ គឺពាក់ព័ន្ធទៅលើរណ្ដៅដីដែលមន្ទីរបានអនុញ្ញាតតែប៉ុណ្ណោះ។ ប៉ុន្តែបើអាចម៍ដីទាំងនោះក្រុមហ៊ុនដឹកយកទៅចាក់នៅទីកន្លែងណាខ្ញុំមិនទទួលខុសត្រូវទេ វាជាការងាររបស់អាជ្ញាធរដែនដីនីមួយៗ ត្រូវទទួលខុសត្រូវ។ ក្នុងសកម្មភាពឈូសឆាយដីនៅក្នុងដីឡូត៍ គឺខាងមន្ទីរខ្ញុំមិនមានសិទ្ធិអារកាត់នោះទេ»។

យ៉ាងណាក៏ដោយ មន្ត្រីសង្គមស៊ីវិល ប្រជាពលរដ្ឋ និងមន្ត្រីបក្សប្រឆាំងជាដើម បានរិះគន់ថា សកម្មភាពរថយន្តដឹកដីភ្នំ ចាក់លុបអូរធម្មជាតិ ពិសេសចាក់ដីរំលោភយកចំណីឆ្នេរសមុទ្រ នៃការដ្ឋានសណ្ឋាគារលំដាប់ផ្កាយឈ្មោះ ស៊ីហ៊ូ អ៊ិនធើណេសិនណល ដែលមានថៅកែជនជាតិចិន ជាអ្នកវិនិយោគនោះ បានអនុវត្តផ្ទុយរដ្ឋធម្មនុញ្ញ ហើយសកម្មភាពល្មើសនេះ អាចធ្វើសកម្មភាពទៅបាន ក៏អាចទំនងជាមានការឃុបឃិត ឬសំណូកពុករលួយផ្ដើមដោយថ្នាក់ដឹកនាំ ឬមន្ត្រីនៅតាមមន្ទីរពាក់ព័ន្ធខ្លះនាខេត្តព្រះសីហនុ ទើបអាជ្ញាធរគ្មានវិធានការបង្ក្រាប។

រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា បានកំណត់ថា ដីភ្នំ បឹងបួ ទន្លេ ព្រែក អូរ សមុទ្រ ឆ្នេរ និងកោះ ជាដើម គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលត្រូវរួមគ្នាការពារឲ្យបានគង់វង្ស។ ទោះជាបែបនេះក្តី នៅមូលដ្ឋានខេត្តព្រះសីហនុ ដីភ្នំ កោះ បឹងធម្មជាតិ ដីឆ្នេរ និងដីកោះជាដើម ត្រូវឈ្មួញមានទ្រព្យធន និងមន្ត្រីមានអំណាចមួយចំនួនក្នុងជួររដ្ឋាភិបាលបច្ចុប្បន្ន បានប្រើប្រាស់គ្រប់រូបភាពដើម្បីរំលោភកាន់កាប់ធ្វើកម្មសិទ្ធិ ហើយសកម្មភាពនេះ អាជ្ញាធរឆ្លើយថា មានច្បាប់អនុញ្ញាតត្រឹមត្រូវ ឬបានបង់ពន្ធជូនរដ្ឋគ្រប់ចំនួនជាដើម៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *