សមត្ថកិច្ចក្រុងតាខ្មៅចាប់ខ្លួនបុរសម្នាក់ក្នុងចំណោម២នាក់សង្ស័យវាយយកម៉ូតូ

ខេត្តកណ្តាល៖ សមត្ថកិច្ចខេត្តកណ្តាលបានចាប់ខ្លួនបុរសម្នាក់ រីឯម្នាក់ទៀតរត់គេចខ្លួន ដោយសង្ស័យពាក់ព័ន្ធករណីវាយយកម៉ុតូ ។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៤និង១៥នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅ ចំណុចក្នុងបរិវេណដីឡូត៍ផ្ទះរបស់ឈ្មោះឌួង បូរ៉ាត់ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បើតាមសមត្ថកិច្ចក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះគង់ តារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ទីលំនៅភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ រីឯជនល្មើស០២នាក់ ១-ឈ្មោះស្រស់ បញ្ញា ហៅតាក់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិត្បែង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បច្ចុប្បន្ន ស្នាក់នៅក្រោមស្ពានជប៉ុន ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវឃាត់ខ្លួន ។ ២-ឈ្មោះ អូន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិក្រពើហារកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល រត់គេចខ្លួន។

ប្រភពបន្តថា សម្ភារ:ដែលបាត់បង់ម៉ូតូ១គ្រឿងម៉ាក Honda សេ១២៥ ពណ៌ខ្មៅ សេរី២០១០ បិទតែម២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1AV-2321 ។ ជាមួយការឃាត់ខ្លួន សមត្ថកិច្ចចាប់យកវត្ថុតាង សាក់កាដូពណ៌ឈាមជ្រូក០១ អង្រឹងប៉ារ៉ា១, ខោជើងខ្លីត្រឹមជង្គង់២ ។

ប្រភពបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយចាំឌុបម៉ូយនៅមុខផ្ទះសំណាក់យីហោ ម្លិះ សង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ ពេលនោះស្រាប់តែជនល្មើសឈ្មោះអូន បានដើរមកឲ្យជនរងគ្រោះ ឌុបខ្លួនទៅផ្សារឃ្លាំងរំសេវ រាជធានីភ្នំពេញ ដោយឲ្យថ្លៃ២០ដុល្លារ ជនរងគ្រោះ ក៏យល់ព្រម ពេលទៅដល់ឃ្លាំងរំសេវ ក៏ឲ្យឌុបបន្តទៅម្តុំពេទ្យលោកសង្ឃទៀត ដើម្បីលេងណេតនៅទីនោះ បន្ទាប់មកទៀតក៏ឲ្យជនរងគ្រោះឌុបទៅម្តុំវត្តនិរោធទៀតហើយក៏ឲ្យជនរងគ្រោះឌុបមកតាខ្មៅ ពេលឌុបមកដល់ស្ពានជប៉ុន តាខ្មៅ លេចមុខជនជនល្មើសឈ្មោះតាក់ ហើយឲ្យឌុបទៅផ្ទះបងប្អូននៅព្រែកហូរទើបឲ្យលុយ ពេលឌុបទៅដល់កន្លែងកើតហេតុខាងលើ នៅវេលាម៉ោងកើតហេតុជនល្មើសបានប្រើល្បិចសុំខ្ចីម៉ូតូថាយកជិះទៅទិញប៊ីយ៉ែផឹក ជនរងគ្រោះក៏បានហុចសោម៉ូតូឲ្យទៅ ពេលនោះជនសង្ស័យទាំង០២នាក់ក៏បានដណ្តើមគ្នាយកម៉ូតូជិះទៅ ឃើញដូច្នេះ ជនរងគ្រោះក៏ទាញយកកូនសោម៉ូតូមកវិញដោយប្រាប់ថា ចាំខ្លួនឌុបទៅវិញ ទើបជនល្មើសបានវាយជនរងគ្រោះមួយដៃចំចុងដង្ហើមហើយដណ្តើមយកកូនសោម៉ូតូជិះគេចខ្លួនទៅទិសខាងត្បូងបាត់តែម្តង។ លុះដល់ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០១៧ ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចមក នៅវេលាម៉ោង១៧និង១០នាទី សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនល្មើសបាន ម្នាក់ឈ្មោះ ស្រស់ បញ្ញា ហៅ តាក់ នៅចំណុចគល់ស្ពានមិត្ត ភាពកម្ពុជាជប៉ុន ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនល្មើសឈ្មោះស្រស់បញ្ញា ហៅតាក់បានឆ្លើយសារភាពថា បក្ខពួកខ្លួនឈ្មោះ អូន ពិតជាបានធ្វើសកម្មភាពវាយជនរងគ្រោះយកម៉ូតូពិតប្រាកដមែន កាលពីថ្ងៃទី៣១ ខែឆ្នាំដដែល ចំណែកឯខ្លួន មិនបានវាយជនរងគ្រោះទេ គឺគ្រាន់តែបានជិះម៉ូតូរបស់ជនរងគ្រោះទៅជាមួយឈ្មោះ អូនប៉ុណ្ណោះ ៕

 

Loading...