សមត្ថកិច្ចខេត្តព្រះវិហារ បានចុះដកហូតសត្វស្វាជិត១០០ក្បាលពីប្រជាពលរដ្ឋ គ្រាដែលពួកគាត់បាននាំយកមកចិញ្ចឹមដោយខុសច្បាប់!

ខេត្តព្រះវិហារ៖ សត្វស្វាជិត១០០ក្បាល ដែលប្រជាពលរដ្ឋបាននាំយកមកចិញ្ចឹម ទុកសំរាប់លក់នោះជាអាហារនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ របស់រដ្ឋបាលព្រៃឈើថ្នាក់កណ្តាល សហការជាមួយកម្លាំងសមត្ថកិច្ចខេត្តព្រះវិហារ ចុះធ្វើការរឹបអូសយក ដើម្បីនាំយកសត្វស្វាទាំងនោះ ទៅដោះលែងឲ្យមានសេរីភាពឡើងវិញ។

ប្រតិបត្តិការចុះបង្ក្រាបនោះ បានធ្វើឡើងកាលពីថ្ងៃទី៧មិថុនាម្សិលមិញ នៅលំនៅដ្ឋានប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

សមត្ថកិច្ចដែលទៅបង្ក្រាបសត្វស្វានោះ បានប្រាប់ឲ្យដឹងថា សត្វស្វាដែលដកហូតបានពីប្រជាពលរដ្ឋនាគ្រានោះ មានចំនួន៩៥ក្បាល សត្វស្វាទាំងនេះត្រូវបានគេនាំយកមកចិញ្ចឹមទុកលក់ដោយគ្មានការអនុញ្ញាត រីឯការនាំសត្វព្រៃមកចិញ្ចឹមនោះ ត្រូវបានច្បាប់កម្ពុជាហាមឃាត់ជាដាច់ខាត។ ចំណែក គ្រួសារដែលចិញ្ចឹមសត្វស្វាលក់នេះ ឈ្មោះ សេង គី ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ។ លោកបានបញ្ជាក់ថា សត្វស្វាដែលដកហូតបានទាំង៩៥ក្បាលនោះ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល នាំយកទៅដោះលែងឲ្យរស់រានមានជីវិត នៅក្នុងឧទ្យានជាតិភ្នំតាម៉ៅ ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ ដោយឡែក ស្ត្រីដែលចិញ្ចឹមសត្វស្វាទាំងនេះ ត្រូវបានសមត្ថកិច្ចឲ្យចូលខ្លួនមកធ្វើកិច្ចសន្យា បញ្ឈប់ការទិញ លក់ និងការចិញ្ចឹមសត្វព្រៃដោយខុសច្បាប់នោះទៀត បើក្នុងករណីមិនរៀងចាល នៅថ្ងៃក្រោយនោះទេ នោះសមត្ថកិច្ចជំនាញនឹងចាត់វិធានការទៅតាមច្បាប់ នោះហើយ៕

 

Loading...