សត្វព្រៃរស់និងសាច់សត្វព្រៃជាច្រើនប្រភេទព្រមទាំងជនសង្ស័យម្នាក់ត្រូវបានបង្ក្រាបដោយកម្លាំងអាវុធហត្ថស្ទឹងត្រែងគ្រាជំនាញរដ្ឋបាលព្រៃឈើមិនអើពើចំពោះការដាក់លក់សត្វទាំងនោះនៅលើទីផ្សារក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យម្នាក់ដែលបានដាក់លក់សត្វព្រៃរស់ និងសាច់សត្វព្រៃជាច្រើនប្រភេទនៅក្នុងផ្សារក្រុងស្ទឹងត្រែង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបានចុះធ្វើបង្ក្រាបរឹបអូស និងនាំជនសង្ស័យទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថដើម្បីសាកសួរ ។

ការចុះបង្ក្រាបខាងលើបានធ្វើឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី១៩ធ្នូឆ្នាំ២០១៧ស្ថិតនៅក្នុងផ្សារកណ្តាលក្រុងស្ទឹងត្រែង។

មន្ត្រីកងរាជអាវុធហត្ថអោយដឹងថាស្ថិតក្នុងសកម្មភាពចុះបង្ក្រាបសត្វព្រៃខុសច្បាប់កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាម្ចាស់ទីតាំងអាជីវកម្មឈ្មោះហួត តារា ភេទប្រុសអាយុ៣០ឆ្នាំបច្ចុប្បន្នស្នាក់នៅភូមិរាជានុកូលសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង។

មន្រ្តីដដែលអោយដឹងទៀតថាវត្ថុតាងចាប់យកបានរួមមានសាច់ជ្រូកព្រៃចំនួន៤៥គីឡូក្រាមអណ្តើកចំនួន៣ក្បាលទម្ងន់១៥គីឡូក្រាមក្រពះប្រម៉ាក្រៀមចំនួន៣សត្វរញីរស់ចំនួន៥ក្បាលសត្វត្រកួតរស់ចំនួន៣ក្បាលទម្ងន់១៦គីឡូក្រាម។

មន្ត្រីអាវុធហត្ថបន្ថែមថាក្រោយធ្វើកំណត់ហេតុរួចកម្លាំងបានប្រគល់វត្ថុតាងល្មើសច្បាប់ទៅអោយជំនាញរដ្ឋបាលព្រៃឈើបន្តនីតិវិធី។លោកថាសត្វព្រៃរស់ដែលចាប់បាននិងត្រូវនាំយកទៅសង្គ្រោះតំបន់មានសុវត្ថិភាពរីឯសាច់សត្វព្រៃត្រូវនាំយកទៅដុតកំទេចចោលនៅបរិវេណខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង។

បើតាមប្រភពពីពលរដ្ឋវិញបានអោយដឹងថាសាច់សត្វព្រៃនិងសត្វព្រៃរស់ជាច្រើនប្រភេទបច្ចុប្បន្នបានដាក់លក់នៅក្នុងផ្សារក្រុងស្ទឹងត្រែងយ៉ាងអណាធិបតេយ្យជារៀងរាល់ថ្ងៃហើយគេមិនដែលដែលឃើញមន្រ្តីជំនាញរដ្ឋបាលព្រៃឈើណាមួយទៅចុះបង្ក្រាបឬឃាត់ខ្លួនមនុស្សឡើយដោយទុកអោយក្រុមអ្នកលក់សត្វព្រៃទាំងនោះដាក់លក់ពាសវាលពាសកាល ។ប្រភពបន្តថាកម្លាំងជំនាញរដ្ឋបាលព្រៃឈើនៅខេត្តស្ទឹងត្រែងសព្វថ្ងៃនេះ ម្ងៃៗមិនដែលគិតពីតួនាទីរបស់ខ្លួននោះទេគឺចាំតែទទួលស្រាប់ៗពីកម្លាំងផ្សេងៗដែលចាប់បានដើម្បីយកស្នាដៃនិងធ្វើរបាយកាណ៏ ៕ ឡុងកាន់សំនៀង

 

Loading...