សត្វត្រយ៉ងយក្ស ០២ក្បាល និងទន្សោង ០១ក្បាល ឃើញងាប់ នៅក្នុងដែនជម្រកសត្វព្រៃក្នុងខេត្តព្រះវិហារ

ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់សត្វទន្សោងមួយក្បាល និងសត្វត្រយ៉ងយក្សពីរក្បាល ដែលត្រូវបានក្រុមជនខិលខូចសម្លាប់នៅក្នុងសប្តាហ៍នេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងបរិស្ថាន និង អង្គការWCS កាលពីថ្ងៃម្សិលមិញនេះ។

នេះគឺជាហេតុការណ៍ដ៏អាក្រក់ពីរដែលបានកើតឡើងក្នុងពេលតែមួយ នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែបស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

សូមរម្លឹកថា សាកសពសត្វទន្សោងនោះ ត្រូវបានសហគមន៍ប្រទះឃើញក្នុងអំឡុងពេលពួកគាត់ដើរល្បាតព្រៃកាលពី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅភូមិសំបូរ ឃុំស្រយ៉ង់ ស្រុកគូលែន ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដោយ ជនខិលខូចបានពន្លះយកសាច់អស់បន្សល់ទុកតែគ្រោងឆ្អឹង ស្បែក និងជើង ហើយទំនងជាបម្រុងដុតកម្ទេចចោល ដើម្បី បំបាត់ភស្តុតាង។

ចំណែកឯសាកសពសត្វត្រយ៉ងយក្សទាំងពីរក្បាលវិញ ត្រូវបានសហគមន៍ប្រទះឃើញស្លាប់នៅលើដើម ឈើ ដោយជើងជាប់ខ្សែអន្ទាក់ នៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប។ សត្វត្រយ៉ងយក្សទាំងពីរក្បាលនោះទំនងជាជាប់ អន្ទាក់ ព្រាននៅមាត់បឹងក្បែរនោះ ហើយខំប្រឹងហើរបង្រះដាច់ខ្សែអន្ទាក់ ហើយទៅទាក់ជាប់នឹងមែកឈើ ហើរទៅទៀត មិនរួច។

សត្វត្រយ៉ងយក្ស មានឈ្មោះវិទ្យាសាស្ត្រថា Thaumatibis gigantea គឺជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ សត្វនេះត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក និងជាប្រភេទសត្វត្រូវការពារនៅ ក្នុងប្រទេស កម្ពុជា។ ទោះបីជាក្នុងរយៈពេលកន្លងមក សត្វត្រយ៉ងយក្សមានវត្តមានច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ក្តី ក៏ប៉ុន្តែបច្ចុប្បន្ន សត្វនេះមានវត្តមានតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ហើយត្រូវបានគេគិតថា ចំនួនរបស់វានៅសល់តិចជាង ៣០០ក្បាល។

សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ ចំនួនសត្វ ទន្សោង បានថយចុះយ៉ាងច្រើនក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដដោយសារការបាត់បង់ទីជម្រក និងការ បរបាញ់យកសាច់ និងស្នែង។ យោងតាមទិន្នន័យរបស់អង្គការ IUCN ចំនួនសត្វទន្សោងត្រូវបានគេប៉ាន់ស្មាន ថានៅ សល់ប្រមាណ ៤ ០០០ក្បាល នៅលើពិភពលោក។ សត្វទន្សោងនៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ទំនងជា មានតិចជាង ១.៥០០ក្បាល។

ក្រសួងបរិស្ថាន និងអង្គការ WCS សូមអំពាវនាវដល់សាធារណជនទូទៅ មេត្តាចូលរួមការពារ និងអភិរក្ស ប្រភេទ សត្វ ព្រៃកម្រទាំងនេះឱ្យបានឋិតថេរគង់វង្សដើម្បីមនុស្សជំនាន់ក្រោយ។ ជាពិសេស សូមជនខិលខូចទាំងឡាយ បញ្ឈប់ សកម្មភាពបរបាញ់ និងដាក់អន្ទាក់សត្វព្រៃនេះជាបន្ទាន់ ព្រោះវាជាអំពើល្មើសច្បាប់។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រសួង ស្នើសុំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ សូមជួយបន្តអប់រំ ផ្សព្វផ្សាយ និងពង្រឹង ការអនុវត្ត ច្បាប់ ឱ្យបានកាន់តែប្រសើរឡើងថែមទៀតដើម្បីការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃជាពិសេស ប្រភេទសត្វកម្រឱ្យបានគង់វង្ស៕

Loading...