សប្តាហ៍​នេះ ប្រទេស​កម្ពុជា ទទួល​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា​

ភ្នំពេញៈ ប្រទេស​កម្ពុជា នៅក្នុង​សប្តាហ៍​នេះ កំពុងស្ថិត​ក្នុង​រដូវ​ប្រាំង និង​ទទួលរង​ឥទ្ធិពល ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា ធ្វើឱ្យ​សីតុណ្ហភាព អប្បបរមា​ឡើង​ខ្ពស់​ដល់ ៣៩ អង្សា​សេ ពេលខ្លះ នៅ​តំបន់​ខ្លះ នឹងមាន​ភ្លៀង ផ្គរ រន្ទះ ពី​ខ្សោយ​ទៅ​បង្គួរ​។ នេះ​បើ យោងតាម​ការជូនដំណឹង របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២១​។​

​ក្នុង​សេចក្តីជូនដំណឹង ស្តីពី​ការ​ព្យាករ​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​៣១ ខែមីនា ដល់​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ បានសរសេរថា ព្រះរាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុងស្ថិត​ក្នុង​រដូវ ប្រាំង​។ តាម​លក្ខណ​:​ស៊ី​ណុប​ទីក បង្ហាញថា ក្នុង​សប្តាហ៍​នេះ ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ឥទ្ធិពល​ពី ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា​។ ស្ថានភាព​អាកាសធាតុ បែប​ខាងលើ ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា ពី ២៦-២៩ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ៣៦-៣៩ អង្សា​សេ​។ មាន​ភ្លៀង​ផ្គរ រន្ទះ ពី​ខ្សោយ​ទៅ​ច្រើន​បង្គួរ​។​

​សម្រាប់​បណ្តា​ខេត្ត នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព អប្បបរមា ពី ២៥-២៨ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ៣៦-៣៩ អង្សា​សេ មាន​ភ្លៀង​ផ្គរ រន្ទះ​ពី​ខ្សោយ​ទៅ​បង្គួរ​។​

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា មាន​ពី ២៤-២៧ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ៣១-៣៤ អង្សា​សេ មាន​ភ្លៀង​ផ្គរ រន្ទះ ពី ខ្សោយ​ទៅ​មធ្យម ។​

​នៅក្នុង​សេចក្តីជូនដំណឹង បាន​អំពាវនាវ​ដល់ សាធារណជន ឱ្យ​យកចិត្តទុកដាក់ ប្រុងប្រយ័ត្ន នូវ​បាតុភូត​ខ្យល់​កន្ត្រាក់ បន្តិចបន្តួច ដែល​អាច​កើតមាន នៅ​ថ្ងៃ ទី​១ ខែមេសា ឆ្នាំ​២០២១៕

Loading...