សង្ស័យស្រវឹងស្រាជិះម៉ូតូលឿនបុកឃឿនផ្លូវជាតិលេខ៤របួសធ្ងន់

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បាន រងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលជិះម៉ូតូម្នាក់ឯង សង្ស័យស្រវឹងស្រាបើកលឿនបុកឃឿនផ្លូវទើបធ្វើមិនទាន់រួចទាំងកំរោល។

ហេតុការណ៍ជិះម៉ូតូបុកឃឿនពុះចែកទ្រូងផ្លូវនេះកើតឡើង កាលពីវេលាម៉ោង៦និង៥៥នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៦ ទៅ៤៧ ស្ថិតក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នគរបាលចរាចរណ៍បាននិយាយអោយដឹងថា យុវជនរងរបួសមាន ឈ្មោះហៀន រិទ្ធី អាយុ២៣ឆ្នាំ ជាមន្ត្រីបម្រើការងារនៅមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺរស់នៅក្នុងសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជិះម៉ូតូម្នាក់ឯង ម៉ាកzoomer ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1BH7007 ។

នគរបាលបានបន្តទៀតថា នៅមុនពេលកើតហេតុគេបានឃើញយុវជនរងគ្រោះខាងលើជិះម៉ូតូម្នាក់ឯងយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិចលុះធ្វើដំណើរមកដល់ចំណុចកើតហេតុមិនដឹងយ៉ាងម៉េចទេបានរេចង្កូតឡើងលើឃឿនពុះចែកទ្រូវផ្លូវបណ្តាលរងរបួសធ្ងន់។

ក្រោយកើតហេតុក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងនគរបាលជំនាញចុះទៅធ្វើការវាស់វែងហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះចំណែកម៉ូតូប្រគល់អោយសាច់ញាតិយកទៅរក្សាទុក។

ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺមានការព្រួយបារម្ភយ៉ាងខ្លំាងដោយសារតែខាងសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺបានធ្វើឃឿនពុះចែកទ្រូងផ្លូវដែលងាយរងគ្រោះថ្នាក់ខ្លំាងណាស់ពីព្រោះនៅពេលយប់មិនមានភ្លើងបំភ្លឺផ្លូវឡើយ ជាក់ស្តែងដូចយុវជនខាងលើចឹង។

ប្រជាពលរដ្ឋសំណូមពរបើបានធ្វើទ្រូងផ្លូវហើយមេត្តាដាក់ភ្លើងបំភ្លឺផ្លូវផងទាន៕ មណ្ឌលច្បារមន

Loading...