សង្វេគខ្លាំងណាស់ ជិតដល់ថ្ងៃចូលរោងការទៅ​ហើយ កូនកំលោះជួបគ្រោះថ្នាក់ចរាចរណ៍

ខេត្តកំពង់ចាម ៖ ដោយសារ​តែ​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ទៅ​ហើយ​នោះ កូនកំលោះ​បាន​ជិះ​ម៉ូតូ​យក​សៀវភៅ​គ្រួសារ​ទៅ​ឱ្យ​សមត្ថកិច្ចពិនិត្យ​ដើម្បី​ធ្វើ​លិខិតស្នើ​សុំ​រៀប​អាពាហ៍ពិពាហ៍ ស្រាប់តែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៨ មក​រា នៅ​ចំណុច​ភូមិ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ។ សំណាងល្អ​ដែរ​គ្រាន់តែ​របួសស្រាល ចំណែក​ជន​បង្ក​វិញ​រង​របួសធ្ងន់​សន្លប់​ម្នាក់ និង​បាក់ដៃ​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។

កូនកំលោះ​ឈ្មោះ រុន កុសល អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​ប្រឡោះ ឃុំ​អូ​ម្លូ ស្រុក​ស្ទឹង​ត្រង់ ប្រាប់​ថា គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​C១២៥​ពណ៌​ខ្មៅ តាម​ផ្លូវ​ចាក់​កៅស៊ូ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដើម្បី​ទៅ​បំពេញបែបបទ​លិខិត​រៀប​អាពាហ៍ពិពាហ៍​គឺ​បាន​ជិះ​ខាងស្តាំ​ដៃ​ត្រឹមត្រូវ​ក្នុង​ល្បឿន​មិនជា​លឿន​នោះ​ទេ ។ លុះ​ពេល​ជិះ​មក​ដល់​ត្រង់​ភូមិ​ព្រែក​កក់ ស្រាប់តែ​មាន​ម៉ូតូ​ចំនួន​៣​គ្រឿង​ជិះ​បញ្ច្រាសទិស​គ្នា​យ៉ាង​លឿន​មក​កៀរ​ម៉ូតូ​គាត់​ទាំង​កំរោល​តែ​ម្តង ។

អនាគត​កូនកំលោះ​រូប​នេះ​ប្រាប់​បន្ត​ថា ក្នុង​ពេល​នោះ​គាត់​បាន​បង្អង់​ម៉ូតូ​ហើយ​បាន​លោត​គេច​ចេញ​គ្រាន់តែ​ត្រូវ​របួស​ដៃ និង​ម៉ូតូ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​វៀច​កង់​ជិះ​មិនកើត ឯ​អ្នក​ជិះ​ម៉ូតូ​បង្ក​បាន​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​សន្លប់​ម្នាក់ និង​របួស​បាក់ដៃ​ម្នាក់ ។ ទោះបីជា​គាត់​ត្រូវ​របួស និង​ម៉ូតូ​រង​ការ​ខូចខាត​យ៉ាងណា​ក្តី​ក៏​គាត់​មិន​ប្តឹង​សមត្ថកិច្ច​ទាមទារ​សំណង​អ្វី​ឡើយ​គឺ​សុំ​តែ​រួចខ្លួន​សុខចិត្ត​ហៅ​រ៉ឺ​ម៉ក​ម៉ូតូ​មក​ដឹក​យក​ទៅ​ជាង​ជួសជុល​ដោយ​ខ្លួនឯង ព្រោះថា​ជិត​ដល់​ពេល​ដែល​ត្រូវ​ចូល​រោងការ​ផង ៕

Loading...