សមត្ថកិច្ចខេត្តកំពង់ស្ពឺស្រាវជ្រាវឃើញរថយន្តបុកបុរសសតិមិនគ្រប់ស្លាប់នោះហើយ

ខេត្តកំពង់ស្ពឺ៖ កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានស្រាវជ្រាវរហូតដល់ឃើញរថយន្តសង្ស័យបើកបុកបុរសវិកលចរិកម្នាក់បណ្តាលឲ្យបាត់បង់ជីវិតនោះហើយ និងបាននាំយករថយន្តនេះមករក្សាទុកនៅអធិការដ្ឋាននគរបាលដើម្បីដោះស្រាយតាមនីតិវិធី ។

រថយន្តដែលសមត្ថកិច្ចស្រាវជ្រាវរកឃើញនេះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយលឿង ស្លាកលេខ ភ្នំពេញ 3D 0435 ស្ថិតនៅលើផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ៩៧ និង៩៨ ភូមិស្រស់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តនេះពាក់ពន្ធ័ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ នៅលើផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ៧៩ និងលេខ៨០ ភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ដោយបុកមនុស្សវិកលចរិកម្នាក់បណ្តាលឲ្យស្លាប់ ។

សមត្ថកិច្ចបញ្ជាក់ថា សាកសពឈ្មោះម៉ៃ ង៉ែត ភេទប្រុស អាយុប្រហែល៤៦ឆ្នាំ រស់នៅភូមិក្រាំងបឹង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមនុស្សមានសតិមិនគ្រប់ ៕ មណ្ឌលច្បារមន

Loading...