សន្តិសុខផ្សារបានឡែមថៃវាយកម្មករខ្មែរ៣នាក់រងរបួសធ្ងន់

ខេត្តបាត់ដំបង៖ កម្មករខ្មែរយ៉ាងតិច៣នាក់ បាននាំគ្នាផឹកស៊ី ក្អួតចង្អោរ អួរតឺនួរ នៅមុខកន្លែងគេលក់ដូរ និងស្រែកឡោឡារំខានដល់គេឯងនោះ ត្រូវគេហៅទៅអប់រំណែនាំកុំឲ្យប្រព្រឹត្តដូច្នេះទៀត ក៏កើតជម្លោះពាក្យសម្តីវាយគ្នាបណ្តាលឲ្យរងរបួសតែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិត នៅចំណុចក្នុងផ្សារបានឡែម ភូមិបានឡែម ឃុំទេពនិមិត្ត ស្រុកប៉ូងណាមរ៉ន ខេត្តច័ន្ទបុរី ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង ។

ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចកម្ពុជាបានបញ្ជាក់ថា ករណីសន្តិសុខផ្សារបានឡែមថៃវាយប្រជាពលរដ្ឋកម្ពុជានោះ បណ្តាលឲ្យរងរបួសធ្ងន់៣នាក់៖ ១.ឈ្មោះ ជា គង់ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកម្មករបែកក្បាលពីរកន្លែង ដល់លលាដ៍ក្បាលរបួសធ្ងន់, ២.ឈ្មោះ រឿត សារ៉ន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករ រងរបួសបែកក្បាលពីរកន្លែង ដល់លលាដ៍ក្បាលរបួលធ្ងន់ និង ៣ ឈ្មោះ ញ៉ាន វ៉េត ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មករ រងបបួសកញ្ជាំងកពីក្រោយមួយកន្លែង ដោយត្រូវនឹងវត្ថុរឹងរបួសធ្ងន់ ។ ជនរងគ្រោះទាំង៣នាក់នេះ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ប្រភពបានបន្តថា ជនរងគ្រោះស្រី ប្រុស ទាំង៣ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពត្រាង ស្រុកកំរៀង និងបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ។

ប្រភពបញ្ជាក់ថា មូលហេតុដែលនាំឲ្យសន្តិសុខផ្សារថៃវាយនោះ ដោយសារជនរងគ្រោះនាំគ្នាហូបចុកគ្រឿងស្រវឹង ធ្វើឲ្យស្រវឹងចោលសំរាមខ្វះអនាម័យ និងនិយាយឡូឡាប៉ះពាល់អ្នកជិតខាង និងក្អួតនៅមុខហាងលក់ដូររបស់គេ ពេលសន្តិសុខផ្សារមកណែនាំ ក៏កើតមានទំនាស់ពាក្យសំដីឈានដល់សន្តិសុខថៃវាយតែម្តង ៕

1 2 3

Loading...