សកម្មភាពដឹកឈើគ្មានសម្រាកសោះឡើយសម្រាប់ខេត្តស្ទឹងត្រែងទៅខេត្តរតនគិរី

ប្រភពព័ត៌មាន​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា បើទោះបី​បច្ចុប្បន្ន​ស្រុក​សៀម​ប៉ាង កំពុង​ប្រឈម​នឹង​គ្រោះទឹកជំនន់​យ៉ាងណាក៏ដោយ ក៏​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​ច្រើន​នាក់​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ចូលទៅ​ខេត្តរតនគិរី ហើយ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ យ៉ាង​គឃ្លើន​។

ការដែល​ឈ្មួញ​ទាំងនោះ​អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ចូលទៅ​ខេត្តរតនគិរី យ៉ាង​រលូន​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក មាស សុ​ផុន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ផងដែរ​។ ចំណែក​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង បាន​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​ចាត់វិធានការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យ​ស្របទៅតាម​បទបញ្ជា​លេខ​០០២ របស់​រាជរដ្ឋាភិបាល​នោះទេ​។ ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​ដែល​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តស្ទឹងត្រែង ច្រើនជាងគេ​គឺ​ឈ្មួញ​ឈ្មោះ ហែម សុ​មុនី ហៅ​ម៉ៅ ដែលជា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​កំពុង​ឈរជើង​នៅក្នុង​ខេត្តស្ទឹងត្រែង​។

បន្ទាប់មក​គឺ​ឈ្មួញ​ឈ្មោះ កាង ឈ្មួញ​ឈ្មោះ ម៉ុ​ច ឈ្មួញ​ឈ្មោះ ហេង ឈ្មួញ​ឈ្មោះ ទូ និង​ឈ្មួញ​យួន​ឈ្មោះ ឌុ​ង ដែល​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តស្ទឹងត្រែង ចូលទៅ​ខេត្តរតនគិរី និង​ខេត្តក្រចេះ យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ទន្ទឹមនឹងនេះ​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ ហែម សុ​មុនី ហៅ​ម៉ៅ និង​ឈ្មួញ​ឈ្មោះ កាង ដែលមាន​ខ្នងបង្អែក​រឹងមាំ​តែងតែ​ប្រើ​អំណាច​គំរាមកំហែង​លើ​អ្នកសារព័ត៌មាន​ដែល​ហ៊ាន​ថត​យក​សកម្មភាព​រប​ស់​ពួកគេ​នៅពេល​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​។ ​សមត្ថកិច្ច​ក្នុង​ខេត្តស្ទឹងត្រែង មួយចំនួន​បាន​ឲ្យ​ដឹងថា លោក មាស សុ​ផុន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង បានចាត់ទុក​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន ហើយ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង គឺជា​អ្នក​បើកដៃ​ឲ្យ​លោក មាស សុ​ផុន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ដូច្នេះហើយ​ទើប​ឈ្មួញ​ឈ្មោះ ហែម សុ​មុនី ហៅ​ម៉ៅ ព្រមទាំង​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​ច្រើន​នាក់​ទៀត​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ចូលទៅ​ខេត្តរតនគិរី និង​ចូលទៅ​ខេត្តក្រចេះ យ៉ាង​រលូន​ដោយ​គ្មាន​ការរំខាន​ពី​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះទេ​។

ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម មិនគួរ​មើលរំលង​អំពើពុករលួយ​របស់​និង​ភាព​អសកម្ម​របស់​មេ​រដ្ឋបាល​ព្រៃឈើ និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង នោះឡើយ​។

ទន្ទឹមនឹងនេះ​មានការ​រិះគន់​ចំៗ​ថា​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​ឈរជើង​បំពេញបេសកកម្ម​ក្នុង​ខេត្តស្ទឹងត្រែង មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះឡើយ ហើយ​សម្ងំ​ទទួលផល​ប្រយោជន៍​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​ ៕

Loading...