សង្គមស៊ីវិលបារម្ភខ្លាចឧកញ៉ាពាក់ព័ន្ធរឿងរកស៊ីឈើត្រូវរួចផុតពីសំណាញ់ច្បាប់

សង្គមស៊ីវិលដែលធ្វើការងាររឿងធនធានធម្មជាតិ នៅតែបារម្ភពីប្រសិទ្ធភាពនៃចំណាត់ការរបស់រាជរដ្ឋាភិបាលចំពោះការ បង្ក្រាបជនល្មើស ឬឧក្រិដ្ឋជនព្រៃឈើ។ ពួកគេបារម្ភខ្លាចក្រែងអ្នកពាក់ព័ន្ធ ពិសេសឧកញ៉ាមួយចំនួនត្រូវបានរួចផុតពីចាប់យកទៅផ្ដន្ទាទោស ដោយសារពួកគេមានខ្នង មានអំណាច។ យ៉ាងណាអ្នកនាំពាក្យកងរាជអាវុធហត្ថ ប្រាប់ទៅសង្គមស៊ីវិលកុំឱ្យមានក្តីបារម្ភចំពោះបញ្ហានេះ។
ក្តីបារម្ភរបស់មន្ត្រីសង្គមស៊ីវិលកើតមានឡើង ក្រោយពេលពួកគេមើលឃើញថា វិធានការរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅមិនទាន់ចេញជាផ្លែផ្កាក្រោមហេតុផលថា សមត្ថកិច្ចកំពុងស៊ើបអង្កេត។ មិនតែប៉ុណ្ណោះ ពួកគេបារម្ភថា ពាក្យស៊ើបអង្កេតអាចនឹងប្រើសម្រាប់ពន្យារពេលដើម្បីឱ្យមន្ត្រី ឬឧកញ៉ា ដែលពាក់ព័ន្ធបទល្មើសឈើទាំងនោះរួចផុតពីការចាប់ខ្លួន។
ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង មានប្រសាសន៍ថា មកទល់ពេលនេះ ការងាររបស់គណៈកម្មាធិការជាតិមួយនេះ នៅតែស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយ។ លោកថា បើទោះជាមានមន្ត្រី ឧកញ៉ាមួយចំនួន ត្រូវបានគេស្គាល់ច្បាស់ថា ជាម្ចាស់ឈើ និងឃ្លាំងស្តុកឈើទាំងនោះក៏ដោយ។ លោកបន្ថែមថា ការពន្យារពេលបែបនេះ ធ្វើឱ្យលោកមិនមានសង្ឃឹមឡើយ ថាឧកញ៉ាទាំងនោះអាចជាប់គុកបាន៖ «ព្រោះ គេមានលុយមានអំណាច មានខ្នងការពារយ៉ាងក្រាស់ឃ្មឹក សូម្បីតែឯកឧត្ដម សៅ សុខា មិនហ៊ានចាត់វិធានការនៅតែបើការស៊ើបអង្កេត»។
អស់រយៈពេលជាង ១ខែមកហើយ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានបង្កើតឡើង។ ក្រោយពេលគណៈកម្មការនេះបង្កើតឡើងកាលពីថ្ងៃទី១៥ ខែមករា ពួកគេបានរកឃើញគំនរឈើរាប់ពាន់ម៉ែត្រគូប និងរាប់រយដើម ព្រមទាំងឃ្លាំងស្តុកឈើជាច្រើនកន្លែង ប៉ុន្តែមិនទាន់ឃើញមានការចាប់ខ្លួនម្ចាស់ឈើទាំងនោះឡើយ ក្រោមហេតុផលថា កំពុងស្រាវជ្រាវ ដោយមិនទាន់បញ្ចេញរបាយការណ៍បញ្ជាក់ថាជារបស់ជនណា ហើយឈើទាំងនោះមានចំនួនប៉ុន្មានទេ។
