ភ្នំពេញ៖ ការចុះត្រួតពិនិត្យ និងឆែកឆេរ ភ្លុកដំរី កន្ទុយ ឆ្អឹងខ្លា និងស្រកាពង្រូលក្នុងក្រុមហ៊ុន (អយស្ម័យយានរ៉ូយ៉ាល់ផែស្ងួតភ្នំពេញ)ត្រូវបានបញ្ចប់នៅថ្ងៃត្រង់ទី២១ ខែធ្នូ ឆ្នាំ២០១៦ ជាលទ្ធផល បានរកឃើញភ្លុកដំរី ចំនួន៦៤០ដុំ ស្មើរនឹងទម្ងន់ ១,៣៦១.៩គីឡូក្រាម ស្រការពង្រួល ទម្ងន់១៣៧.៦គីឡូក្រាម ឆ្អឹងខ្លា ទម្ងន់៨២.៣គីឡូក្រាម និងកន្ទុយដំរី ទម្ងន់៤.៩គីឡូក្រាម សរុបទាំងអស់ ទម្ងន់១,៥៨៦.៧គីឡូក្រាម។ ប៉ុន្តែការឈានដល់បង្ក្រាបនេះ ត្រូវគេសង្ស័យថា ដោយសារតែមិនត្រូវថ្លៃគ្នាប៉ុណ្ណោះ ។
សមត្ថកិច្ចចម្រុះ បានធ្វើការបង្ក្រាប ភ្លុកដំរីឆ្អឹងខ្លា ស្រការពង្រួល និងកន្ទុយដំរី ដែលឈ្មួញបង្កប់នៅក្នុងឈើហ៊ុប បម្រុងនាំចេញទៅកាន់ប្រទេសចិន ប្រមាណ៣ដុំ នៅសៀលថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១៦ នៅក្នុងចំណុចក្រុមហ៊ុន «អយស្ម័យយានរ៉ូយ៉ាល់ផែស្ងួតភ្នំពេញ» ដែលមានទីតាំងនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
គេបានដឹងថា ខាងកម្លាំងគយ ជាអ្នកម្ចាស់ករណី ដោយមានការសហការពីកម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើ និងអង្គការ «វ៉ាយ អេត» តំណាងស្ថានទូតអាមេរិកកាំង កម្លាំងកាំកុងត្រូល អាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរមូលដ្ឋាន ធ្វើការបង្ក្រាបបាន ភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រួល និងកន្ទុយដំរី ដែលឈ្មួញបង្កប់នៅក្នុងឈើហ៊ុបបម្រុងនាំទៅកាន់ប្រទេសចិន ប្រមាណ៣ដុំ។ ភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រួល និងកន្ទុយដំរីទាំងនេះ ត្រូវបានជនល្មើស លួចបង្កប់នៅក្នុងឈើហ៊ុប ចំនួន៣ដុំ ដោយឈើហ៊ុប នីមួយៗ ដែលបង្កប់វត្ថុតាងទាំងនេះ មានមុខកាត់ កន្លះម៉ែត្រ បួនជ្រុង និងមានប្រវែងពី ២ ម៉ែត្រ ទៅ៣ម៉ែត្រ ហើយត្រូវបានឈ្មួញចុះរន្ធឈើចំពាក់កណ្តាលបង្កប់នៅក្នុងនោះ ដោយមានចាក់ទៀនផ្សាភ្ជាប់ ដែលមានសណ្ឋានដូចក្តារម្ឈូសទៀតផង ។
គេបានដឹងថា ឈើហ៊ុបទាំងនេះ មិនមែនមានតែ៣ដុំ ប៉ុណ្ណោះនោះទេ គឺមានឈើជាច្រើនទៀត ដឹកជញ្ជូនចេញពីទ្វីបអាហ្វ្រិច ដាក់ក្នុងកុងទីន័រដឹកតាមកប៉ាល់ ចូលមកកាន់ផែកំពង់សោម រួចដឹកជញ្ជូនបន្តតាមរទេះភ្លើង មកស្តុកទុកនៅក្នុងចំណុចក្រុមហ៊ុន «អយស្ម័យយាន រ៉ូយ៉ាល់ផែស្ងួតភ្នំពេញ» ដែលមានទីតាំងនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ សម្រាប់ការនាំចេញទៅកាន់ប្រទេសចិននោះ ។
ប៉ុន្តែការនាំចេញទៅកាន់ប្រទេសចិននេះ មិនបានដូចបំណងនោះទេ គឺត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ស្រាវជ្រាវឃើញវត្ថុតាងទាំងនេះ ចាប់ជាប់ ដោយក្នុងករណីនេះ គេសង្ស័យថា មានការមិនត្រូវថ្លៃគ្នា ទើបឈានដល់ការបង្ក្រាបយកស្នាដៃតែម្តង ៕