សង្ស័យស្រវឹងស្រាបើកឡានបុកឡើងឃឿនចិញ្ចើមផ្លូវជិតរង្វង់មូលវត្តភ្នំ រងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្ដម៉ាកឡិចសុីសRX300មួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នត្រង់ចំណុចផ្លូវកោងជ្រុលបុកផ្លោះឡើងឃឿនចិញ្ចើមផ្លូវបណ្ដាលអោយរងការខូចខាតទាំងរថយន្ដនិងឃឿនផ្លូវ តែសំណាងល្អមិនបណ្ដាលអោយម្ចាស់រថយន្ដឬអ្នកធ្វើដំណើររងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង១៥នាទី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចខាងលិចរង្វង់មូលវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាក ឡិចសុីស RX300 បណ៍ស្ក ពាក់ស្លាកលេខ ភ្នំពេញ2O-1541 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រា។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដបង្ក ធ្វើដំណើរក្រឡឹងរង្វង់មូលវត្តភ្នំ ពីកើតមកលិចក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុមិនបន្ថយល្បឿនក៏ជ្រុលបុកឡើងឃឿនចិញ្ចើមផ្លូវផ្លោះពីម្ខាងទៅម្ខាងទៀតបណ្ដាលអោយរថយន្ដបែកកង់រងការខូចខាតនិងធ្វើអោយខូចខាតឃឿនចិញ្ចើមផ្លូវផងដែរ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបាននាំម្ចាស់រថយន្ដទៅសួរនាំនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលវត្តភ្នំរងចាំប្រគល់អោយជំនាញចរាចរណ៍ក្រុង រីឯរថយន្ដសមត្ថកិច្ចធ្វើការវាសលវែងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

 

Loading...