សន្តិសុខម្នាក់ដែលទារថ្លៃភាស៊ី លើសសៀវភៅបន្ទុក និងបំផ្លាញ ពងទាអ្នកលក់ត្រូវបញ្ឈប់ពីការងារ

ខេត្តព្រះសីហនុ ៖ ទីបំផុតអាជ្ញាធរ ខេត្តព្រះសីហនុបានសម្រេច បញ្ឈប់ ការងារសន្តិសុខ មជ្ឈមណ្ឌល ពាណិជ្ជកម្មក្រុង ព្រះសីហនុ ដែលបានទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករ ។ បន្ថែមលើនោះសមត្ថកិច្ចក៏ បានឃាត់ខ្លួនសន្តិសុខម្នាក់នោះថែមទៀត ​។

លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុបានថ្លែងបញ្ជាក់ថា រដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំបន្ទាន់ ទាក់ទងទៅនឹងករណីសន្តិសុខ​មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ បានទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករ ដែលបានកើតឡើង កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ។

លោកបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាននេះភ្លាមៗ លោកក៏បានបោះទៅលោកស្នងការខេត្ត ដើម្បីស្រាវជ្រាវករណីនេះជាបន្ទាន់ ។ ក្រោយមកលោកក៏ទទួលបានព័ត៌មាន​ពីអ្នកគ្រប់គ្រងផ្សារថា ភាគីទាំងពីរ បានស្រុះស្រួលគ្នា ដោយមិនមានការប្តឹងផ្តល់អ្វីឡើយ។ ដូច្នេះលោកក៏បានណែនាំឱ្យមានការថតវិដេអូខ្លីប បង្ហាញពីហេតុផល និងបញ្ហា ដែលបានកើតឡើង តាមរយៈវិដេអូខ្លីប ដែលភាគីទាំងពីរ (សន្តិសុខ និងអាជីវករ) បានធ្វើការបកស្រាយ បង្ហាញថា ហេតុផលនៃបញ្ហា ដែលបានកើតឡើង ផ្តើមចេញពីទំនាស់ និងមានចេតនាបំផ្លាញទំនិញរបស់អាជីវករ មិនមែនជាការថយប៉ះ ធ្វើឱ្យខូចខាតនោះទេ។

លោកអភិបាលខេត្តក៏បានចេញបញ្ជាឱ្យឃុំខ្លួនសន្តិសុខរូបនោះ ដោយមិនអនុញ្ញាតឱ្យដោះលែងឡើយ គឺត្រូវតែធ្វើការឱ្យបានហ្មត់ចត់ បើទោះបីជាមានសំណងថ្លៃពងទា ដែលរងការខូចខាតក៏ដោយ តែបុគ្គលរូបនោះ ត្រូវទទួលខុសត្រូវនូវទង្វើ ដែលខ្លួនបានប្រព្រឹត្ត ហើយត្រូវមានការដោះស្រាយជាសាធារណៈ។ ជាការពិតថាករណីនេះ កើតឡើងរវាងបុគ្គលពីរនាក់ តែវាបានបង្កផលប៉ះពាល់ដល់ការគ្រប់គ្រងរបស់អាជ្ញាធរសាធារណៈ។ ដូច្នេះឯកឧត្តម ត្រូវពិចារណា និងចាត់ការករណីនេះ ឱ្យបានហ្មត់ចត់បំផុត ដែលមិនអាចឱ្យកើតឡើងនូវអំពើ ដែលអសីលធម៌បែបនេះបានទេ។

លោក គួច ចំរើន បានយល់ស្របជាមួយការស្រុះស្រួលគ្នារបស់គូរភាគី។ ដូច្នេះ គឺមិនប្រកាន់ទោសនោះទេ ដោយសារបងប្អូនបានធ្វើការកែប្រែឥរិយាបទភ្លាមៗ ទទួលស្គាល់កំហុស និងចេញសងការខូចខាត ដែលបានបង្កឡើង។ ប៉ុន្តែលោកបានសម្រេចដាក់ពិន័យរដ្ឋបាល ដោយបានណែនាំដល់ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ មិនត្រូវបន្តការប្រើប្រាស់បុគ្គលរូបនេះបន្តទៀតទេ គឺត្រូវបញ្ចប់ការងារពីភ្នាក់ងារទារភាស៊ី ឬសន្តិសុខ ចាប់ពីពេលនេះតទៅ។

ទន្ទឹមនោះលោកអភិបាលខេត្ត បានសម្រេចឱ្យ​ប្រធានគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ លើកលែងការយកប្រាក់ភាស៊ីលើអាជីវកម្មរបស់អ្នកលក់ពងទានោះក្នុង ពេលមួយឆ្នាំពេញផងដែរ ៕

Loading...