សង្វៀនជល់មាន់និងអាប៉ោងដុះស្លែរដ៏ធំមួយកន្លែងមិនមានសមត្ថកិច្ចចុះបង្ក្រាបឡើយ

ខេត្តត្បូងឃ្មុំ៖ ល្បីទៀតហើយសង្វៀនជល់មាន់និងអាប៉ោងព្រមទាំងយូគីដ៏ធំសម្បើមមួយកន្លែង នៅក្នុងខេត្តត្បូងឃ្មុំ កំពុងតែបើកឲ្យដំណើរការលេងយ៉ាងគគ្រឹកគគ្រេងសមត្ថកិច្ចមូលដ្ឋានសំងំស្ងាត់ឈឹង។

ខណ:មហាជនធ្វើការិះគន់និងលើកឡើងថាផ្ដើមចេញពីល្បែងស៊ីសងជាច្រើនប្រភេទ ដែលកំពុងរីករាលដាលយ៉ាងពេញបន្ទុកគឺនាំឲ្យកើតមានបទល្មើសផ្សេងៗជាច្រើនទៀត ដូចជាអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ និងអំពើចោរប្លន់ជាដើមដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គមនាពេលបច្ចុប្បន្ននេះ។

ប្រជាពលរដ្ឋបន្តការរិះគន់ថាសង្វៀនជល់មាន់ស្ថិតក្រោមស្លាកកាសុីណូពុំមាន(យីហោ)ច្បាស់លាស់វត្តមានការគ្រប់គ្រងដោយម្ចាស់មានខ្នងបង្អែកដ៏រឹងមាំ កំពុងតែបើកលេងភ្នាល់ជល់មាន់ មិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន ដែលគេអះអាងថា បានរត់ការបង់លុយឲ្យអស់គ្រប់សមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំ ទើបទីតាំងបទល្បែងស៊ីសងខាងលើនេះ បើកឲ្យលេងភ្នាល់ដាក់លុយបានយ៉ាងរលូន។

គេលេងភ្នាល់គ្នាក្នុង១គូៗ រាប់ពាន់ដុល្លារឯណោះ ជាងនេះទៅទៀតនោះមានអ្នកខ្លះលេងចាញ់លក់់អស់ឡាននិងរបស់របរគ្រឿងអលង្ការជាច្រើនថែមទៀត។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងបៀរ អាប៉ោង និងសង្វៀនបញ្ជល់មាន់ គឺស្ថិតនៅក្រោមស្លាកកាសុីណូដែលគ្មានស្លាកយីហោត្រឹមត្រូវនិងអនាធិបតេយ្យនៅចំណុចភូមិអន្លុងជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាប់និងផ្លូវជាតិលេខ៨A ក្នុងចំការកៅស៊ូ និងមួយកន្លែងផ្សេងទៀតនោះ ស្ថិតនៅក្រោយសណ្ឋាគារមួយកន្លែង។

ក្នុងនោះទីតាំងទាំងពីរខាងលើនេះគឺពួកអ្នកញៀនល្បែងបើកលេងជារៀងរាល់ថ្ងៃ រាល់ឆ្នាំមកហើយនោះ

ល្បែងបញ្ជល់មាន់ អាប៉ោងនិងយូគី លេងយ៉ាងគគ្រឹកគគ្រេងដោយពុំឃើញមានសមត្ថកិច្ចនិងអាជ្ញាធរចុះទៅបង្ក្រាបនោះឡើយ។

ទីតាំងសង្វៀនបញ្ជល់មាន់ដ៏ធំពីរកន្លែងខាងលើនេះបានធ្វើការបើកលេងជាច្រើនខែច្រើនឆ្នាំមកហើយ ហើយក៏មិនមានការរំខានដល់សមត្ថកិច្ចឬក៏អាជ្ញាធរនៅទីនោះឡើយ។

ដូច្នេះសូមឯកឧត្តម ជៀម ចាន់សោភ័ណ្ឌអភិបាលនៃគណះអភិបាលខេត្តត្បូងឃ្មុំ ជាពិសេសឯកឧត្តមស្នងការនគរបាលខេត្ត ប៉ែន រ័ត្ន នឹងឯកឧត្តម មេបញ្ជាការកងរាជអាវុធហត្ថខេត្ត វ៉ា សារិទ្ធិ មេត្តាចាត់វិធានការចុះទៅត្រួតពិនិត្យនឹងធ្វើការបង្រ្កាបផងទាន៕

 

Loading...