សង្ស័យមានការឃុបឃិតគ្នា ទើបក្រុមឈ្មួញយកឈើប្រណីតទៅលាក់ទុកនៅក្នុងព្រៃក្បែរបន្ទាយយោធា លេខ៥០៤ នៅព្រំដែនកម្ពុជាថៃ

ខេត្តប៉ៃលិន ៖ បើទោះបីជាសារព័ត៌មាន និង ទូរទស្សន៍ បានចុះផ្សាយព្រោងព្រាត ពាក់ព័ន្ធនឹងបញ្ហាក្រុមឈ្មួញឃុបឃិតគ្នាជាមួយមន្រ្តីសមត្ថកិច្ចមួយចំនួនតាមព្រំដែន រកស៊ីឈើប្រណីតខុសច្បាប់ ឆ្លងដែនពីប្រទេសថៃចូលក្នុងទឹកដីខ្មែរ ជាច្រើនលើកច្រើនសារ ។ រហូតមកដល់ពេលនេះ គេនៅតែឃើញមានសកម្មភាពលីសែងឈើនៅទីនោះយ៉ាងគគ្រឹក គគ្រេងដដែល ដោយគ្មានសមត្ថកិច្ចណាម្នាក់ ចាត់ការរឿងនេះទេ ពោលគឺតែបណ្តែតប ណ្តោយឱ្យកម្មករខ្មែរឆ្លងដែនទៅលីសែងឈើនៅទីនោះរាល់ថ្ងៃ ។

ជាក់ស្តែងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ កម្លាំងសមត្ថកិច្ច១ក្រុម បានចុះល្បាតតាមព្រំដែន ស្រាប់តែប្រទះឃើញឈើប្រណីតជាច្រើនកំណាត់ ត្រូវបានគេលាក់ទុកនៅក្នុងព្រៃក្បែរបន្ទាយយោធាមួយកន្លែង ស្ថិតនៅចំណុចចន្លោះបង្គោលសីម៉ាលេខ៦៦ និង៦៧ ក្នុងភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ដែលគេសង្ស័យថា ក្រុមឈ្មួញទាំងនោះបានឃុបឃិតគ្នាជាមួយមន្រ្តីសមត្ថកិច្ចព្រំដែនរកស៊ីមុខរបរមួយនេះ ។

ប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចចុះល្បាតតាមព្រំដែន ស្រាប់តែប្រ ទះឃើញឈើប្រណីតនៅក្នុងព្រៃ ក្បែរបន្ទាយយោធាមួយ កងល្បាតទី២វរលេខ៥០៤ ដោយក្នុងនោះមានឈើប្រណីតគ្រញូញចំនួន០៣កំណាត់ និងឈើក្រំចំនួន១២កំណាត់ ត្រូវបានឈ្មួញជួលកម្មករខ្មែរឱ្យលីសែងពីប្រទេសថៃចូលមកក្នុងទឹកដីខ្មែរ តាមច្រកសម្ងាត់ក្បែរបន្ទាយនេះ ។

ប្រភពបន្តទៀតថា ឈើទាំងអស់នោះ ក្រោយមកត្រូវបានគេយកចូលទៅក្នុងបន្ទាយយោធាខាងលើ ហើយសង្ស័យថា មានការពាក់ព័ន្ធទៅនឹងមន្រ្តីយោធាមួយចំនួនផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក អោម វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានឱ្យដឹងថា ខាងលោកបានបញ្ជូនមន្រ្តីរបស់ខ្លួនឱ្យទៅទំនាក់ទំនង ជាមួយមន្រ្តីយោធាកងការ ពារទី២ វរៈព្រំដែនលេខ៥០៤ ដើម្បីយកឈើទាំងនោះមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន ហើយលោកក៏បានរាយការណ៍ ពាក់ព័ន្ធនឹងបញ្ហាឈើនេះទៅអភិបាលខេត្តរួចរាល់អស់ហើយ ។

លោកបន្តទៀតថា ខាងលោកមិនហ៊ានវាយតម្លៃថា មានការឃុបឃិតគ្នារកស៊ីឈើរវាងក្រុមឈ្មួញ និងមន្រ្តីណាម្នាក់ដែរ ព្រោះមិនបានឃើញផ្ទាល់ ដោយលោកគ្រាន់តែទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រួចក៏ចាត់កម្លាំងឱ្យចុះទៅត្រួតពិនិត្យ មើល ទើបឃើញឈើទាំងអស់នោះតែម្តង ។

សូមបញ្ជាក់ផងដែរថា កម្មករខ្មែរជាច្រើន ដែលមកពីខេត្តប៉ៃលិន បាត់ដំបង ពោធិ៍សាត់ ព្រៃវែង ស្វាយរៀង តាកែវ និងខេត្តផ្សេងៗទៀត ជាច្រើនបានមកធ្វើជាកម្មករស៊ីឈ្នួលលីសែងឈើឱ្យឈ្មួញ ហើយក៏មានអ្នកខ្លះបាត់ខ្លួនរហូតមកអស់រយៈពេលជាច្រើនឆ្នាំហើយ មិនឃើញត្រឡប់ទៅស្រុកកំណើតវិញនោះទេ ដោយគេសង្ស័យថា ត្រូវទាហានថៃបាញ់សម្លាប់ចោលនៅក្នុងព្រៃ ឬត្រូវគេចាប់យកទៅដាក់គុកនៅប្រទេសគេយ៉ាងណានោះទេ ៕

Loading...