យ៉ាងណា ម្ចាស់ឈើទាំងនោះខ្លះត្រូវបានសារព័ត៌មាននៅក្នុងស្រុក បញ្ជាក់ចំឈ្មោះតែម្ដង ដូចជាឃ្លាំងឈើនៅឃុំដា ស្រុកមេមត់ គឺជារបស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា ហើយឃ្លាំង និងរថយន្តដឹកឈើខ្លះទៀតជារបស់ឧកញ៉ា ស៊ឹង សំអុល ព្រមទាំងឃ្លាំងឈើ និងឈើដែលត្រូវបានគេយកទៅជីកដីកប់នៅស្រុកអូររាំងឪ គឺជារបស់ឧកញ៉ាថៃ។ បន្ថែមពីនេះ កន្លែងស្តុកឈើខ្លះទៀតនៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនវៀតណាម ថៅកែវៀតណាម និងក្រុមហ៊ុន លោក ទ្រី ភាព ជាដើម។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យកងរាជអាវុធហត្ថ លោក អេង ហ៊ី មានប្រសាសន៍នៅថ្ងៃទី១៨ ខែកុម្ភៈ ថា ដំណើរការចុះបង្ក្រាប និងស៊ើបអង្កេតនៅតែបន្តដដែល ប៉ុន្តែមិនទាន់អាចបង្ហាញរបាយការណ៍បានទេ។ លោកថែមទាំងប្រាប់ទៅមន្ត្រីសង្គមស៊ីវិល សុំកុំឱ្យបារម្ភចំពោះបញ្ហានេះ ព្រោះមន្ត្រីគណៈកម្មការជាតិ ប្ដេជ្ញាចិត្តខ្ពស់ចំពោះការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដើម្បីឱ្យស្របទៅតាមការសម្រេចរបស់ រាជរដ្ឋាភិបាល។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះមន្ត្រី ឬឧកញ៉ាមួយចំនួន ប្រសិនបើរកឃើញថា ពួកគេពាក់ព័ន្ធបទល្មើសព្រៃឈើ។
លោក អេង ហ៊ី៖ «បាទ! ព្រោះនៅក្នុងច្បាប់របស់យើងក៏មានចែង ជាពិសេសនៅក្នុងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលក៏បានចែងដែរ»។
ទោះជាយ៉ាងនេះក្តី សង្គមស៊ីវិលនៅតែទាមទារឱ្យរាជរដ្ឋាភិបាលបំពេញការងារដោយតម្លាភាព និងការទទួលខុសត្រូវ ជៀសវាងធ្វើឱ្យសាធារណជនបាត់បង់ជំនឿទុកចិត្ត។
ជាមួយគ្នានេះ លោក អ៊ូច ឡេង ក៏ត្រៀមនឹងបញ្ចេញរបាយការណ៍របស់ខ្លួនចំពោះជនដែលពាក់ព័ន្ធបទល្មើស ព្រៃឈើនៅស្រុកខ្មែរ ដែលមានប្រមាណ ៤ពាន់នាក់ ក្នុងនោះមានទាំងអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ទាហាន ឧកញ៉ា និងមន្ត្រីរដ្ឋាភិបាលជាដើម។
ឈ្មួញរកស៊ីឈើ ឬធនធានធម្មជាតិនៅស្រុកខ្មែរខ្លះ រកស៊ីរហូតបានងារជាឧកញ៉ា មហាសេដ្ឋី មានទ្រព្យសម្បត្តិវល់លាន ចំណែកសកម្មជនការពារធនធានធម្មជាតិពិតប្រាកដបានត្រឹមរត់ចោលស្រុក រងការគំរាមកំហែងពីអាជ្ញាធរ ឬឈ្មួញ ហើយខ្លះទៀត ត្រូវបានគេចាប់ដាក់គុក ឬក៏ត្រូវបានគេសម្លាប់ប៉ុណ្ណោះ។ ជាងនេះទៀត ប្រសិនបើសកម្មជនការពារធនធានធម្មជាតិទាំងនោះ ទទួលបានពានរង្វាន់លើកទឹកចិត្តវិញ គឺមិនមែនរាជរដ្ឋាភិបាលផ្ដល់ឱ្យទេ ប៉ុន្តែគឺជនបរទេសជាអ្នកផ្ដល់ឱ្យ។ បញ្ហានេះ ធ្វើឱ្យសកម្មជនការពារព្រៃឈើខ្លះ អស់សង្ឃឹម ហើយងាកទៅចូលដៃជាឈ្មួញឈើថែមទៀតផង៕

4334

Loading...

Leave a Reply

Your email address will not be published. Required fields are marked *