សន្និសីទអន្តរជាតិលើកទី២ស្ដីពី “កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន

ភ្នំពេញ៖ សន្និសីទអន្តរជាតិលើកទី២ ស្ដីពី “កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេស ចរណ៍អាស៊ានក្រោមប្រធានបទ៖ អភិវឌ្ឍធនធានមនុស្ស ដើម្បីការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព” រយៈពេល ២ថ្ងៃ នៅរាជធានីភ្នំពេញ បានបើកជាផ្លូវការនាព្រឹកថ្ងៃទី២០ មិថុនានេះដោយ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ។

លោកបណ្ឌិត ថោង ខុន បានថ្លែងអំណរគុណចំពោះលេខាធិការដ្ឋាន អាស៊ាន និងប្រទេសជាសមាជិកអាស៊ាន ដែលបានស្នើឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ នេះឡើង ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាព ដើម្បីចែករំលែកបទពិសោធន៍ ភាពជោគជ័យ ទស្សនទាន និងផ្ដល់នូវធាតុចូលថ្មីៗ ពីភាគីពាក់ព័ន្ធក្នុងតំបន់ និងពិភពលោក សំដៅដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់អាស៊ាន ដើម្បីជំរុញការអភិវឌ្ឍជំនាញ និងការងារក្នុងវិស័យទេសចរណ៍អាស៊ានទាំងមូល ឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងនិន្នាការទេសចរណ៍សកលលោក ព្រមទាំងការរីកចម្រើននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វិស័យទេសចរណ៍ត្រូវបានពិភពលោកចាត់ទុកជាវិស័យដែលមានភាពធន់និងជាសសរស្ដម្ភ ទ្រទ្រង់កំណើនសេដ្ឋកិច្ចពិភពលោក។ ជាក់ស្ដែង ទោះមានបញ្ហាអស្ថេរភាពក្នុងប្រទេសមួយចំនួន វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលលោក ការគំរាមកំហែងដោយ ភេរវកម្ម និងជំងឺរាតត្បាតយ៉ាងណាក្តី វិស័យទេសចរណ៍ពិភពលោកនៅតែមានកំណើនគួរឲ្យកត់ សម្គាល់ ផងដែរ។

នៅឆ្នាំ២០១៧ ពិភពលោកទាំងមូលបានទទួលស្វាគមន៍ទេសចរអន្តរជាតិ ប្រមាណ ១.៣២៣ លាននាក់ ក្នុងកំណើន ៧% រួមចំណែកប្រមាណ ១០% នៃផលិតផលក្នុងស្រុកសរុប បង្កើតការងារ ១ ក្នុងចំណោមកាងារ ១០។ ចំណូលពីវិស័យទេសចរណ៍ និងធ្វើដំណើរពិភពលោកស្មើនឹង ៣០% នៃការនាំចេញផ្នែកសេវាកម្ម និង ៧% នៃការនាំចេញសរុប ស្ថិតក្នុងលំដាប់លេខរៀងទី៣ នៃការនាំចេញពិភពលោក ខណៈដែលការនាំចេញប្រេងឥន្ទនៈស្ថិតនៅលំដាប់លេខរៀងទី១ និងការនាំចេញផលិតផលគីមីស្ថិត នៅលំដាប់លេខ២ ហើយតាមការព្យាករណ៍ទេសចរណ៍ពិភពលោកនឹងនៅតែបន្តកើនឡើងតទៅមុខទៀត គែត្រឹមឆ្នាំ២០២០ ពិភពលោករំពឹងទទួលបានទេសចរអន្តរជាតិជាង ១.៤០០លាននាក់ និង ១.៨០០លាននាក់ នៅឆ្នាំ២០៣០។

លោកបណ្ឌិតរដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងបរិបទអាស៊ាន ប្រទេសជាសមាជិកបានខិតខំសហការអភិវឌ្ឍតំបន់ទាំងមូលឲ្យក្លាយជាគោលដៅទេសចរណ៍តែមួយ ប្រកបដោយគុណភាព តាមរយៈ ការដាក់ចុះ និងអនុវត្តនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍អាស៊ាន ២០១១-២០១៥ និង ២០១៦-២០២៥ ដើម្បីសម្រេចចក្ខុវិស័យរបស់ខ្លួន ដែលបានកំណត់យ៉ាងច្បាស់លាស់ និងប្រាកដ និយមថា ៖ “នៅឆ្នាំ២០២៥ អាស៊ាននឹងក្លាយជាគោលដៅទេសចរណ៍ ដែលមានគុណភាពផ្តល់នូវបទពិសោធន៍ល្អឯក និងសម្បូរបែបដល់ទេសចរ តាមរយៈការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ និរន្តរភាព និងបរិយាប័ន្ន ដែលនឹងចូលរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសុខដុមនីយកម្ម ដល់ប្រពលរដ្ឋអាស៊ានទាំងមូល”៕

Loading...