សប្បុរសជន​ចំនួន ៣ ក្រុម ប្រគល់​ស្បៀងអាហារ និង​សម្ភារ​ការពារ​ជម្ងឺ​កូ​វីដ​-១៩ ជូន​រដ្ឋបាល​រាជធានី ដើម្បី​ជួយឧបត្ថម្ភ​ពលរដ្ឋ

ភ្នំពេញ​៖ សប្បុរសជន​ចំនួន ៣ ក្រុម ដែល​ក្នុងនោះ មាន​សហគមន៍​ធនាគារ នៅ​កម្ពុជា ក្រុមហ៊ុន​អង្គរ​ឌែ​រី ប្រូ​ផាក ខូ អិ​ល​ធី​ឌី និង​ក្រុមហ៊ុន​ណិ​ក​ស៏​ជេ​នើ​រេ​សិន ឌី​ស្ទ្រី​ប្យ៊ូ​សិន ឯក​បានប្រគល់ ថវិកា ស្បៀងអាហារ និង​សម្ភារៈ​ការពារ​ជម្ងឺ​រាតត្បាត ជូន​រដ្ឋបាល​រាជធានី ដើម្បី​ជួយឧបត្ថម្ភ​ជូន ប្រជាពលរដ្ឋ និង​ទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ​-១៩ ។​

​ពិធី​ប្រគល់ និង​ទទួល​នេះ បានធ្វើ​ឡើង នៅ​រសៀល ថ្ងៃទី​៥ ឧសភា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ហើយ​ក្រុមហ៊ុន ២ ទៀត ទទួល​ដោយ​អភិបាលរង រាជធានី​ភ្នំពេញ ចំនូ​ន ២ រូប​ទៀត ។​

​អំណោយ​របស់​សហគម​ន៍​ធនាគារ​នៅ​កម្ពុជា ដែល​ទទួល​ដោយ​លោក ឃួ​ង ស្រេង រួមមាន ថវិកា​ចំនួន ២.៥០០ ដុល្លារ អង្ករ​ចំនួន ២៣ តោន ត្រីខ​ចំនួន ១.១២៩ យួរ មី​ម៉ា​ម៉ា ចំនួន ១.២០០ កំប៉ុង ម៉ាស់ ចំនួន ៥.៧០០ ប្រអប់ ទឹក​ជែ​ល​លាងដៃ ចំនួន ២.៧០០ ដប និង​ទឹក​អាល់កុល ចំនួន ១.២០០​លីត្រ ។

​ក្រុមហ៊ុន​អង្គរ​ឌែ​រី ប្រូ​ផាក ខូ អិ​ល​ធី​ឌី ទទួល​ដោយ​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ប្រគល់​ទឹកដោះគោ​ស្រស់ ចំនួន ១.០០០ កេស ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ចំណែក​ក្រុមហ៊ុន ណិ​ក​ស៏​ជេ​នើ​រេ​សិន ឌី​ស្ទ្រី​ប្យ៊ូ​សិន បានប្រគល់​ជូន​អង្គរ ៥០០ គីឡូក្រាម ត្រីខ ៥០​យូរ មី​៥០​កេស ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ តាមរយៈ​លោកស្រី កែវ សុខ​ពិសី អភិបាលរង រាជធានី​ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ ជីវភាព​ជូន​ប្រជាពលរដ្ឋ និង​ចាត់វិធានការ​ទប់ស្កាត់ ការរីក​រាលដាល នៃ​មេរោគ​កូ​វីដ​-១៩ ផងដែរ ។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ បាន​មានប្រសាសន៍ថា ក្នុងនាម ក្រុមប្រឹក្សា​រាជធានី គណៈ​អភិបាល​រាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ទាំងអស់ នៅ​រាជធានី​ភ្នំពេញ សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ សប្បុរសជន​ទាំង​៣​ក្រុម ដែល​បាន​ឧបត្ថម្ភ​ថវិកា ស្បៀង​អាហារ និង​សម្ភារៈ​ការពារ​ជម្ងឺ​រាតត្បាត ជូន​រដ្ឋបាល​រាជធានី ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព ជូន​ប្រជាពលរដ្ឋ និង​ចាត់វិធានការ​ទប់ស្កាត់ ការរីក​រាលដាល​នៃ មេរោគ​កូ​វីដ​-១៩ ។​

​តាមរយៈ​កាយវិការ ដ៏​ល្អ​ប្រពៃ ប្រកបដោយ​មនុស្សធម៌ និង​គុណធម៌ ខាងលើនេះ ពិតជា​បានរួម​ចំណែក យ៉ាង​សំខាន់​ជាមួយ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល ស្របតាម​ការអំពាវនាវ​របស់ សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ចាត់វិធានកា​រ ទប់ស្កាត់​ការរីក​រាល​ដាល នៃ​មេរោគ​បូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទាន់ពេលវេលា​។ ទឹកចិត្ត​សប្បុរសធម៌ ដ៏​ថ្លៃថ្លា​មួយ​នេះ ស្តែង​ឱ្យឃើញ អំពី​ការគិតគូរ និង​ក្ដី​អាណិត​ស្រលាញ់ ចំពោះ​ជន​រួមជាតិ ដោយ​ឈរលើ បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ បាននិងកំពុង​ជួប ប្រទះ​នឹង​គ្រោះភ័យ ការ​រាតត្បាត​ពី​មេរោគ​កូ​វីដ​-១៩ ភ្នំពេញ និង​ប្រជាជន​កម្ពុជា​ទាំងអស់​៕

Loading...