សប្តាហ៍ទី១នៃវគ្គជម្រុះ ១៦នាក់ តម្រូវលើ កីឡាករ ម៉ន រដ្ឋា អ៊ឹង បូរ៉ា លិញ ភារម្យ និង ធន មករា

ភ្នំពេញ៖ នាចុងសប្តាហ៍នេះ កម្មវិធីប្រកួតកីឡាប្រដាល់ គុនខ្មែរដណ្តើមពានរង្វាន់ TV5 Boxing Knock-Out Serieប្រភេទទម្ងន់ ៥៧គីឡូក្រាម បានឈានដល់ការប្រកួតជម្រុះដំណាក់កាលទី២ហើយ ដោយមានកីឡាករ ១៦នាក់ ចូលរួម បន្ទាប់ពួកគេ ឆ្លងផុតវគ្គជម្រុះ៣២នាក់នៃជុំទី១កាលពីសប្តាហ៍កន្លងទៅ។

លោក សេង កដិកា អ្នកគ្រប់គ្រងកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ធ្លាប់បានលើកឡើងថា អ្នកប្រដាល់ដែលក្រុមការងារ របស់លោកបានសម្រាញ់ ដាក់ឲ្យចូលរួម ប្រកួតក្នុងរដូវកាលទី២នៃពានរង្វាន់ TV5 Boxing Knock-Out Series by K-Cementនេះ អ្នកប្រដាល់ភាគច្រើន សុទ្ធតែបានឆ្លងកាត់ ការប្រកួត ជាលក្ខណៈមិត្តភាពអន្តរជាតិ ដូច្នេះកីឡាករ ដែលឆ្លងផុតវគ្គជម្រុះជុំទី១ ក្នុងចំណោមកីឡាករ៣២នាក់នោះ កាន់តែមានលក្ខណៈពិសេស សម្រាប់ការប្រកួតវគ្គជម្រុះ១៦នាក់ ដំណាក់កាលទី២នេះ។ សម្រាប់ជុំទី២នេះអ្នកខ្លាំងទាំង១៦នាក់ត្រូវប្រជែងគ្នា ដណ្តើមយកកៅអីវគ្គ៨នាក់ សម្រាប់ឡើងទៅប្រកួតជុំទី៣បន្តដណ្តើមយកកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

សម្រាប់សប្តាហ៍ទី១វគ្គ១៦នាក់នេះ គណៈកម្មការរៀបចំការប្រកួត សម្រេចដាក់ កីឡាករ ម៉ន រដ្ឋាមកពីក្លិបការិយាល័យទី៥កងទ័ពជើងគោក ប្រកួតជាមួយអ្នកប្រដាល់អ៊ឹង បូរ៉ាមកពីក្លិបកុលបុត្រគុនខ្មែរ ។ មិនដឹងថានរណាត្រូវខ្ទាតចេញនៅជុំទី២នោះទេ ព្រោះពួកគេសុទ្ធតែខ្លាំងដូចគ្នា ។ ចំណែកឯ កីឡាករលិញ ភារម្យមកពីក្លិបរាហូរកីឡា ត្រូវប្រកួតជាមួយកីឡាករ ធន មករា មកពីសមាគមនកីឡាក្រសួងការពារជាតិ ។ ជាមួយគ្នានោះ ក៏មានការប្រកួត ជាលក្ខណៈមិត្តភាព អន្តរជាតិ១គូ គឺកីឡាករ ហ៊ឹម សេរី មកពីក្លិបតាព្រហ្មមាសជ័យប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះយ៉ត ខ្លាំង(Yorth Khlang) ក្នុងប្រភេទទម្ងន់៥១គីឡូក្រាមផងដែរ៕

 

Loading...