សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ប្រដេញស្ទាក់ចាប់រថយន្តកាមរីឆ្លាមមួយគ្រឿង ឃាត់ខ្លួនអ្នកកាន់កាតកាសែតម្នាក់ ដឹកឈើគ្រញូងចេញពីស្រុកសៀមប៉ាង តែត្រូវបង្ក្រាបបាននៅក្នុងទឹកដីខេត្តក្រចេះ !

 

ខេត្តស្ទឹងត្រែង៖ បុរសអ្នកកាន់កាតកាសែតម្នាក់ បានរងការឃាត់ខ្លួន ក្នុងពេលចុះបង្ក្រាបរថយន្តកាមរីឆ្លាម ដឹកជញ្ជូនឈើក្រញូងមួយគ្រឿង ចរាចរណ៍ចេញពីស្រុកកសៀមប៉ាង ខេត្តស្ទឹងត្រែង ប៉ុន្តែ រថយន្តនេះត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត ប្រដេញស្ទាក់ចាប់បាន នៅម៉ោងជាង ២រសៀល ថ្ងៃទី១២វិច្ឆិកាឆ្នាំ២០២០ នៅលើដងផ្លូវជាតិលេខ៧ ត្រង់ចំណុចមុខវត្តអូរព្រះ ស្ថិតក្នុងឃុំអូរព្រះ ស្រុកសំបូរ ខេត្តក្រចេះ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុនពេលកម្លាំងកងរាជអាវុធហត្ថ ចាប់បានរថយន្តដឹកឈើមួយគ្រឿង និងការឃាត់ខ្លួនបុរសអ្នកបើកបរម្នាក់នេះ គឺកម្លាំងសមត្ថកិច្ចបានប្រដេញចាប់រថយន្តនេះ នៅពេលធ្វើសកម្មភាព ដឹកជញ្ជូនឈើក្រញូងចេញពីស្រុកសៀមប៉ាង លុះមកដល់ស្នាក់ការសន្តិសុខអាវុធហត្ថដុងក្រឡ កម្លាំងអាវុធហត្ថបានប្រដេញរថយន្តនេះ រហូតចូលមកដល់ទឹកដីខេត្តក្រចេះ ហើយចាប់បានទាំងរថយន្ត និងអ្នកបើកបរ នៅមុខវត្តអូរព្រះ នៃមូលដ្ឋានខាងលើ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា រថយន្តដឹកឈើក្រញូង ដែលកម្លាំងសមត្ថកិច្ចអាវុធហត្ថ បង្ក្រាបបាននៅក្នុងពេលនោះ ជាប្រភេទរថយន្តកាមរីឆ្លាម ព័ណ៌ស្លែ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-2025 ។ ចំណែក អ្នកបើកបររថយន្ត ឈ្មោះ តាន សុភ័ក្ត្រ ជាជំនួយការនិពន្ធនាយក របស់អង្គភាពសារព័ត៌មានមួយក្នុងស្រុក ដែលឈរជើងយកព័ត៌មាន នៅក្នុងខេត្តក្រចេះ។

ក្រោយការឃាត់ខ្លួន ជនសង្ស័យ រួមជាមួយរថយន្តដឹកឈើក្រញូង ត្រូវបានបញ្ជូនមកកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ។ដោយឡែក ឈើក្រញូងនៅក្នុងរថយន្តនោះ នៅមិនទាន់ដឹងពីចំនួនពិតប្រាកដនៅឡើយទេ ចំពោះវត្ថុតាងបទល្មើស ត្រូវបានប្រគល់ទៅឲ្យមន្ត្រីព្រៃឈើខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

 

Loading...