សង្ស័យឥទ្ធិពលដុល្លារទើបសមត្ថកិច្ចមិនបង្រ្កាប ទីតាំងស្តុកឈើប្រណិតជិត២០តោន នៅក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ទីតាំងសិប្បកម្មកែច្នៃស្តុកឈើសាងលើកដាក់រថយន្ត មួយកន្លែង ក្នុងចម្ការស្វាយ របស់លោកស្នងការរងខេត្តស្ទឹងត្រែងម្នាក់ ។

ស្ថិតនៅភូមិ កាំងមេម៉ាយសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង គឺជាទីតាំង ស្តុកឈើប្រណីតដ៏ធំជិត២០តោនឯណ្ណោះ សម្រាប់ដឹកចេញចូល ចែកចាយទៅវៀតណាម ដោយឈើមួយផ្នែកតូច សម្រាប់កែច្នៃជាគ្រឿងសង្ហារឹម និងមួយផ្នែកធំសម្រាប់ដោះដូរ លើកដាក់រថយន្ត ដឹកចែកចាយតាមបណ្ដាខេត្តនានា!និងចេញទៅវៀតណាម ។ ហើយទីតាំងនេះ មិនមានសមត្ថកិច្ចណាហ៊ាន បង្ក្រាបឬក្អកឡើយ គឺរួញដូចអណ្ដើកក្នុងស្នូក ព្រោះសង្ស័យអំណាចទឹកលុយថៅកែឈើជះគ្របដណ្ដប់មកលើមន្ត្រីពាក់ព័ន្ធ? ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា៖ ទីតាំងសិប្បកម្មស្តុកឈើដ៏ធំមួយកន្លែងនេះ ជារបស់ថៅកែឈ្មោះ(ចែភ័ណ្ឌ)ដែលបានជួលដីចម្ការស្វាយពីលោក ឌៀប ចាន់ធី ស្នងការរងខេត្តស្ទឹងត្រែង ក្នុង១ខែចាប់ពី៤០០$ទៅ៥០០$ សម្រាប់ជាកន្លែងកែច្នៃសិប្បកម្ម និងស្តុកឈើប្រណិត ដុះស្លែរយៈពេលយូឆ្នាំមកហើយ ពលរដ្ឋនៅតំបន់នោះបានបង្ហើបថា បេនស្តុកឈើរបស់ចែភ័ណ្ឌ នេះគេធ្វើសិប្បកម្មខាតតូច! សម្រាប់បិទបាំងបទល្មើសខាងក្នុងប៉ុណ្ណោះ ។ តាមពិតទៅទីតាំងនោះជាកន្លែង បង្កប់ស្តុក ឈើប្រណិត ជិត២០តោន ហើយឈើមួយចំនួនតូចគេបានកែច្នៃចេញជាគ្រឿងសង្ហារឹម សម្រាប់យកមកចងឱបពីក្រៅ រថយន្តដើម្បីបិទបាំងឈើប្រណិត រាល់ការដឹកជញ្ជូន ព្រោះឈើមួយចំនួនធំ គេសាងលើកដាក់ក្នុងរថយន្តដឹកចែកចាយ តាមបណ្ដាខេត្តនានា និងចេញទៅវៀតណាម ដោយមានគ្រឿងសង្ហារឹម ចងពីលើនិងពីក្រោយ! ។

ជាក់ស្ដែងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៩ គេបានឃើញទីតាំងស្តុកឈើប្រណិតប្រភេទធ្នុង ក្នុងចម្ការស្វាយរបស់លោក ឌៀប ចាន់ធី ស្នងការរងខេត្តស្ទឹងត្រែង ស្ថិតនៅភូមិកាំងមេម៉ាយសង្កាត់ព្រះបាទ ក្រុង-ខេត្តស្ទឹងត្រែង មានរថយន្តសាំយ៉ុង ជាច្រើនគ្រឿង បានដឹកឈើចេញចូលប្រសេកប្រសាច សាងលើកដាក់ លើរថយន្តយ៉ាងអនាធិបតេយ្យ ដោយពុំមានអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធណាមកចុះបង្ក្រាបឬពិនិត្យឡើយ ជាហេតុនាំឲ្យពលរដ្ឋរិៈគន់ និងសង្ស័យថា ដុល្លាររបស់ចែភ័ណ្ឌ ជះឥទ្ធិពលខ្លាំងមកលើមន្ត្រីពាក់ព័ន្ធ? ទើបសកម្មភាពប្រព្រឹត្តទៅបានយ៉ាងរលូនបែបនេះ ។

ចំពោះការចោទប្រកាន់ខាងលើនេះដែរ ក្រោយទទួលបានសេចក្ដីរាយការណ៍ពីអ្នកសារព័ត៌មានយើង លោក សុខ ស៊ីដា មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានចុះមកដល់ទីតាំងមុខឃ្លាំង កាលពីល្ងាចថ្ងៃដដែលនេះ ប៉ុន្តែលោកពុំបានចូលពិនិត្យដល់ក្នុងឃ្លាំងនិងចម្ការនោះទេ ដោយនៅឈរនិយាយចរចាគ្នាជាមួយថៅកែឈើឈ្មោះ ចែភ័ណ្ឌ នៅលើដងផ្លូវមុខទីតាំងស្តុកឈើប៉ុណ្ណោះ រួចក៏ឡើងរថយន្តជិះចេញទៅវិញបាត់ ។

លោក សុខ ស៊ីដា មន្ត្រីរដ្ឋបាលព្រៃឈើបាននិយាយយ៉ាងខ្លីថា ពុំមានឈើនោះទេ ។ ដោយឡែកលោក ឌៀប ចាន់ធី ស្នងការរងខេត្តស្ទឹងត្រែង បានប្រាប់សារព័ត៌មានយើងឲ្យដឹងថា លោកពិតជាបានជួលចម្ការ នោះឲ្យគេពិតមែន គឺយូណាស់មកហើយក្នុងតម្លៃ១ ខែ២០០ដុល្លា ។ លោកថា នៅពេលសមត្ថកិច្ចចុះពិនិត្យនោះ លោកបានស្ដីឲ្យពួកនុងថាកុំមករញ៉េរញ៉ៃ នៅកន្លែងខ្ញុំ ហើយពួកគេក៏ដកថយទៅវិញ៕ ជាយដែន

Loading...