សមត្ថកិច្ចខេត្តព្រះវិហារ ចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើពីរកន្លែង រឹបអូសឈើបានជាង ១០០ដុំនិងសន្លឹក រួមទាំងសម្ភារៈកែច្នៃឈើជាច្រើនគ្រឿង 

ខេត្តព្រះវិហារ៖ ឈើប្រណិត និងឈើអារក្រៅលំដាប់ថ្នាក់ ប្រមាណជាង ១០០ដុំ និងសន្លឹក រួមទាំងម៉ាស៊ីន និងឧបករណ៍បម្រើឲ្យការកែច្នៃឈើជាង ១០គ្រឿង មានតម្លៃច្រើនពាន់ដុល្លារអាមេរិក ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តព្រះវិហារ ដកហូតបាន ក្រោយការបង្ក្រាបរោងសិប្បកម្មកែច្នៃឈើប្រណិតពីរកន្លែង របស់ជនជាតិវៀតណាម ស្ថិតនៅក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមកិច្ចសហការ រវាងខណ្ឌរដ្ឋបាលព្រៃឈើ និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ កាលពីថ្ងៃទី២០វិច្ឆិកា និងនៅរយៈពេល២ថ្ងៃ គឺសៅរ៍ទី២១វិច្ឆិកា និងថ្ងៃអាទិត្យទី២២វិច្ឆិកាឆ្នាំ២០២០ ចុងសប្តាហ៍មកនេះ កម្លាំងសមត្ថកិច្ចបានធ្វើការដឹកជញ្ជូន វត្ថុតាងបទល្មើសទាំងនោះ យកមករាប់ វាស់វែង និងចងក្រងឯកសារ ចាត់ការតាមច្បាប់។

នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានប្រាប់ឲ្យដឹងនៅថ្ងៃ២៣វិច្ឆិកានេះថា កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត មន្ត្រីផ្នែក-សង្កាត់ព្រៃឈើ និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន បានសហការរួមគ្នា ចុះបង្ក្រាបរោងសិប្បកម្មកែច្នៃផល-អនុផលព្រៃឈើ ដោយខុសច្បាប់ ចំនួន ២កន្លែង ស្ថិតនៅក្នុងមូលដ្ឋានខាងលើ ហើយរោងសិប្បកម្មទាំងនេះ ត្រូវគេដឹងថា មានជនជាតិវៀតណាម បានមកបើកកែច្នៃឈើ ដោយលួចលាក់នៅទីនេះ។ លោកបានបន្តថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចដកហូតបាន ម៉ាស៊ីនគោយន្ត ១គ្រឿង តាបវៀល ២គ្រឿង តាបឈូស ២គ្រឿង តាបជ្រៀក ២គ្រឿង ដង្គុំក្រឡឹង ១គ្រឿង ម៉ូទ័រខាត់ ២គ្រឿង ម៉ូទ័រឈូស ១គ្រឿង និងឌីណាម៉ូ ១គ្រឿង ,ដកហូតឈើប្រណិត មានបេង នាងនួន ធ្នង់ ៥៩ដុំ ស្មើនឹង ១,៥៦២ម៉ែត្រគូប ឈើអារលេខ១ ឈើផ្ចឹក ៣៧ សន្លឹក ស្មើនឹង ១,០៧៧ម៉ែត្រគូប ឈើអារក្រៅលំដាប់ថ្នាក់ (ស្វាយព្រៃ) ១៨ដុំ ស្មើនឹង ០,៩៥៩ម៉ែត្រគូប សរុប ១១៤ដុំ និងសន្លឹក ស្មើនឹង ៣,៥៩៨ម៉ែត្រគូប។

ដោយឡែកម៉ាស៊ីន និងឧបករណ៍កែច្នៃឈើ សរុប ១២គ្រឿង មានតម្លៃច្រើនពាន់ដុល្លារអាមេរិក។ លោក នួន សុខុម បានបញ្ជាក់ថា វត្ថុតាងទាំងអស់ ត្រូវបានដឹកជញ្ជូនយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ស្ថិតក្នុងស្រុកជាំក្សាន្ត ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមច្បាប់។ ចំណែក ម្ចាស់បើកសិប្បកម្មជនជាតិវៀតណាម បានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះទៅដល់ ហើយសមត្ថកិច្ចនឹងបន្តស្រាវជ្រាវ ដើម្បីឈានទៅកំណត់អត្តសញ្ញាណជននោះ ឲ្យចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់ ស្តីពីព្រៃឈើ ៕

 

 

Loading...