សង្គមស៊ីវិលស្នើក្រសួងកសិកម្មជួយថែរក្សាដីគម្របព្រៃឈើ

ខេត្តព្រះសីហនុ ៖មន្ត្រីសង្គមស៊ីវិលឃ្លាំមើលការអភិវឌ្ឍសង្គម បង្ហាញការព្រួយបារម្ភខ្លាចបាត់បង់ដីគម្របព្រៃឈើឆ្នាំ២០០២ ដែលរដ្ឋាភិបាលបានរក្សាទុកនាខេត្តព្រះសីហនុ ដោយសារសកម្មភាពទន្ទ្រានកាន់កាប់ធ្វើកម្មសិទ្ធិអនាធិបតេយ្យពីបុគ្គល មួយចំនួន។ បញ្ហានេះ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ ព្រមានថា អ្នកជាប់ពាក់ព័ន្ធទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើដែលរដ្ឋបានហាម ឃាត់ នឹងប្រឈមមុខផ្លូវច្បាប់។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ខេត្ត ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បានឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ថា ដីគម្របព្រៃឈើឆ្នាំ២០០២ ដែលរដ្ឋាភិបាលបានរក្សាទុកមានទីតាំងនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ត្រូវបុគ្គលមួយចំនួនកាប់ និងដុតបំផ្លាញដើមឈើ ហើយហ៊ុមព័ទ្ធរបងធ្វើកម្មសិទ្ធិស្ទើររលាយហិនហោច។
លោកព្រួយបារម្ភថា គម្របព្រៃឈើនាតំបន់នេះ នឹងត្រូវវិនាសហិនហោច ប្រសិនបើអាជ្ញាធរខេត្តព្រះសីហនុ ទប់ស្កាត់មិនបានទាន់ពេលវេលាទេ។ លោក ប៊ួន ណារិទ្ធិ ដែលបានចុះពិនិត្យដល់ទីតាំងមានសកម្មភាពរានដីគម្របព្រៃឈើ នាភូមិគគីរ ឃុំបិតត្រាំង បានស្នើឲ្យ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ពិសេសរដ្ឋមន្ត្រីក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ជាដើម ជួយមានវិធានការទប់ស្កាត់បទល្មើសនេះឲ្យបានទាន់ពេល ព្រោះសព្វថ្ងៃនេះមានទាំងពលរដ្ឋសាមញ្ញ ឈ្មួញមានងារជាឧកញ៉ា និងមន្ត្រីមានអំណាច បន្តមានមហិច្ឆតារំលោភកាន់កាប់ដីនាបរិវេណគម្របព្រៃឈើធ្វើ កម្មសិទ្ធិ៖ «គម្របព្រៃឈើនៅចុងឆ្នេរបិតត្រាំង ស្ថិតក្នុងឃុំបិតត្រាំង យើងសង្កេតឃើញថា ទីតាំងដីបរិវេណនេះកំពុងរងនូវការកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ ហើយមានបុគ្គលមួយចំនួនបានបោះបង្គោលកំណត់ទីតាំងដីជាឡូៗថែមទៀត។ ដូច្នេះយើងសង្កេតឃើញថា ដីគម្របព្រៃឈើនៅភូមិគគីរ ឃុំបិតត្រាំង ចាប់ផ្តើមរលាយហិនហោចហើយពេលនេះ បើអាជ្ញាធរស្ថាប័នពាក់ព័ន្ធទប់ស្កាត់មិនមានប្រសិទ្ធភាព»។
ចំណែក លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ស្ថាប័ន ពិសេសអភិបាលខេត្តព្រះសីហនុ ជួយដាក់កម្លាំងទប់ស្កាត់សកម្មភាពកាប់បំផ្លាញគម្របព្រៃឈើទន្ទ្រាន ដីធ្វើកម្មសិទ្ធិឲ្យមានប្រសិទ្ធភាព ព្រោះភាពអនាធិបតេយ្យទាំងនេះកំពុងកើតមានរាល់ថ្ងៃ៖ «ក្នុង នាមសង្គមស៊ីវិល យើងសាទរចំពោះការចុះអនុវត្តទប់ស្កាត់សកម្មភាពកាប់រានដីគម្របព្រៃ ឈើឆ្នាំ២០០២ របស់ស្ថាប័នជំនាញរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ ដែលចុះធ្វើកិច្ចសន្យាមិនឲ្យពលរដ្ឋកាប់បំផ្លាញដើមឈើក្នុងបរិវេណ គម្របព្រៃឈើ នាភូមិគគីរ ឃុំបិតត្រាំង។ យើងស្នើឲ្យសមត្ថកិច្ចស្ថាប័ននេះ មានវិធានការជាបន្តបន្ទាប់ ដើម្បីថែរក្សាគម្របព្រៃឈើដែលរដ្ឋបានរក្សាទុកនៅតំបន់នេះឲ្យ បានគង់វង្ស។ ស្នើឲ្យសមត្ថកិច្ច អនុវត្តទៅតាមផ្លូវច្បាប់ឲ្យមានប្រសិទ្ធភាពចំពោះជនប្រព្រឹត្តិ ទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើនៅខេត្តព្រះសីហនុ ឲ្យបានគង់វង្ស»។
