សមណ​សិស្ស​ចំនួន​៣៥៧​អង្គនា​ក់ ​ចូលរួម​ប្រឡង​យក​វិញ្ញាបនបត្រ​ពុទ្ធិកបឋមសិក្សា ឆ្នាំ២០១៧​ឆ្នាំ​២០១៨

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹក​ថ្ងៃ​ទី​២០​និង​២១ ខែមករា ឆ្នាំ​២០១៨ នេះ​នៅ​សាលា​វិទ្យាល័យ​សិរីសោភ័ណ​ស្ថិតនៅ​ក្នុងភូមិ​៣​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទា​យមានជ័យ សមណ​សិស្ស​ចំនួន​៣៥៧​អង្គនាក់​ បាន​ចូលរួម​ប្រឡង​យក​យក​វិញ្ញាបនបត្រ​ពុទ្ធិកបឋមសិក្សា ឆ្នាំ​២០១៧​ឆ្នាំ២០១៨​។

ពិធី​ប្រឡង​យក​យក​វិញ្ញាបនបត្រ​ពុទ្ធិកបឋមសិក្សា ឆ្នាំ​២០១៧​ឆ្នាំ​២០១៨ ​នេះ​មានការ​ចូលរួម លោកជំទាវ​ប៉ុក​ណា ឌី​ណា​ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ព្រះ​ឧ​ត្ត​ម​សីល​ញ្ញាណ ធុល​សុធា រាជាគណៈ​ថ្នាក់​កិត្តិយស​ និង ​ជា​ព្រះ​មេគណ​ខេត្តបន្ទាយមានជ័យ ព្រះ​វរ​មុនី វ៉ា​ចិន្តា ព្រះរាជ​គណៈ​ថ្នាក់​កិត្តិយស លោក​យឹម ​យឿន​ ប្រធាន​មន្ទីរ​ធម្មការ​សាសនា​ខេត្ត​បន្ទាយមានជ័យ និង​ក្រុមការងារ​ជា​ច្រើន​នាក់​ទៀត​បាន​ចូលរួម​ផងដែរ​។

ក្នុង​នោះ​លោកជំទាវ​ប៉ុក ​ណា​ឌី ​បាន​មានប្រសាសន៍ថា​ ការ​ប្រឡង​យក​វិញ្ញាបនបត្រ​ពុទ្ធិកបឋមសិក្សា ឆ្នាំ​២០១៧​ឆ្នាំ​២០១៨​ មាន​សមណ​សិស្ស​ចូលរួម​ប្រឡង​ចំនួន​៣៥៧​អង្គ​នាក់ មកពី​បណ្តា​វត្ត ក្នុងស្រុក​មង្គល​បូរី ក្រុង​ប៉ោយប៉ែត ស្រុក​ម៉ាឡៃ ស្រុក​ស្វាយចេក ស្រុក​ព្រះនេត្រព្រះ ក្រុង​សិរីសោភ័ណ ស្រុក​ភ្នំស្រុក និង​ស្រុក​ថ្មពួក​ជាដើម​។

លោកជំទាវ​ប៉ុក​ ណា​ឌី​ បាន​បញ្ជាក់​ទៀត​ថា​ សមណ​សិស្ស​ដែល​បាន​មក​ប្រឡង​នេះ​ ត្រូវគោរព​តាម​គោលការណ៍​មួយ​ចំនួន​ដែល​ក្រសួង​ធម្មការ​បាន​កំណត់​ដូចជា​ហាម​យក​ថង់យាម ទូរស័ព្ទដៃ ព្រមទាំង​សំណៅ​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​មិន​អនុញ្ញាត​ឲ្យ​យក​ចូល​ក្នុង​បន្ទប់​ប្រឡង​ជាដាច់ខាត​។

