សត្វព្រៃជាច្រើនប្រភេទត្រូវបានរកឃើញ នៅក្នុងឧទ្យានជាតិវិរៈជ័យ ខេត្តរតនគិរី តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ១២ គ្រឿង

(ខេត្តរតនគិរី)៖ រយៈម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន១២គ្រឿង ដែលក្រសួងបរិស្ថានបានផ្តល់ជូនមន្ត្រីឧទ្យានុរក្ស សម្រាប់ ដាក់ថតតាំងពីខែមេសាឆ្នាំ២០១៩ ដល់ខែមេសាឆ្នាំ ២០២០នេះ មានប្រទេភសត្វកម្រជាចើ្រនក្បាល ត្រូវម៉ាស៊ីស្វ័យប្រវត្តិថតជាប់រូបភាព ។ នេះបើតាម ការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំ ពាក្យក្រសួងបរិស្ថានកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ។

លោក នេត្រ ភក្ត្រា បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ មន្រ្តីឧទ្យានុរក្សបានចុះប្រមូលម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលក្រុមការងារដាក់ចាំថតវត្តមានសត្វព្រៃក្នុងឧទ្យានជាតិវីរៈជ័យ។ តាមរយៈរូបភាពដែលត្រូវបានថតដោយម៉ាស៊ីនស្វ័យប្រវត្តិ គេទទួលបានលទ្ធផលដ៏មានសារៈសំខាន់ គឺថតបានសត្វព្រៃជាច្រើនប្រភេទសុទ្ធសឹងតែប្រភេទសត្វកម្រ ដូចជា៖ សត្វខ្ទីង ខ្លាពពក ខ្លាភ្ញីថ្មកែវ ប្រើស ឈ្លូស សត្វតេះឬកេះ សត្វសំពោច សត្វជ្រូកព្រៃ ខ្លាឃ្មុំ និងពពួកបក្សីកម្រដូចជា មាន់ទោពណ៌ប្រាក់ និងសត្វកេងកង ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារនិងអភិរក្ស។ លោកថា តាមការកត់សម្គាល់ឃើញថានៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ វត្តមានសត្វព្រៃមានកំណើនឡើង រួមទាំងប្រភេទសត្វកម្រនិងជិតផុតពូជ មួយចំនួនផងនោះ ដោយសារតែការខិតខំអភិរក្ស និងការពារជម្រកសត្វព្រៃរបស់ពីសំណាកកម្លាំងមានសមត្ថកិច្ចរបស់យើង ។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបបានថ្លែងថា វត្តមានសត្វព្រៃទាំងអស់នេះគឺពោរពេញដោយក្តីសង្ឃឹមសម្រាប់ប្រជាជនកម្ពុជានិងផលប្រយោជន៍ជីវៈចម្រុះរបស់ពិភពលោក ដោយសារតែប្រភេទសត្វមួយចំនួនដែលជិតផុតពូជពីលើលោកទៅហើយ តែបែរជាមាន ពពួកសត្វទាំងនេះនៅក្នុងព្រៃនៃប្រទេសកម្ពុជា ។ យោងតាមការចាត់ថ្នាក់របស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ(IUCN) ខ្លាពពក ខ្លាឃ្មុំ តេះ ខ្ទីងនិងសត្វកេងកង ដែលមានវត្តមាននៅក្នុងឧទ្យានជាតិវីរៈជ័យត្រូវបានចាត់ចូលជាប្រភេទ ងាយរងគ្រោះថ្នាក់(VU) ដែលមានន័យថាវាអាចឈានទៅរកការវិនាសផុតពូជក្នុងព្រៃធម្មជាតិ ខ្លាភ្ញីថ្មកែវ ត្រូវបានចាត់ចូលជាប្រភេទ រងគ្រោះថ្នាក់(NT) ដែលមានន័យថាវាអាចឈានទៅជាប្រភេទ ងាយរងគ្រោះថ្នាក់ផងដែរ នៅពេលខាងមុខ និងដោយឡែកឈ្លូស ប្រើស ជ្រូកព្រៃ និងមាន់ទោពណ៌ប្រាក់ ត្រូវបានចាត់ចូលជាប្រភេទ រងគ្រោះថ្នាក់តិចតួច(LC) មានន័យថាវាមិនទាន់ត្រូវបានចាត់ចូលជាប្រភេទរងគ្រោះថ្នាក់ដូចខាងលើនៅឡើយ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា យោងតាមរបាយការណ៍ជាតិលើកទី៤ ស្តីពីជីវៈចម្រុះ ប្រទេសកម្ពុជាជាប្រទេសសម្បូរទៅដោយជីវៈចម្រុះដែលបាន បង្ហាញ វត្តមានប្រភេទថនិកសត្វ ១២៣ ប្រភេទ សត្វស្លាប ៥៤៥ ប្រភេទ ឧរង្គសត្វ ៨៨ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ២ ៣០៨ ប្រភេទ ត្រី ៨៧៤ ប្រភេទ ផ្កាថ្មរឹង ២៤ ប្រភេទផ្កាថ្មទន់ ១៤ ប្រភេទ ស្មៅសមុទ្រ ១០ ប្រភេទ និងថលជលិក ៦៣ ប្រភេទ។ នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយ ចំនួន ទៀត ដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។ មានប្រភេទរុក្ខជាតិ និងសត្វដែល បាន កំណត់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ដូចជា ថនឹកសត្វ ៣៩ ប្រភេទក្នុងនោះប្រភេទសត្វដែលជិតផុតពូជ និងងាយរងគ្រោះរួមមានដំរីអាស៊ី ខ្លាដំបង ខ្លាឃ្មុំធំ ខ្លាពពក ខ្លាត្រី ខ្លាលឿងមាស រមាំង កែះ ប្រើសស្បូវ ខ្ទីង ទន្សោង ពង្រូល ទោចម្កុដ ទោចផ្ពាល់លឿង រញីប្រផេះ ស្វាត្រោស ឆ្កែព្រៃ រីឯសត្វស្លាប ៣៦ ប្រភេទដែលជិតផុតពូជ និងងាយរងគ្រោះរួមមាន ត្រយងយក្ស ត្រដក់ធំ កេងកងធំ ត្មាតប្រផេះ ត្មោតត្នោត ត្មាតភ្លើង ក្រផលក្បាលក្រហម អង្កត់ខ្មៅជាដើម ឧរង្គសត្វ ១៣ ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ៣៨ប្រភេទ និង ថលជលិក១២ប្រភេទ ៕

Loading...