សង្ក្រានឆ្នាំថ្មីប្រពៃណីជាតិរយះពេល៣ថ្ងៃ ខេត្តស្ទឹងត្រែងទទួលបានទេសចរជាតិ និងអន្តរជាតិជាង៤ម៉ឺននាក់ 

ខេត្តស្ទឹងត្រែង៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៤ម៉ឺននាក់ ត្រូវគេឃើញថា បាននាំគ្នាចូលមកស្នាក់នៅតាម សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីដ្ឋាន ដើម្បីដើរលំហែរកាយ កំសាន្តសប្បាយ នៅតាមតំបន់រមណីដ្ឋាននានាជាច្រើនកន្លែង នាឧិកាសបុណ្យចូលឆ្នាំថ្មី ប្រពៃ ណីជាតិ រយះពេល៣ថ្ងៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃ១៤មេសា ដល់ថ្ងៃ១៦មេសា២០១៨។

មេឃុំភ្លុក និងជាប្រធានសហគមន៍ទឹកឈូជួរចាប លោក ទួន ថាំង បានប្រាប់ឲ្យដឹងថា រមណីដ្ឋានទឹកឈូជួរចាប បានបើកដំណើរការ៣ឆ្នាំមកហើយ និងនៅឆ្នាំនេះភ្ញៀវទេសចរ ហាក់មានការកើនឡើងទ្វេរដង។ លោកថា នៅឆ្នាំកន្លងទៅ រមណីដ្ឋានទឹកឈូជួរចាប មានតែ១២០កញ្ចុះប៉ុណ្ណោះ រីឯឆ្នាំនេះលោកបានពង្រីក៤០កញ្ចុះន្ថែមទៀត មានន័យថា មានរហូតដល់ទៅ១៦០កន្លែង សំរាប់ទទួលភ្ញៀវទេសចរ ដែលចូលមកកំសាន្តនៅទីនេះ ហើយនៅតែរកកន្លែងឲ្យភ្ញៀវអង្គុយលេង និងទស្សនាទេសភាពដងទន្លេមេគង្គ និងសេកុងស្ទើរតែមិនបានជាដដែល។ លោកមេឃុំបានបញ្ជាក់ថា ចំពោះសន្តិសុខនោះវិញ សហគមន៍បានពង្រឹងកម្លាំង ដើម្បីដាក់យាមកាម និងការពារបានយ៉ាងល្អ ទាំងផ្នែកខាងក្រោម និងខាងលើ ដើម្បីធានាលើការបាត់បង់មធ្យោបាយ សម្ភារៈ និងគ្រោះថ្នាក់ផ្សេងៗ ចំណែក ឯតម្លៃនោះវិញ ចំពោះមុខម្ហូប គឺមិនមានតម្លើងថ្លៃនោះទេ តែតម្លៃកញ្ចុះអង្គុយ ថ្ងៃធម្មតាតម្លៃ១ម៉ឺនរៀល និងនៅថ្ងៃបុណ្យ២ម៉ឺនរៀលសំរាប់១ថ្ងៃ។

