សណ្ឋាគារ​មួយ​គ្រោង​បើក​ ក្នុងប្រទេស​ជប៉ុន​ដើម្បី​រម្លឹក​ ដល់​ដាយ​ណូ​ស័​រ​ក្នុង​ភាពយន្ត ​ដែល​បាន​កម្ទេច​អគារ​សឹង​ ទាំងអស់​ក្នុង​ក្រុង​តូ​ក្យូ​

ទីក្រុង​តូ​ក្យូ​សង្ឃឹមថានឹង​កើប​ប្រាក់ចំណូល​យ៉ាងច្រើន​ពី​ទំនាក់ទំនង​របស់ខ្លួន​ជាមួយនឹង​ភាពយន្ត Godzilla ដោយ​បង្កើត​នូវ​សណ្ឋាគារ​មួយ ដើម្បី​រម្លឹក​ដល់​ភាពយន្ត​វិទ្យាសាស្ត្រ​ប្រ​ឌី​ត​មួយ ដែលមាន​ឈ្មោះ​ដូច​សណ្ឋាគារ​នេះ​អ៊ីចឹង​ដែរ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃទី ២៤ ខែកុម្ភៈ​។

​សណ្ឋាគារ Hotel Gracery ដែលមាន​ផ្ទាំង​ទស្សនី​ភាព​របស់​ភាពយន្ត​ដាយ​ណូ​ស័​រ Godzilla ដ៏​ថ្មី​ស្រឡាញ​ក្នុង​សង្កាត់ Shinjuku របស់​ក្រុង​តូ​ក្យូ​ត្រូវបាន​សង់​ឡើង​ដើម្បី​រម្លឹក​ដល់​ដាយ​ណូ​ស័​រយ​ក្ស ដែល​បាន​បំផ្លាញ​ទីក្រុង​នេះ​ដំបូង​ក្នុង​ភាពយន្ត​ឆ្នាំ ១៩៥៤ ហើយ​បន្ទាប់មក​បាន​បន្ត​បំផ្លាញ​ទីក្រុង​នេះ​ថែមទៀត​នៅក្នុង​ភាពយន្ត​ដែល​ផលិត​ឡើងវិញ​ជាច្រើន​រឿង​នា​ឆ្នាំ​កន្លងទៅ​។

​ជាការ​ពិត សត្វ​យក្ស​ប្រភេទ​នេះ​បាន​កម្ទេច​សឹងតែ​គ្រប់​អគារ​ល្បីៗ​ទាំងអស់​ក្នុងប្រទេស​ជប៉ុន រួមមាន​អគារ Tokyo Tower និង​អគារ​សភា​។ ជប៉ុន ជា​ប្រទេស​តែមួយគត់​ក្នុង​ពិភពលោក ដែល​ទទួលរង​នូវ​ការទម្លាក់​គ្រាប់បែកបរមាណូ មាន​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ចំពោះ​ដាយ​ណូ​ស័​រ​ព្រួស​ភ្លើង​មួយ​នេះ ព្រោះ​វា​តំណាង​ឲ្យ​ការរង​ទុក្ខវេទនា​ពី​ការបញ្ចេញ​នូវ​អាវុធ​នុយក្លេអ៊ែរ​ទាំងនោះ​។

​ហើយ​បើ​ផ្អែក​តាម​ការស្រាវជ្រាវ​ទីផ្សារ សណ្ឋាគារ Hotel Gracery ឬ Godzilla នេះ​នឹង​ក្លាយជា​ការទាក់ទាញ​ទេសចរ​ដ៏​សំខាន់​មួយ​សម្រាប់​អ្នកគាំទ្រ ដែល​ចង់​ស្នាក់​នៅក្នុង​សណ្ឋាគារ​នេះ​។ ​នៅ​ខាងក្នុង សូម្បី​បង្គន់​ក៏មាន​ផ្ទាំង​ទស្សនី​ភាព​ដាយ​ណូ​ស័​រ Godzilla ដែរ ហើយ​មាន​បន្ទប់​ជាច្រើន​ត្រូវបាន​បំពាក់​ពេញ​ទៅដោយ​របស់របរ​ដែល​មាននៅ​ក្នុង​រឿង Godzilla ក្នុង​សណ្ឋាគារ​កម្ពស់ ៣០ ជាន់​នេះ​។

​ហើយ​ជាមួយនឹង​ការចម្លង​រូប​ក្បាល​ដាយ​ណូ​ស័​រ​នៅលើ​ដំបូល​សណ្ឋាគារ ក្រុមហ៊ុន​រំពឹងថា​នឹងមាន​ទេសភាព​ល្អ​ដាច់​គេ​នៅក្នុង​ទីក្រុង​។ សណ្ឋាគារ​នេះ​មាន​ទីតាំង​ជាប់​រោងភាពយន្ត Toho Cinema នៅ​សង្កាត់ Shinjuku ជាទី​ដែល​អ្នកគាំទ្រ​អាច​ទស្សនា​ភាពយន្ត Godzilla ជាច្រើន​វគ្គ​តាម​ការពេញចិត្ត​របស់​ពួកគេ និង​ជា​កន្លែង​មើល​ទេសភាព​មួយ​សម្រាប់​អ្នកគាំទ្រ​ដើម្បី​បាន​ចូលមក​កៀក​ដោយផ្ទាល់​ជាមួយនឹង​ដាយ​ណូ​ស័​រ​នេះ ឬ​យ៉ាងហោចណាស់​ក៏​សម្រាប់​ថតរូប Selfie ជាមួយនឹង​ក្បាល​ដាយ​ណូ​ស័​រលើ​សណ្ឋាគារ​នេះដែរ​។

​តម្លៃ​សម្រាប់​បន្ទប់​ក្នុង​សណ្ឋាគារ ដែល​នឹង​បើក​នៅ​ថ្ងៃទី ២៤ ខែមេសា គឺ​ប្រហែល ៣០០ ដុល្លារ​នៅ​ថ្ងៃ​ធម្មតា និង ជិត ៤០០ ដុល្លារ​នៅ​ថ្ងៃបុណ្យ​ជាតិ និង​ថ្ងៃ​ចុង​សប្តាហ៍​៕

27194697-2e1b-46cc-a9c7-0dd7dec0a5db

e11c3c45-87d6-4343-a775-8c15f3014884

0d1bc293-e358-4d27-9453-7571c211e852

2ec0efaa-2504-4719-938e-958e9e770415

Loading...

Leave a Reply

Your email address will not be published. Required fields are marked *