សពនារីជាបុគ្គលិកក្លឹប ៥៥ម្នាក់ ត្រូវឃាតករឹតក សម្លាប់ហើយរុំភួយ ចងរឹតនិងខ្សែ នីឡុងយកទៅប្លុងចោលនៅលើគំនរសំរាម

 

ភ្នំពេញ៖ សពនារីជាបុគ្គលិកក្លឹប ៥៥ម្នាក់ ត្រូវឃាតករឹតក សម្លាប់ហើយរុំភួយ ចងរឹតនិងខ្សែ នីឡុងយកទៅប្លុងចោលនៅលើគំនរសំរាមមួយកន្លែង នៅចំណុចក្បែរ ដងផ្លូវបេតុង ១០០៣ ក្រុម៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កភាពភ្ញាក់ផ្អើល កាលពីម៉ោង ១០ និង ៣០នាទី ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

សពខាងលើឈ្មោះ កែវ កញ្ញា ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរបុគ្គលិកក្លឹប៥៥ ស្នាក់នៅផ្ទះលេខ១១៤៧ ផ្លូវជាតិលេខ២ ក្រុម១២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បុរសម្នាក់ឈ្មោះ ខេង គួក ហៅជ្រូក អាយុ ៤២ឆ្នាំ មុខរបររើសអេតចាយ បានប្រាប់ថា មុនកើតហេតុ គាត់បានទៅរើសអេតចាយនៅចំណុចខាងលើ បានឃើញភួយពណ៌ក្រហម ពេលនោះគាត់បានទៅទាញភួយ ខាងលើមើលស្រាប់តែឃើញជើងសពនារីខាងលើ ពេលនោះគាត់បានហៅអ្នកដំណើរឆ្លងកាត់ទីនោះ អោយមកជួយមើល បង្កឲ្យមានការភ្ញាក់ផ្អើល និងបានប្តឹងសមត្ថកិច្ចមូលដ្ឋាន អោយចុះមកពិនិត្យជាក់ស្តែង ។

សមត្ថកិច្ច មូលដ្ឋានបានចុះពិនិត្យឃើញ រុំលើសពមានភួយផ្កាពណ៌ក្រហមចំនួន១ ភួយពណ៌ផ្កាឈូកលាយសចំនួន១ និងកន្សែងពោះគោពណ៌ស្វាយចំនួន១ ដែលរុំសាកសពហើយចងខ្សែនីឡុងសំរាប់ចង ១ខ្សែប្រវែង ០៩ម៉ែត្រ០២តឹក និងឌុយខ្សែភ្លើងដោតអគ្គិសនី ពណ៌ខ្មៅចំនួន ០១មានប្រវែង ១ម៉ែត្រ៤២តឹក បានរឹតជាប់កសពស្ត្រីខាងលើ ត្រូវបានសមត្ថកិច្ច ដឹកយកមកធ្វើកោសល្យវិច្ឆ័យនៅវត្តក្រាំងធ្នង់វិញ ។

សាច់ញាតិរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះសម្រាកអត់ធ្វើការទេ ហើយនៅវេលាម៉ោង៦ល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា បានជិះម៉ូតូស្កុកពី មួយគ្រឿង និងទូរស័ព្ទ មួយគ្រឿងចេញពីផ្ទះ ដោយប្រាប់ថា ទៅជួបមិត្តភក្ដិបន្តិចទៀតត្រឡប់មកវិញហើយ នាំបងប្អូនទៅដើរលេងបុណ្យអុំទូក ស្រាប់តែចេញទៅបាត់រហូត តែសាច់ញាតិមិនបានចាប់ អារម្មណ៍ទេ ដោយសារតែកន្លងមកជនរងគ្រោះធ្លាប់ទៅធ្វើការយប់ជ្រៅ ក៏មិនបានត្រឡប់មកផ្ទះម្តងម្កាលដែរ ។ ទាល់តែព្រឹកឡើង ស្តាប់ព័ត៌មាន ដឹងថាមាននារីម្នាក់ត្រូវឃាតករឹតក សម្លាប់រុំភួយយកទៅប្លុងចោល សាច់ញាតិបាននាំគ្នាទៅមើល ដោយសារតែទាក់ទងទូរស័ព្ទអត់បាន ពេលទៅដល់ឃើញស្គាល់ថាជាជនរងគ្រោះពិតប្រាកដ មិនច្រឡំទេ ។

ការបញ្ជាក់ប្រាប់ពីលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសព បានប្រាប់ថា ស្ត្រីនេះបានស្លាប់ដោយសារថប់ដង្ហើម(គេរឹតក)សម្លាប់ ហើយការស្លាប់នេះមានរយៈពេលលើសពី ១២ម៉ោង ។

សពបានប្រគល់អោយសាច់ញាតិ យកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ សាច់ញាតិមិនទាន់បានបញ្ជាក់ថា ជាករណីអ្វីពិតប្រាកដទេ ចំណែកសមត្ថកិច្ចជំនាញ អះអាងថាជាករណីរឹតកសម្លាប់ ។ ចំណែកប្រភពក្រៅផ្លូវការបាន ឲ្យដឹងថា អាចជាករណីរឹតកសម្លាប់ប្លន់យកម៉ូតូនិងទូរស័ព្ទ ។

ទោះបីជាយ៉ាងណាសមត្ថ កិច្ច កំពុងតែស្រាវជ្រាវ និងកំណត់មុខសញ្ញាជនដៃដល់ដើម្បីស្រាវជ្រាវតាមច្បាប់យកមក ផ្តន្ទាទោស ៕

 

fb_img_1479307944917

fb_img_1479307936537

fb_img_1479307919110

Loading...