សង្វៀនជល់មាន់ និងអាប៉ោងដ៏ធំ នៅឃុំអង្គបុរី ស្រុកអង្គរបុរី ខេត្តតាកែវ បន្តលេង ក្រោមក្រសែភ្នែក លោកសុខ សំណាង

ខេត្តតាកែវ៖ ពលរដ្ឋ​ខេត្តតាកែវ ជាពិសេស​នៅក្នុងស្រុកអង្គរបុរីតែម្តង​ហាក់ដូចជាអស់ជំនឿទៅលើការដឹកនាំរបស់​លោកសុខ សំណាង ដែលជាស្នងការនគរបាលខេត្តតាកែវ ទទួលបន្ទុក​កិច្ចការ​ការពារសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ ស្របតាមគោលការណ៍ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព​៩ចំណុចរបស់រដ្ឋាភិបាល ដោយសារតែធ្វេសប្រហែល​បណ្តែតបណ្តោយ ឲ្យមានបនល្បែងស៊ីសងកើតមាន​ពាសវាលពាសកាល​ ស្ទើរគ្រប់ទីកន្លែងគ្មានការបង្ក្រាប ។ បនល្បែងស៊ីសងទាំងនោះ ជាប្រភព​នាំឲ្យសង្គមគ្រួសារ​បែកបាក់ ព្រាត់ប្រាស់គ្នា កើតមានអំពើចោរលួច ចោរប្លន់ អសន្តិសុខ​កើតឡើង​នៅក្នុងសង្គម ។

តាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ នៅក្នុងខែមិថុនា ឆ្នាំ២០២០នេះថា រាល់ថ្ងៃ ពលរដ្ឋមានការងឿងឆ្ងល់ជាមួយអាជ្ញាធរស្រុកអង្គបុរីជាខ្លាំង ដោយសារតែមិនមានឆន្ទៈបង្ក្រាបសង្វៀនជល់មាន និងល្បែងសុីសង អាប៉ោង ខ្លាឃ្លោក ។ល។ ពួកគេបន្តលេងយ៉ាងសស្រាក់សស្រាំ ភ្លេចបាយ ទឹក ទាំងថ្ងៃ យប់ មិនគិតថ្ងៃសៅរ៍ អាទិត្យអ្វីឡើយ និងគ្មានញញឹត​អាជ្ញាធរអីម៉ាតិច សង្ស័យថា មេបនល្បែងនៅទីនោះ​ត្រូវដងត្រូវផ្លែគ្នា បានសើមមាត់ក​អស់ហើយ ទើបមិនព្រមបង្ក្រាបយ៉ាងដូច្នេះ ។ ពលរដ្ឋរាយការណ៍ថា ចំណុចកើតមានបនល្បែងនេះ មានទីតាំងស្ថិតនៅឃុំអង្គបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ។

ពលរដ្ឋរាយការណ៍ថា យូរៗម្តង គេឃើញ​បុគ្គលស្លៀកពាក់ស៊ីវិលខ្លះ ក៏ដូចជាស្លៀកពាក់ឯកសណ្ឋាន​សមត្ថកិច្ច​ខ្លះ ទៅអឺតឈ្ងោក​ទីតាំងសង្វៀនជល់មាន់នេះដែរ ប៉ុន្តែមិនដឹងថា គេទៅធ្វើអ្វីខ្លះនោះទេ មិនយូរប៉ុន្មានក៏ចេញមកវិញ ទាំងទឹកមុខរីករាយ ។ ពួកគេប្រហែល​ទៅទទួកយកសំណែន​ពីម្ចាស់បនល្បែង​ក៏មិនដឹង ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅក្រោមការដឹកនាំរបស់លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បញ្ហាអសកម្មបានកើតឡើងជាបន្តបន្ទាប់ ។

គួររំលឹកថា គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ ចំណុចរួមមាន៖ គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ, គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់ គ្រឿងញៀនខុសច្បាប់, គ្មានអំពើអាណាចារ្យ ការជួញដូរស្ត្រីនិងកុមារ និងអំពើហិង្សាក្នុងគ្រួសារ, គ្មានក្មេងទំនើង, គ្មានការលេងល្បែងសីុសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់វុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, គ្មានគ្រោះថ្នាក់ចរាចរណ៍, គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតប ចំពោះគ្រោះមហន្តរាយ ប្រកបដោយ ប្រសិទ្ធិភាព និង គ្មានការត្រួតពិនិត្យខុសច្បាប់ ៕ ថាច់ យ៉ាត

Loading...