សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបន្តចុះបង្ក្រាបជំនួញគ្រឿងញៀនឆ្លងដែនចូលមកកម្ពុជា ឃាត់ខ្លួនបុរសជាតិម្នាក់ ដកហូតថ្នាំញៀនបានជិត ១គីឡូក្រាម

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យជាតិឡាវម្នាក់ រួមជាមួយថ្នាំញៀនមានទម្ងន់ជិត១គីឡូក្រាម ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បើការឡោមព័ទ្ធហើយឈានទៅចាប់ខ្លួននិងដកហូតបាន គ្រាជនសង្ស័យកំពុងធ្វើសកម្មភាព នាំគ្រឿងញៀនទាំងនោះពីប្រទេសឡាវ ចូលមកកម្ពុជា តាមច្រករបៀងជាច្រើន នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

ការចុះបង្ក្រាបអំពើរត់ពន្ធ និងជួញដូរគ្រឿងញៀននេះ បានប្រព្រឹត្តទៅនៅវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃ១៩ ខែឧសភា ឆ្នាំ២០១៦ នេះ នៅក្នុងភូមិសាស្ត្រ ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ទោ ដួង វិចិត្រ បានបា្រប់ឲ្យដឹងថា នៅបន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនបុរសជាតិឡាវ២នាក់ ព្រមទាំងបានដកហូតបានថ្នាំញៀនជិត២ពាន់គ្រាប់ ។

លោកមេបញ្ជាការរងបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានបទបញ្ជានេះ លោកបានដឹកនាំក្រុមមន្ត្រីជំនាញ បន្តចុះបង្ក្រាបជំនួញគ្រឿងញៀននេះ ហើយនៅព្រឹកថ្ងៃ១៩ ខែឧសភា នេះ កម្លាំងកងរាជអាវុធហត្ថខេត្ត បានឈានទៅចាប់ខ្លួនបុរសជាតិឡាវម្នាក់ទៀត មានឈ្មោះខាំម៉ៃ សៃញ៉ាវង់ អាយុ៤៥ឆ្នាំ ជាកសិករ រស់នៅភូមិឃីណាក ស្រុងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ។ ហើយនៅក្រោយការឃាត់ខ្លួនជនសង្ស័យរួច សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌ស១កញ្ចប់ធំ និងម៉ូតូវ៉េវ ពណ៌ខៀវលាយខ្មៅ ពាក់ស្លាកលេខឡាវ១គ្រឿង បញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពុងសាកសួរ។

មន្ត្រីជំនាញគ្រឿងញៀនអាវុធហត្ថខេត្ត បានបញ្ជាក់ថា ក្រោយការថ្លឹងថ្នាំញៀន ដោយមានការចូលរួមសម្របសម្រួល ពីលោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការខេត្តផងនោះ ឃើញថា ថ្នាំញៀនដែលដកហូតបាននេះ ជាប្រភេទមេតំហ្វេតាមីន ice ម៉ាទឹកកក មានទម្ងន់៩៤៣,៥០ក្រាម ជិត១គីឡូក្រាម ។ មន្ត្រីដដែលបានបញ្ជាក់ ក្រោយការសាកសួរជាបឋម ជនសង្ស័យបានផ្តល់ចម្លើយមកថា ថ្នាំញៀនទាំងនេះមិនមែនជារបស់ខ្លួនគេនោះទេ គឺគេបានស៊ីឈ្នួលគេ ជិះម៉ូតូពីប្រទេសឡាវ នាំចូលមកម្ពុជា ក្នុងតម្លៃ៥០០ដុល្លារអាមេរិក ហើយលុយនេះពេលយកថ្នាំញៀននេះ ប្រគល់ដល់ដៃគេរួចហើយ និងពេលវិលចូលទៅដល់ប្រទេសឡាវវិញ ទើបគេប្រគល់លុយ៥០០ដុល្លារនោះមកឲ្យខ្លួន តែពេលជិះម៉ូតូចូលដល់ដីកម្ពុជា មិនបានប៉ុន្មានគីឡូម៉ែត្រផង សមត្ថកិច្ចកម្ពុជា បានចាប់ខ្លួនគេតែម្តង។

បច្ចុប្បន្នបុរសជាតិឡាវ ព្រមទាំងថ្នាំញៀនមានទម្ងន់ជិត១គីឡូក្រាមនោះ កំពុងស្ថិតក្រោមការសាកសួរ និងរក្សាទុក ពីក្រុមមន្ត្រីជំនាញអាវុធហត្ថខេត្ត ហើយជនសង្ស័យ និងថ្នាំញៀន អាចនឹងត្រូវបញ្ជូនទៅកាន់តុលាការខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃ២០ ខែឧសភា ស្អែកនេះ៕

20160519_111541

20160519_111358

20160519_110251

20160519_105802

20160519_105651

20160519_112933

20160519_111913

Loading...

Leave a Reply

Your email address will not be published. Required fields are marked *