សមត្ថកិច្ចខេត្តកំពង់ឆ្នាំងឃាត់ខ្លួន បានហើយបុរស់យកកាំភ្លើងAKគំរាមអ្នកជិះម៉ូតូ

(កំពង់ឆ្នាំ)៖ បុរសសម្ញែងកាំភ្លើង AK និងគំរាមបុកអ្នកជិះម៉ូតូ សង្ស័យផ្តើមចេញពីការទាស់ចិត្តរឿងបើកបរលើដងវិថីនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនោះ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនហើយ។

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនតាំងពីយប់មិញ និងកំពុងសួរនាំ ដេីម្បីចាត់វិធានការតាមនីតិវិធី។

លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងនគរបាលទទួលផែនសេនាធិការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជម្លោះខាងលើនេះកើតឡើងរវាងកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅ (កៅ) ដែលគេហៅឈ្មោះក្រៅថា០៩ ជាមួយនឹងភាគីម្ខាងទៀតជិះម៉ូតូមួយគ្រឿងមានគ្នាពីរនាក់។

លោកស្នងការរងបានបញ្ជាក់ថា ជនដែលមានអាវុធអាកាប្រើប្រាស់នេះ មិនមែនជាកងកម្លាំងនោះទេ គឺគ្រាន់តែជាអ្នកបម្រើការក្នុងក្រុមហ៊ុនមួយកន្លែងនៅឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងប៉ុណ្ណោះ។
បុរសគំរាមបុក និងសម្ញែងកាំភ្លើងដាក់អ្នកជិះម៉ូតូនេះ មានឈ្មោះ ញឹក ផល អាយុ ៣៨ឆ្នាំ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ មានជម្លោះពាក្យសម្តីព្រោះតែការបើកបរមួយរវាងអ្នកជិះរថយន្ត និងអ្នកជិះម៉ូតូ នៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
តាមរយៈវីដេអូថតដោយបុរសអ្នកជិះម៉ូតូ ហើយបង្ហោះ និងចែកចាយយ៉ាងព្រោងព្រាតលើបណ្តាញសង្គមនោះ គេបានឃើញបុរសភាគីអ្នកជិះរថយន្ត បាននិយាយគំរាមឱ្យបុរសជិះម៉ូតូបើកបរឱ្យបានត្រឹមត្រូវ ហើយថែមទាំងបានគំរាមបុកអ្នកជិះម៉ូតូផងដែរ។ មិនត្រឹមតែគំរាមបុក និងប្រើសម្តីធ្ងន់ៗដាក់ទៅបុរសជិះម៉ូតូនោះទេ បុរសជាអ្នកជិះរថយន្តនេះថែមទាំងបានទាញយកកាំភ្លើង AK៤៧ ចេញពីក្នុងរថយន្តមកកាន់សម្ញែងដាក់ភាគីជម្លោះថែមទៀតផង។

គេក៏នៅមិនទាន់ដឹងថា ជម្លោះនេះផ្តើមចេញពីអ្វីនោះទេ។ តែទោះបីជាយ៉ាងណា ក្រោយឃើញហេតុការណ៍នេះ គេបានសម្តែងការហួសចិត្តចំពោះការមិនចេះយោគយល់ និងអធ្យាស្រ័យគ្នាលើការបើកបរលើដងវិថី ហើយឈានទៅដល់ទំនាស់មួយដែលមិនគួរកើត៕

Loading...