សង្ស័យចាប់រំលោភមិនបានសម្រេច ឃាតកក៏សម្លាប់ជនរងគ្រោះដើម្បីបំបិទម៉ាត់

ខេត្តរតនគិរី៖ សពយុវតីម្នាក់ត្រូវឪពុកម្តាយប្រទះឃើញនៅវាលស្មៅក្បែរតូបលក់ចាបហ៊ួយមុខផ្ទះរបស់ខ្លួន បន្ទាប់ពីពួកគេបានក្រោកពីដំណេកទាបភ្លឺទៅលក់បន្លែដូចសព្វមួយដង ឃើញភ្លើងភ្លឺក្នុងតូប តែមិនឃើញកូនស្រី។

ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីព្រលឹមថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៨នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។

សពយុវតីឈ្មោះ អាត សិញ អាយុ១៨ឆ្នាំជនជាតិគ្រឹង ជាសិស្សរៀនថ្នាក់ទី១២.A សាលាវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ដែលមានឪពុកឈ្មោះ ស៊ុត អាត អាយុ៤៣ឆ្នាំ នឹងម្តាយឈ្មោះ ប្រាង សល់ អាយុ៣៧ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

តាមការឲ្យដឹងពីឪពុកសពយុវតីរងគ្រោះបានឲ្យដឹងថា ជាធម្មតាកូនស្រីគាត់ចេញពីរៀនគួរនៅម៉ោង៧យប់ ហើយកូនស្រីរបស់គាត់ គេងនៅក្នុងតូបលក់ចាបហ៊ួយ មិនទៅគេងក្នុងផ្ទះធំនោះទេ។
នៅយប់កើតហេតុ ថ្ងៃទី១ ខែកុម្ភ: កូនស្រីគាត់ចេញពីរៀនគួរមកផ្ទះជាធម្មតា ហើយកូនប្រុសគាត់ត្រូវជាប្អូនសព បានមកតូបលក់ចាបហ៊ួយនៅមុខផ្ទះ ជាកន្លែងកូនស្រីរបស់គាត់គេង តែមិនឃើញបងស្រីគេទេ ឃើញតែម៉ូតូភ្លើងបន្ទប់បើកចោល ហើយទ្វារចំហរ ពេលនោះកូនប្រុសគាត់ ក៏ខ្ទាស់គន្លឹះទ្វារពីខាងក្រៅ រួចក៏ជិះម៉ូតូទៅផ្ទះធំ។

លុះវេលាម៉ោង៣ ទាបភ្លឺ ត្រូវនឹងថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៨ គាត់នឹងប្រពន្ធក្រោកទៅលក់បន្លែដូចរាល់ដង គ្រាដែលគាត់ចេញពីផ្ទះធំ មកដល់តូបលក់ចាបហ៊ួយមុខផ្ទះ ដែលជាកន្លែងកូនស្រីគាត់គេងស្រាប់តែឃើញភ្លើងបន្ទប់ភ្លឺចោល ទ្វារបន្ទប់ខ្ទាស់គន្លឹះពីក្រៅ ហើយមិនឃើញកូនស្រីគាត់ទេ គាត់សង្ស័យក៏នាំប្រពន្ធដើររកកូននៅក្បែរៗនោះ ស្រាប់តែប្រទះឃើញកូនស្រីដេកស្លាប់មិនមានសម្លៀកបំពាក់ ក្នុងគុម្គស្មៅខាងកើតនៃតូបលក់ចាបហ៊ួយ ចំម្ងាយប្រមាណជាង២០ម៉ែត្រ ប៉ុណ្ណោះ ខណ: នោះគាត់ក៏បានយកសំម្លៀកបំពាក់ស្លៀកឲ្យកូនស្រី រួចទូរស័ព្ទទៅប្តឹងនគរបាលប៉ុស្តិ៍កាចាញតែម្តង។

ក្រោយពីមានសេចក្តីរាយការណ៍ លោក ហាក់ ហ័ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ក៏បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញព្រមទាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុភ្លាមៗ។

បន្ទាប់ពីលោកគ្រូពេទ្យបង្អែកខេត្តបានពិនិត្យនឹងធ្វើកោសល្យវិច័យ លោក យឹម សារ៉េត នាយការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា សពក្មេងស្រីស្លាប់ដោយសារគេសង្កត់.ក ពីក្រោយថ្កាប់មុខទៅនឹងដីដាច់ខ្យល់ស្លាប់ ក៏ប៉ុន្តែរំលោភមិនបានសម្រេចទេ។

ក្រោយពីពិនិត្យជុំវិញកន្លែងកើតហេតុនឹងធ្វើកោសល្យវិច័យលើសពរួចមកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគ។

ហើយសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវដើម្បីឈានទៅរកការចាប់ខ្លួនឃាតកយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

Loading...