សមត្ថកិច្ចខេត្តព្រះវិហារកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យដែលបានបាញ់សម្លាប់ជនរងគ្រោះនាយប់រាំរែកនៅទីជនបទដាច់ស្រយាលមួយក្នុងស្រុកឆែប 

ខេត្តព្រះវិហារ៖ យុវជនពីរនាក់ ម្នាក់បានស្លាប់ និងម្នាក់ទៀត កំពុងត្រូវបានសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។

ជនរងគ្រោះទាំងពីរនាក់ ត្រូវគេនិយាយថា បានរងរបួសនៅក្រោយកើតអំពើលបលួចបាញ់ប្រហារមួយ ពីជនមិនស្គាល់មុខ នាជាងពាក់កណ្តាលអាធ្រាត្រ ថ្ងៃ១០មេសា ឈានចូលថ្ងៃ១១មេសាកន្លងទៅនេះ បន្ទាប់ពីពួកគេបានចាកចេញពីទីរាំរែកមួយ នៅក្នុងភូមិកាឡោត ឃុំសង្កែ២ ស្រុកឆែប ខេត្តព្រះវិហារ។

អធិការនគរបាលស្រុកឆែប លោកវរៈសេនីយ៍ទោ ឈួរ ម៉ាឌី បានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ ម្នាក់ឈ្មោះ វ៉ាន់ វៃ អាយុ១៨ឆ្នាំ របួសត្រង់ចង្កេះ និងម្នាក់ទៀត ឈ្មោះ ឈុន រី អាយុ១៧ឆ្នាំ របួសចង្កេះ និងឆ្អឹងជំនី បានស្លាប់ ពួកគេរស់នៅភូមិជោគជ័យ ឃុំសង្កែ២ ស្រុកឆែប ពួកគេទាំងពីរនាក់ ត្រូវបានខ្មាន់កាំភ្លើងលបបាញ់ប្រហារ ដោយប្រើអាវុធកែច្នៃ ប្រភេទកាប៊ិន ក្រោយការចាកចេញពីវង់រាំធុងបាសមួយកន្លែង នៅទីកើតហេតុខាងលើ បណ្តាលឲ្យរងរបួសធ្ងន់ ហើយម្នាក់បានស្លាប់ ក្រោយពេលបញ្ជូនមកដល់មន្ទីពេទ្យ។

លោកអធិការបានបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចូលរាំលេងធុងបាសនៅក្នុងភូមិ ហើយកម្លាំងសមត្ថកិច្ច ក៏មានប្រចាំការ នៅកន្លែងវង់រាំនោះដែរ។

លោកថា ក្រោយពីរាំលេងអស់ចិត្តរួចមក ជនរងគ្រោះទាំងពីរនាក់ បានវិលត្រឡប់ទៅផ្ទះវិញ បានចម្ងាយប្រហែល១គីឡូម៉ែត្រ ក៏ស្រាប់តែមានជនមិនស្គាល់មុខ បានលបបាញ់សំជនរងគ្រោះទាំងពីរ។

បន្ទាប់ពីបានឮសូរផ្ទុះអាវុធនោះភ្លាម កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យ ដល់កន្លែងកើតហេតុ និងបានជួយលើកជនរងគ្រោះទាំងពីរនាក់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ តែដោយសាររបួសធ្ងន់ធ្ងរពេក និងផ្លូវឆ្ងាយផងនោះ ធ្វើឲ្យជនរងគ្រោះម្នាក់បានស្លាប់នៅក្នុងមន្ទីពេទ្យនៅគ្រានោះទៅ។ លោកបញ្ជាក់ថា ការកើតអំពើលបបាញ់ប្រហារនេះ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា អាចផ្តើមចេញពីរឿង « គំនុំ »។

ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ ស៊ី គិរី លោកបានថ្លែងឲ្យដឹងនៅរសៀលថ្ងៃ១២មេសានេះថា រហូតមកទល់នឹងពេលនេះ សមត្ថកិច្ចកំពុងខិតខំស្វែងរក និងឈានទៅកំណត់មុខសញ្ញាជនសង្ស័យដៃដល់នោះហើយ ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់៕

Loading...