តំណាងសហគមន៍ទេសចរសម្រស់ធម្មជាតិទន្លេមេគង្គ បានរៀបរាប់ឲ្យដឹងថា នៅក្នុងឧិកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលបានផ្តើមឡើង ពីថ្ងៃ១៤មេសា ដល់ថ្ងៃ១៦មេសា២០១៨នោះ ភ្ញៀវបានសម្រុកមកកំសាន្តនៅ សហគមន៍ទេសចរនេះ មានសន្ទុះកើនឡើងគួរឲ្យកត់សំគាល់។ លោកថា ភ្ញៀវដែលមកកំសាន្តនៅទីនេះ ថ្ងៃធម្មតាជាមធ្យមមានចាប់ពី៣០ទៅ៤០នាក់ ថ្ងៃឈប់សំរាកសៅរ៍ និអាទិត្យ ជាមធ្យមមានប្រហែល៨០នាក់ ចំពោះថ្ងៃបុណ្យទាននោះវិញ មានមិនក្រោមពី៥០០នាក់នោះទេក្នុង១ថ្ងៃ។ លោកបានអំពាវនាវដល់ ប្រជាពលរដ្ឋ អ្នកទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកកំសាន្តរមណីដ្ឋានសម្រស់ធម្មជាតិទន្លេមេគង្គនេះឲ្យបានកុះករ ដោយលោកបានអះអាងថា នឹងធានាសុវត្ថិភាព ជូនអ្នកទេសចរ មិនឲ្យមានការព្រួយបារម្ភនោះទេ ព្រោះរមណីដ្ឋាននេះ លក់ម្ហូបអាហារក្នុងតម្លៃសមរម្យ និងបានដាក់កម្លាំងការពារសន្តិសុខ ជូនភ្ញៀវបានយ៉ាងប្រសើរ។
អ្នកទេសចរដែលចូលមកកំសាន្តខេត្តស្ទឹងត្រែង បានអះអាងថា ចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ មានការសប្បាយជាងឆ្នាំមុន ព្រោះខេត្តនេះបានរៀបចំឲ្យមានព្រឹត្តិការសង្ក្រានឆ្នាំថ្មី និងអ្វីដែលពិសេសជាងនេះទៀតនោះ គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ប្រជាពលរដ្ឋចេះគោរព ស្រឡាញ់គ្នា ហើយមានការយោគយល់គ្នាទៅវិញទៅមក នៅក្នុងពេលធ្វើដំណើរ។

ប្រធានមន្ទីរទេសចរខេត្តស្ទឹងត្រែង លោកអ៊ន់ ប៉ោសឿន បានអះអាងថា សំរាប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ រមណីដ្ឋាននៅខេត្តស្ទឹងត្រែងទាំងអស់ នឹងរង់ចាំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានទាំងរមណីដ្ឋានចាស់ និងទើបបង្កើតថ្មីផងនោះដែរ មានដូចជា សហគមន៍ព្រះរំកិល បុរីអូរស្វាយ អូរឬស្សីកណ្តាល កោះព្រះ និងកោះហាន រមណីដ្ឋានកោះខ្សាច់សេកុង ជួរវែង សាមឃួយថ្មដា បក្សីមេគង្គ បុប្ផាភ្លុក កោះខេ កោះខាំផាន់ កោះភ្ញៀវ ចំការក្រូច រមណីដ្ឋានសេសានពីរ កោះខនឌិន កោះក្រមួន ទឹកឈូសេកុង កោះសំរោង សម្រស់ទន្លេសៀមប៉ាង បុប្ផារីកកែងញ៉ៃ និងរមណីដ្ឋានអូររបាំងផ្តើមស្នេហ៍ជាដើម។

លោកអ៊ន់ ប៉ោសឿន បានបញ្ជាក់ថា អ្នកចូលមកកំសាន្តក្នុងខេត្តស្ទឹងត្រែង រយះពេល៣ថ្ងៃកន្លងមក ក្នុងឆ្នាំ២០១៨នេះ មានការកើនឡើងជាងឆ្នាំ២០១៧ ដោយភ្ញៀវជាតិមានចំនួន ៤ម៉ឺន ៥៥១នាក់ «៤០,៥៥១» កើនឡើង១ពាន់៧៧៩ នាក់ ស្មើនឹង ៤,៥៨ភាគរយ ឯភ្ញភ្ញៀវអន្តរជាតិ មានចំនួន ៥៣នាក់ ថយចុះ ២ពាន់៧២៤នាក់ ស្មើនឹង -៩៨,០៩ភាគរយ ដូច្នេះ ក្នុងរយះពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានចំនួន ៤ម៉ឺន ៦០៤នាក់ «៤០,៦០៤នាក់» កើនឡើង៥ភាគរយ។ លោកបញ្ជាក់ទៀតថា នេះគឺជាជោគជ័យថ្មីមួយទៀត សម្រាប់វិស័យទេសចរណ៍នៅខេត្តស្ទឹងត្រែង ដែលធ្វើឲ្យមន្ទីរសំរេចបាន ទៅតាមផែនការដែលបានគ្រោងទុក និងជាការចង់បាន របស់ក្រសួងទេសចរផងនោះដែរ៕

 ​

 

Loading...