សប្តាហ៍ទី១៦នៃជើងឯក TV5 មានអ្នកប្រដាល់៤នាក់ ប្រកួតដដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រ គឺធន់ មករា ជួប យុគ យក្សផ្លែ និង សង គង់ ជួប លន បញ្ញា

ភ្នំពេញ៖ កម្មវិធីប្រដាល់គុនខ្មែរ កំពុលជើងឯក TV5 Boxing Knock Out Series by K. Cement ទម្ងន់ ៥៧ គីឡូក្រាម បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយតម្រូវលើកកីឡាករ ៤នាក់ ដែលបានឆ្លងផុតពីវគ្គជម្រុះ ជាបន្តបន្ទាប់ នឹងជាបេក្ខភាពមិនធ្លាប់ចាញ់ម្តងសោះ ក្នុងកម្មវិធីនេះ

គឺកីឡាករ ធន់ មករា អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវជួបប្រកួតជាមួយ យុគ យក្សផ្លែ មកពីក្លិបបូរីរាជសីហ៍មានរិទ្ធ និង កីឡាករសង គង់ របស់ក្លិបអេភូថងកីឡា ជួបជាមួយ លន បញ្ញា មកពីក្លិបមហិទ្ធីរិទ្ធតាដំបងដែក នាយប់ថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨ ចុងសប្តាហ៍នេះ នៅលើសង្វៀន TV5 ព្រែកកំពឹស ។

ជំនួបប្រកួតក្នុវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ កីឡាករ ធន់ មករា និង យុគ យក្សផ្លែ ត្រូវប្រជែងគ្នា ដណ្តើមយកកៅអី១ក្នុងចំណោម២ វគ្គផ្តាច់ព្រ័ត្រ ។ យ៉ាងណាក្រុមអ្នកវិភាគប្រដាល់បានអះអាងថា ការជួបគ្នារវាង យុគ យក្សផ្លែនិង ធន់ មករា គឺជាគូប្រកួត ដ៏ពិសេសបំផុត នាសប្តាហ៍នេះ ។ ធន់ មករា ប្រកួតជម្រុះបីលើកកន្លងមក វាយឈ្នះ លាភ សំណាង ក្លិបកងពលតូចលេខ ៧០ ក្នុងទឹកទី២ ឈ្នះ លិញ ភារម្យ ក្លិបភារម្យគុនខ្មែរដោយពិន្ទុ និងឈ្នះ ម៉ន រដ្ឋា ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ក្នុងទឹកទី២។

ដោយឡែក យុគ យក្សផ្លែ កាយសម្បទារឹងមាំ ក្នុងការប្រកួតជម្រុះ ៣ លើកកន្លងមក យុគ យក្សផ្លែបានវាយឈ្នះ កំពែង ខ្មៅ សមាគមកីឡាប្រដាល់ក្រសួងកសិកម្មក្នុងទឹកទី២, ឈ្នះ នីម នន ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ដោយស្វ័យប្រវត្តិ ដោយសារ នីម នន រក្សាទម្ងន់ ៥៧ គីឡូក្រាមមិនបាន និងឈ្នះ បឺត សង្ឃឹម ក្លិបរ៉ាហាប់ស្វាយប៉ាក ផ្តួលឲ្យសន្លបក្នុងទឹកទី៣ ។ យ៉ាងណាក៏ដោយ យុគ យក្សផ្លែ ក៏ពិបាកគិចវ៉េសពីការតាមប្រមាញរបស់ ធន់ មករាដែរ ព្រោះ មករា កាយសម្បទាខ្ពស់ ។

ការជួបប្រកួតរវាង សង គង់ និង លន បញ្ញា គូនេះទំនង ពិបាកទស្សន៍ទាយថា នរណាឈ្នះ នរណាចាញ់ដែរ ដោយសារ សង គង់ និង បញ្ញា សុទ្ធតែអ្នកប្រដាល់ដែលមានស្មារតីវាយសម្រុកខ្លាំងដូចគ្នា ។ប្រកួតជម្រុះ៣លើករបស់ លន បញ្ញា វាយឈ្នះជើងចាស់ ឈាន រស្មី ក្លិបរាជសីហ៍ខេត្តរតនគិរី ក្នុងទឹកទី២ ឈ្នះ ផាន ផាត់យុទ្ធ ក្លិបសាលវ័ន្តកីឡាដោយពិន្ទុ និងឈ្នះ លាភ រដ្ឋា ក្លិបដីឡូតិ៍មានរិទ្ធក្នុងទឹកទី២ ។

សង គង់ ប្រកួតជម្រុះ៣លើកកន្លងមក វាយឈ្នះ គួន ប៊ុនហ៊ីម ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ដោយពិន្ទុ, ឈ្នះផាន់ ពិសិដ្ឋ ក្លិបយុវជនវាលស្បូវ ដោយពិន្ទុ និងឈ្នះ រឿន ឈី ក្លិបតាព្រហ្មមានជ័យដោយពិន្ទុ។ គួរបញ្ជាក់ថា ការប្រកួតដណ្តើមពានរង្វាន់ជើងឯក TV5 Boxing Knock Out Series by K. Cement ទម្ងន់ ៥៧ គីឡូក្រាមនេះ អ្នកដែលទទួលបានតំណែងជើងឯកនោះ ក្រៅពីពានជើងឯក នឹងទទួលបាប្រាក់រង្វាន់ចំនួន ៤.០០០ ដុល្លារ ចំណាត់ថ្នាក់លេខ២ បាន ២.០០០ ដុល្លារ និង លេខ៣ បាន ៧៥០ ដុល្លារ ៕






Loading...