ទាក់ទិនបញ្ហានេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា បានដាក់បទបញ្ជាទៅមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តនេះ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យទប់ស្កាត់សកម្មភាពទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើនៅ ភូមិគគីរ ឃុំបិតត្រាំង រួចហើយ។ លោកស្នើដល់ផ្នែកពាក់ព័ន្ធ ត្រូវចូលរួមសហការទប់ស្កាត់បទល្មើសកាន់កាប់ដីគម្របព្រៃឈើនៅភូមិ គគីរ ឃុំបិតត្រាំង ជាមួយអាជ្ញាធរខេត្តឲ្យបានទាំងអស់គ្នា។
ឆ្លើយតបបញ្ហានេះ លោក ឌី សុភី នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ ឲ្យដឹងថា ស្ថាប័នបានចុះឃ្លាំមើលសកម្មភាពទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើ នាភូមិគគីរ ឃុំបិតត្រាំង ជាប្រចាំ។ ជាងនេះ កាលពីថ្ងៃទី១៩ ខែកុម្ភៈ បាននាំខ្លួនប្រជាពលរដ្ឋចំនួន ៥នាក់ ដែលបានចូលទៅស៊ីឈ្នួលកាប់ព្រៃក្នុងបរិវេណដីគម្របព្រៃឈើនាភូមិ គគីរ ឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពកាប់ព្រៃនៅតំបន់នេះ។ លោក ឌី សុភី បានព្រមានថា នឹងចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ បើប្រជាពលរដ្ឋ ឬបុគ្គលណាមួយនៅបន្តមានមហិច្ឆតាទន្ទ្រានកាន់កាប់ ឬចូលទៅកាប់រានដីគម្របព្រៃឈើដែលរដ្ឋបានហាមឃាត់នាមូលដ្ឋាន ភូមិគគីរ ឃុំបិតត្រាំង នាពេលខាងមុខ៖ «មន្ត្រី ជំនាញនឹងចាប់ឃាត់ខ្លួនបុគ្គលទាំងឡាយណាដែលចូលទៅកាប់ព្រៃគម្រប ព្រៃឈើ នៅភូមិគគីរ ឃុំបិតត្រាំង ដោយមិនឲ្យធ្វើកិច្ចសន្យាទៀតទេ។ ខ្ញុំបានសួរនាំពលរដ្ឋដែលចូលទៅស៊ីឈ្នួលកាប់ព្រៃឲ្យគេ នាទីតាំងដីគម្របព្រៃឈើនោះ គឺគេនិយាយថា ត្រូវម្ចាស់ដីរស់នៅភ្នំពេញជួលឲ្យមកកាប់ព្រៃក្នុងតំបន់រដ្ឋហាម ឃាត់នេះ។ យើងនឹងចាត់វិធានការតាមផ្លូវច្បាប់ បើមានជនល្មើសមកកាប់បំផ្លាញដីនៅតំបន់រដ្ឋហាមឃាត់នេះនាថ្ងៃខាង មុខ»។
បើទោះជាយ៉ាងណាក៏ដោយចុះ សព្វថ្ងៃនេះ ទីតាំងដីគម្របព្រៃឈើឆ្នាំ២០០២ មានទីតាំងនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវគេកាប់ព្រៃដុតរានយកដីធ្វើកម្មសិទ្ធិ និងមានហ៊ុមព័ទ្ធរបងដើម្បីដៅទីតាំងដីកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ។
ត្រង់ចំណុចនេះ មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួនចោទថា អ្នកជាប់ពាក់ព័ន្ធ ឬនៅពីក្រោយបទល្មើសរានគម្របដីព្រៃធ្វើកម្មសិទ្ធិនៅភូមិគគីរ ឃុំបិតត្រាំង មានទាំងមន្ត្រីបម្រើការងារនៅក្រោមឱវាទខេត្តព្រះសីហនុ និងមានមន្ត្រី ឬបុគ្គលខ្លះមានការងារ និងផ្ទះនៅរាជធានីភ្នំពេញ ហើយភាគច្រើនជាមន្ត្រីមានតួនាទីខ្ពស់ និងជាឈ្មួញមានទ្រព្យ ជាដើម៕

IMG05

Loading...

Leave a Reply

Your email address will not be published. Required fields are marked *