សភាស៊ើបសួរសាលាឧទ្ធរណ៍បើកសវនាការសំណុំរឿងមន្ត្រីអាដហុកនិងមន្ត្រី គ.ជ.ប.

ភ្នំពេញ: នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ សភាស៊ើបសួរសាលាឧទ្ធរណ៍ នេះបើកសវនាការជាអសាធារណៈចំពោះបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤រូប និង អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) មួយរូប ដែលសវនាការនេះដឹកនាំដោយលោក ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ និង លោក ជា ម៉េត ជាតំណាងមហាអយ្យការ ។

បុគ្គលិកមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤រូប និង អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) មួយរូប ត្រូវបានលោក ជា សុខចាន់ដេត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេត ។

លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក យី សុខសាន្ត អនុប្រធានសមាគមអាដហុក លោក ណៃ រ៉ង់ដា អនុប្រធានសមាគមអាដហុក និង លោកស្រី លឹម មុន្នី មន្ត្រី ជាន់ខ្ពស់សមាគមអាដហុក ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទ សូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ ។ ដោយឡែកលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ ។

ជាមួយគ្នានេះ លោក សឺន សាលី ជាមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ហើយបទល្មើសសូកប៉ាន់សាក្សី កំណត់ការផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំឯណោះ ៕

1

2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *