សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ ឃាត់ខ្លួននាយកទីចាត់ការអន្តរវិស័យរដ្ឋបាលខេត្ត ដែលបានយកកាំបិតចុងស្រួច ចាក់មកលើព្រះរាជអាជ្ញារងខេត្តម្នាក់ សង្ស័យផ្តើមចេញពីរឿងគំនុំ

ខេត្តកំពង់ធំ៖ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំម្នាក់ បានរងការប៉ុនប៉ងធ្វើឃាតដោយចេតនា ក្នុងហេតុការនាយកទីចាត់ការអន្តរវិស័យរដ្ឋបាលខេត្តកំពង់ធំ បានយកកាំបិតចុងស្រួចមកចាក់បំពង់ ក ក្នុងពេលកំពុងទទួលទានអាហាររួមគ្នា នាភោជនីយដ្ឋានមួយ យីហោ «ជ្រោះពេជ្រចិន្តា»។ ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោងជាង ៩យប់ ថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០២០ ស្ថិតក្នុងភូមិបល័្លង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សមត្ថកិច្ចបាននិយាយថា កម្លាំងកងរាជអាវុធហត្ថខេត្ត ក្រោយទទួលបានបញ្ជាពី ព្រះអាជ្ញាខេត្តកំពង់ធំ លោក ស៊ិន វីរៈ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗ បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នាយកទីចាត់ការអន្តរវិស័យខេត្ត ដែលរងការចាប់ខ្លួនពី កម្លាំងកងរាជអាវុធហត្ថខេត្តនៅពេលនោះ ឈ្មោះ ម៉ៅ ប៊ុនធូ ជនសង្ស័យបានរងការចោទពី ជនរងគ្រោះ ឈ្មោះ សាយ វាសនា មានតួនាទីជា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ក្នុងបទ «ប៉ុនប៉ងឃាតកម្ម» ដែលបានប្រព្រឹត្តនៅយប់ថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០២០ នៅក្នុងបន្ទប់កែប នៃភោជនីយដ្ឋានជ្រោះពេជ្រចិន្តា ក្នុងក្រុងស្ទឹងសែន។ មន្ត្រីដដែលបានបន្តថា នៅក្នុងហេតុការដែលជនសង្ស័យ បានធ្វើសកម្មភាពយកកាំបិតចុងស្រួច ប៉ុនប៉ងចាក់ទម្លុះបំពង់ ក ជនរងគ្រោះក្នុងពេលនោះ គឺមានការបង្ហាញវត្តមានថ្នាក់ដឹកនាំជាច្រើនរូប ដែលអង្គុយទទួលទានអាហាររួមគ្នា មានដូចជា ព្រះរាជអាជ្ញារងខេត្ត លោក សាយ វាសនា , មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល ,មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកវរៈសេនីយឯក ឃុន ប៊ុនហូ ,អនុប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខអាវុហត្ថខេត្ត លោក ព្រហ្ម វាសនា និងមានមន្ត្រីចូលរួមជាច្រើនរូបទៀត ផងដែរ។

ស្របពេលដែល លោក សាយ វាសនា ដែលជាជនរងគ្រោះ កំពុងទទួលទានអាហាររួមគ្នានោះ លោក ម៉ៅ ប៊ុនធូ ដែលជាជនសង្ស័យ ក៏ស្ថិតនៅក្នុងភោជនីយ៍ដ្ឋាន «ជ្រោះពេជ្រចិន្តា»នោះដែរ ខណៈនោះ ជនសង្ស័យបានដើរសំដៅចូលមកបន្ទប់ លោក សាយ វាសនា និងបានដើរមកខ្សឹបប្រាប់ លោកមេបញ្ជាការអាវុធហត្ថខេត្ត ថា លោក សុខ លូ អភិបាលខេត្ត ក៏បានអញ្ជើញមកពិសាអាហារ នៅបន្ទប់ខាងកើតជាប់គ្នានេះដែរ។ ក្រោយការចាកចេញពីបន្ទប់កែប របស់លោក ហង្ស ថុល មេបញ្ជាការអាវុធហត្ថខេត្តភ្លាម ជនសង្ស័យបានដើរមកចាប់ដៃជនរងគ្រោះ ខណៈនោះជនសង្ស័យ ក៏បានទាញយកកូនកាំបិតចុងស្រួចមកចាក់បំពង់ ក ជនរងគ្រោះ តែត្រូវបានជនរងគ្រោះផាត់ដៃជនសង្ស័យចេញ ហើយសួរថា ហេតុអ្វីបានជាធ្វើដូច្នេះ តើចង់ចាក់សម្លាប់ខ្ញុំឬ? ជនសង្ស័យបតវិញថា ចាក់សម្លាប់ព្រះរាជអាជ្ញារងម្នាក់ យកឈាមមកលាយស្រាផឹក ។

សមត្ថកិច្ចបានបន្តទៀតថា ស្ថិតក្នុងស្ថានភាពបែបនោះ មានមនុស្សម្នាជាច្រើនផ្អើលចោមរោមមើល ហើយមេបញ្ជាការអាវុធហត្ថខេត្ត លោក ហង្ស ថុល បានស្រែកយ៉ាងសន្ធាប់ ឲ្យជនសង្ស័យទម្លាក់កាំបិតចោល តែជនសង្ស័យនៅតែបន្តការប្រព្រឹត្តមកលើជនរងគ្រោះ ប៉ុន្តែ កាំបិតត្រូវបានចាប់ដកចេញ ដោយមនុស្សមួយក្រុមពី៥ ទៅ៦នាក់។ ចំណែក រឿងនេះបានដឹងដល់ អភិបាលខេត្តកំពង់ធំ លោក សុខលូ និងមន្ត្រីអ្នកមុខអ្នកការជាច្រើនទៀត ដែលកំពុងស្រស់ស្រូបអាហារ នៅពេលនោះ ផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងស្ថានភាពដ៏តឹងតែងនោះ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក ស៊ិន វីរៈ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយបានបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួននាយកអន្តរវិស័យសាលាខេត្ត លោក ម៉ៅ ប៊ុនធូ ក្នុងបទល្មើសជាក់ស្តែង បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមច្បាប់។
ដោយឡែក លោក សាយ វាសនា ដែលជាព្រះរាជអាជ្ញារងខេត្ត និងជាជនរងគ្រោះ នៅថ្ងៃទី១៧វិច្ឆិកាឆ្នាំ២០២០នេះ បានដាក់ពាក្យបណ្តឹង ចូលមកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ប្តឹងឈ្មោះ ម៉ៅ ប៊ុនធូ ភេទប្រុស អាយុ ៤២ឆ្នាំ មានមុខងារជានាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ កើតនៅឃុំវាលស្បូវ ស្រុកគៀនស្វាយ ខេត្តកណ្តាល និងមានទីលំនៅបច្ចុប្បន្ន ភូមិបល័្លង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ពីបទ «ប៉ុនប៉ងឃាតកម្ម» ប្រព្រឹត្តនៅភោជនីយដ្ឋាន «ជ្រោះពេជ្រចិន្តា» ស្ថិតក្នុងភូមិបល័្លង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន កាលពីយប់ថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០២០។
នៅក្នុងបណ្តឹង បានសរសេរទៀតថា ការដែលជនសង្ស័យ ប៉ុនប៉ងធ្វើឃាត មកលើជនរងគ្រោះ ក៏ព្រោះតែជនរងគ្រោះ ធ្លាប់បានដឹកនាំកម្លាំង និងមន្ត្រីជំនាញ ចុះទៅចាប់គ្រឿងចក្រ របស់ឈ្មោះ ជុត ថាន ដោយជនសង្ស័យចោទថា ជនរងគ្រោះបានធ្វើឡើង ដោយគ្មានបញ្ជាពីព្រះរាជអាជ្ញាខេត្ត និងមិនមានកាយសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌នោះឡើយ។ ក្នុងខណៈនោះ ជនសង្ស័យបានប្រាប់កុំឲ្យជនរងគ្រោះ ចាត់ការលើរឿងនេះអី ហើយងាកមកចរចាគ្នា ប៉ុន្តែ លោក សាយ វាសនា មិនព្រម ទើបកើតមានការគុំគួនតាំងពីពេលនោះមក។

ព្រះរាជអាជ្ញារងខេត្តកំពង់ធំ លោក សាយ វាសនា បានប្តឹងឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ដល់រូបលោក ព្រោះលោកក៏ជាសមត្ថកិច្ច ជាអ្នកអនុវត្តច្បាប់ និងជាអ្នកជួយរកយុត្តិធម៌ជូនពលរដ្ឋផងដែរ ,ស្នើសុំឲ្យផ្តន្ទាទោសជនល្មើសក្នុងកម្រិតអតិបរិមាបំផុត ពីបទ «ប៉ុនប៉ងឃាតកម្ម» ,ទាមទាសំណងជំងឺចិត្ត និងការខូចខាតកិត្តិយស ចំនួន ១លានដុល្លារអារិក ថែមទៀតផង។ ខណៈនេះ ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួរ ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ៕

 

 

Loading...