សមត្ថកិច្ចក្រុងច្បារមនឃាត់ខ្លួនជនសង្ស័យ២នាក់រួមជាមួយវត្ថុតាងថ្នាំញៀនជាក់ស្តែង

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ដែលកំពុងតែវាយលុកយ៉ាងខ្លាំងក្នុងសង្គមខ្មែរបច្ចុប្បន្ន ។

ការចាប់ខ្លួននេះបានធ្វើឡើងដោយកងកម្លាំងអាវុធហត្ថក្រុងច្បារមន កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយបានចុះឆែកឆេរផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីចុះឆែកឆេរនោះ ឈានដល់ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន២នាក់៖ ១. ឈ្មោះ ផា សុផាន់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបមិនពិតប្រាកដ រស់នៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ២. ឈ្មោះ អឿ សឺធីន ភេទប្រុស អាយុ២១ឆ្នាំ មុខរបមិនពិតប្រាកដ រស់នៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហើយជាមួយគ្នានេះដែរ សមត្ថកិច្ចបានចាប់យក ដបសំរាប់ជក់ ០២ ដែកកេះចំនួន០៥ ថង់សំរាប់ច្រករំលែកមួយចំនួនធំ ក្រដាសទង់ដែង០១ដុំ ដាវសាំរ៉ៃចំនួន០១ដើមម៉ូតូម៉ាក I con សេរី២០១២ ពណ៌លឿង គ្មានផ្លាកលេខមួយគ្រឿងផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕ មណ្ឌលច្បារមន

Loading...