សកម្មភាពដឹកជញ្ជូនឈើនៅក្នុងខេត្តស្ទឹងត្រែង នៅតែបន្តកើតមាន

ខេត្តស្ទឹងត្រែង៖ សកម្មភាពដឹកជញ្ជូនឈើនៅក្នុងខេត្តស្ទឹងត្រែង នៅតែបន្តកើតមាន សកម្មភាពល្មើសច្បាប់នោះ បានញ៉ាំងឲ្យសមត្ថកិច្ចចុះបង្ក្រាប និងរឹបអូសរថយន្តដឹកឈើ៦គ្រឿង ព្រមទាំងម៉ូតូដឹកឈើ១០គ្រឿង យកមកទុកជាសម្បត្តិរដ្ឋ។

ការបង្ក្រាបនេះ បានធ្វើឡើងក្រោមកិច្ចសហការរវាង កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងរដ្ឋបាលព្រៃឈើខេត្ត ដឹកនាំបញ្ជាដោយផ្ទាល់ ពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី នៅម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣មីនា២០១៨នេះ នៅលើដងផ្លូវជាតិ លេខ៧ ស្ថិតក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែងឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងក្រោមបទបញ្ជា ពីអគ្គបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ផងនោះទៀត។

លោកថា ក្រោយការបង្ក្រាប និងរឹបអូស វត្ថុតាងបទល្មើស រថយន្តដឹកជញ្ជូនឈើឆ្លងខេត្តទាំង៦គ្រឿង និងម៉ូតូដឹកឈើ១០ គ្រឿង ត្រូវបានធ្វើកំណត់ហេតុផ្ទេរប្រគល់ទៅឲ្យមន្ត្រីព្រៃឈើខេត្ត ចាត់ការទៅតាមនីតិវិធីច្បាប់។

លោកឧត្តមសេនីយ៍មេបញ្ជាការអាវុធហត្ថខេត្ត បានបញ្ជាក់ថា លោកនឹងបន្តបង្ក្រាបជំនួញឈើនេះជាបន្តទៀត ហើយលោកបានស្នើដល់អ្នកសារព័ត៌មានក្នុងខេត្ត ឲ្យសហការរួមគ្នាផ្តល់ព័ត៌មាន ដើម្បីបង្ក្រាបជំនួញឈើខុសច្បាប់នេះ៕

Loading...