សន្តិសុខធនាគារ ABA ផ្ទុះអាវុធបណ្តាលឲ្យស្លាប់ ម្នាក់នៅខ័ណ្ឌសែនសុខ

ភ្នំពេញ ៖ នៅវេលា​ម៉ោង ៩ យប់ ថ្ងៃ​អង្គារ ទី​៦ ខែមេសា ឆ្នាំ​២០២១​ត្រង់ចំណុច​ក្រោម​ស្ពាន ​អាកាស​ផ្សារ​ដី​ហ៊ុយ ទាល់​មុខ​ធនាគារ ABA តាម​បណ្តោយ​ផ្លូវ សហព័ន្ធ​រុ​ស្ស៊ី ក្នុងភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មានករណីផ្ទុះអាវុធ បង្កឲ្យមានការភ្ញាក់ផ្អើលមួយបានកើតឡើង ហើយបណ្តាលឲ្យបុរសម្នាក់ស្លាប់ ។​

​សមត្ថកិច្ចបាន​ចុះទៅ​កន្លែងកើតហេតុ និង​ឃាត់​ជនដៃដល់ ដែលជា​ម្ចាស់​អាវុធ យកមក​កាន់​អធិការដ្ឋាន នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​សួរនាំ ។ ចំណែកឯ​ជនរងគ្រោះ ដែល​ស្លាប់​មិនទាន់​ស្គាល់ អត្តសញ្ញាណ​នោះទេ មាន​វ័យ​ជាង ២០ ឆ្នាំ ស្លៀកខោ​ជើងវែង ពណ៌​ខ្មៅ ដោះអាវ និង​កាន់​កាំបិត​ចុង​ស្រួច​មួយ​។​

​ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ខាងលើ មាន​គ្នា ២ នាក់ បានមក​ឈ្លោះប្រកែក​គ្នា នៅមុខ​ធនាគារ អេ​ប៊ី​អេ ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ ពេល​កំពុង​ឈ្លោះប្រកែក​គ្នា ក៏មាន​សន្តិសុខ ដែល​យាម នៅ​ទីនោះ ក៏បាន​ដេញ​កុំឱ្យ​ឈ្នោះ​គ្នា នៅមុខ​ធនាគារ ក្រោយមក ជន​ទាំងពីរ​នាក់​នោះ ទៅ​បាត់ទៅ​។

ប៉ុន្តែនៅ​មួយសន្ទុះ​ក្រោយមក ជន​ម្នាក់ ក្នុងចំណោម ២ នាក់ ( ជនរងគ្រោះ ) បាន​ត្រឡប់មកវិញ ដោយមាន​កាន់​កាំបិត​ចុង​ស្រួច នៅ​នឹង​ដៃ បានមក​ឈ្លោះ​ជាមួយនឹង​សន្តិសុខ ខាងលើ ដែល​កំពុង​យាម ធនាគារ​ម្ដងទៀត ខណៈពេល​កំពុងតែ​ឈ្លោះ គ្នា យ៉ាង​តឹង​សរសៃ ក បុរស​ដែល​កាន់​កាំបិត​នោះ បាន​ស្ទុះរ​ត់ទៅ​ចាក់ កម្លាំង​សន្តិសុខ ដែល​យាម​ធនាគារ ខាងលើ ទើប​កម្លាំង​សន្តិសុខ​នោះ បាន​ដក​កាំភ្លើង បាញ់​ចំនួន ៣ គ្រាប់ បណ្ដាលឱ្យ​ស្លាប់ នៅនឹងកន្លែងកើតហេតុ​តែម្ដង ៕

Loading...