សមណ​សិស្ស​ទាំងអស់​ ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុង​ពេល​ធ្វើ​កិច្ចការ​ប្រឡង ហើយ​មិនត្រូវ​ប្រឆាំង​តវ៉ា​ដោយ​ពាក្យសំដី​អសុរោះ​ទៅកាន់​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ដែល​ដកហូត​សម្ភារៈ ឬ​សំណៅ​ឯកសារ​ណាមួយ​ផ្ទុយ​ពី​លក្ខខណ្ឌ​នៃ​ការ​ប្រឡង​ជាដាច់ខាត ហើយ​រាល់​ចម្លើយ​មិន​ត្រូវ​លុប​ដោយ​ទឹក​ស ឬ ធ្វើ​សញ្ញា​សំគាល់​ផ្សេង​ឡើយ​ បើមិនដូច្នេះទេ ​ត្រូវ​បាន​ពិន្ទុ​សូន្យ​។

បេក្ខជន​ត្រូវ​អង្គុយ​តាម​តុ​រៀងខ្លួន​ រួច​បំពេញ​កិច្ចការ​លើ​ក្រដាស​កិច្ច​ឲ្យ​បាន​ត្រឹមត្រូវ​មុន​យកទៅ​ជូន​អនុរក្ស​។​ ពេល​ធ្វើ​កិច្ចការ​ចប់​ត្រូវ​ចេញ​ក្រៅ​បន្ទប់​ប្រឡង​មិនត្រូវ​ឡូឡា​ក្នុង​បន្ទប់​ប្រឡង​នាំ​ឲ្យ​រំខាន​ដល់​បេក្ខជន​ដទៃ​ទៀត​ឡើយ​។

ក្នុង​នោះ​លោកជំទាវ​ប៉ុក ​ណា​ឌី​ បាន​ជំរុញ​ឲ្យ​សមណ​សិស្ស​ទាំងអស់​ត្រូវយក​កិច្ច​ទុកដាក់​ក្នុងការ​ប្រឡង​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ឲ្យ​បាន​ចំណេះ​នៅ​ក្នុង​ខ្លួន​ពិតៗ​ដើម្បី​ប្រែក្លាយ​ខ្លួន​ទៅជា​ធនធានមនុស្ស​ដែល​ជាតិ​ត្រូវការ​ជា​ចាំបាច់​មិន​អាច​ខ្វះ​បាន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ការ​ប្រឡង​យក​វិញ្ញាបនបត្រ​ពុទ្ធិកបឋមសិក្សា ឆ្នាំ​២០១៧​ឆ្នាំ​២០១៨​នេះ​មាន​រយៈពេល​២​ថ្ងៃ​ពេញ ​គឺ​ថ្ងៃ​ទី​២០​ដល់​ថ្ងៃទី​២១​ ខែមករា ​ឆ្នាំ​២០១៨​។ ក្នុង​នោះ​លោក​យឹម​ យឿន​ក៏​មាន​ប្រសាសន៍​ដែរ​ថា ​សមណ​សិស្ស​ចំនួន​៣៥៧​អង្គនាក់ បាន​ប្រឡង​យក​វិញ្ញាបនបត្រ​ពុទ្ធិកបឋមសិក្សា ឆ្នាំ​២០១៧​ឆ្នាំ​២០១៨​វា​មាន​សារៈសំខាន់​ណាស់​ដើម្បី​វាស់​ស្ទង់​និង​បង្ហាញ​ពី​សមត្ថភាព​ប្រកបដោយ​គុណភាព​ខ្ពស់​ដែល​កើត​ចេញ​ពី​ឆន្ទៈ​ និង ​ការ​ព្យាយាម​សិក្សា​របស់​ព្រះ​តេជគុណ​គ្រប់​អង្គ​សម​តាម​ពាក្យ​ទូន្មាន​របស់​ព្រះ​ជា​ម្ចាស់​ ដែល​បាន​បង្រៀន​បរិស័ទ​ព្យាយាម​មោះមុត​ដើម្បី​ឆ្លង​ផុត​ភាព​អវិជ្ជា​៕

Loading...