សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះវិហារ ចុះឃាត់ខ្លួនជនសង្ស័យម្នាក់លួចម៉ូតូមួយគ្រឿង បញ្ជូនទៅតុលាការខេត្ត ចាត់ការតាមច្បាប់ !

ខេត្តព្រះវិហារ៖ បុរសសង្ស័យលួយម៉ូតូម្នាក់ បានរងការឃាត់ខ្លួនពី កម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រុងព្រះវិហារ ដែលការចាប់ខ្លួននោះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជា ពីមេបញ្ជាការរង ទទួលការងារ យុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកវរៈសេនីយ៍ទោ ជួរ ប៊ុនសុង កាលពីវេលា ម៉ោង១១ និង៣០នាទី ថ្ងៃទី១៥កញ្ញាឆ្នាំ២០២០ នៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

មេបញ្ជាការរង ទទួលការងារយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកវរៈ សេនីយ៍ទោ ជួរ ប៊ុនសុង បានប្រាប់ឲ្យដឹងថា ក្រោយទទួលបានបទបញ្ជាពី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ នោះមក លោកបានដឹកនាំកម្លាំងអាវុធហត្ថខេត្ត ដោយ សហការជាមួយ កម្លាំងអាវុធហត្ថក្រុងព្រះវិហារ ចុះស្រាវជ្រាវលើករណីចោរកម្មលួចម៉ូតូ១គ្រឿង ដែលជន រងគ្រោះបានបាត់កាលពីថ្ងៃទី១កញ្ញាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិភារកិច្ចខាងលិច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោកវរៈសេនីយ៍ទោ ជួរ ប៊ុនសុង បានប្រាប់ឲ្យដឹងទៀតថា ជនសង្ស័យម្នាក់ដែលត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននោះ ឈ្មោះ សុន វណ្ណដា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅបន្ទប់ផ្ទះជួលមួយ កន្លែង ស្ថិតនៅក្នុងភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ លោកបានបន្តថា ក្រោយការឃាត់ខ្លួនរួច កម្លាំងអាវុធហត្ថ បានចូលឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ ហើយបានរក ឃើញ និងដកហូតបានវត្ថុតាង ១២ប្រភេទ រួមមាន៖ កុំព្យូទ័រលេបថប ១គ្រឿង, ស្ទិកឃ័រ ១ឈុត, កាបូបកុំព្យូទ័រ១, សាក់កាដូពណ៌ខ្មៅ១ ,ខ្សែកកាឡៃ ១ឈុត និងទូរស័ព្ទអាយហ្វូនខូច ១គ្រឿង សម្ភារៈទាំង ៦មុខនេះ គឺជារបស់ជនរងគ្រោះដែលបាត់ ហើយរកឃើញនៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យ។ ចំណែក ថ្នាំ ញៀនប្រភេទម៉ាទឹកកក ១កញ្ចប់តូច, ចង្កឹះសោម៉ូតូ ២,កូនសោមួយចំនួន, ស្ទិកឃ័រម៉ាក Wowe ១ឈុត, សម្លៀកបំពាក់ប៉ារ៉ាយោធា ៣កំប្លេ, ដង្កាប់១, ទួលឺវីស៣ និងសម្ភារៈបម្រើឲ្យការប្រព្រឹត្តបទល្មើស មួយចំនួន ទៀត ផងដែរ។

មេបញ្ជាការរងអាវុធហត្ថខេត្ត លោកវរៈសេនីយ៍ទោ ជួរ ប៊ុនសុង បានបញ្ជាក់ថា នៅចំពោះមុខសមត្ថ កិច្ច ជនសង្ស័យ សុន វណ្ណដា បានឆ្លើយសារភាពកំហុសថា ខ្លួនគាត់ពិតជាបានធ្វើសកម្មភាពលួចម៉ូតូ ម៉ាក ឃ្លីក ពណ៌ស ១គ្រឿងនោះមែន និងក្រោយពីលួចបានហើយ គាត់«ជនសង្ស័យ»ក៏បានជិះម៉ូតូនោះយកទៅ បញ្ចាំនៅម្តុំឃ្លាំងរំសេវ រាជធានីភ្នំពេញ ដោយបញ្ចាំបានក្នុងតម្លៃ ៤០០ដុល្លារអាមេរិក ។ លោកបានបញ្ជាក់ ទៀតថា ក្រោយទទួលបានចម្លើយសារភាពគ្រប់គ្រាន់ ពីជនសង្ស័យរួចហើយ នៅខណៈនេះកម្លាំងជំនាញ អាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទៅតុលាការខេត្ត ចាត់ការតាមច្បាប់ ៕

Loading...