សមត្ថកិច្ចខេត្តស្ទឹងត្រែង ប្រដេញស្ទាក់ចាប់រថយន្តសាំងយ៉ុងមួយគ្រឿង ដែលដឹកជញ្ជូនឈើល្មើសច្បាប់ ក្នុងកាលៈទេសៈដែល រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ អោយបង្កើនការអនាម័យ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ !

ខេត្តស្ទឹងត្រែង៖ សកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ ត្រូវគេកត់សម្គាល់ឃើញថា នៅតែបន្តកើតមានជាហូរហែរ នៅលើដងផ្លូវនានា ក្នុងខេត្តស្ទឹងត្រែង។ រីឯសមត្ថកិច្ចខេត្ត បានប្រញ៉ាប់បើកប្រតិបត្តិការចុះបង្ក្រាប ដោយប្រដេញស្ទាក់ចាប់បានរថយន្តសាំងយ៉ុងមួយគ្រឿង ក្រោមសេចក្តីរាយការណ៍ថា រថយន្តនោះមានផ្ទុកទៅដោយផល-អនុផលព្រៃឈើ នៅក្នុងនោះ។

ប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើមួយគ្រឿងនោះ បានធ្វើឡើងដោយកម្លាំងនគរបាលខេត្តស្ទឹងត្រែង នៅម៉ោងប្រមាណជា ១១ ថ្ងៃត្រង់ ថ្ងៃទី៣០ឧសភាឆ្នាំ២០២០ នៅលើដងផ្លូវជាតិលេខ៧ ត្រង់ចំណុចគីឡូម៉ែត្រលេខ១១ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សេចក្តីរាយការណ៍បានអោយដឹងថា កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រដេញស្ទាក់ចាប់រថយន្តសាំងយ៉ុង១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-8729 បានដឹកឈើចេញពីភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ នាំឆ្ពោះចូលមកដីក្រុងស្ទឹងត្រែង និងក្នុងគោលដៅនាំឆ្ពោះទៅកាន់ ខេត្តក្រចេះ ហើយម្ចាស់រថយន្តនេះ ត្រូវគេស្គាល់ឈ្មោះ ថាន។ ក្រោយទទួលបានសេចក្តីរាយការណ៍នោះភ្លាម កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តមួយក្រុម បានចេញស្ទាក់ចាប់រថយន្តដឹកឈើនោះ តែត្រូវបានតៃកុងរថយន្តនោះបន្ថែមល្បឿនយ៉ាងលឿន។ ចំណែក កម្លាំងនគរបាលបានប្រដេញតាម ចាប់ពីគល់ស្ពានមេគង្គស្ទឹងត្រែង នៅលើកំណាត់ផ្លូវជាតិលេខ៩ ទើបស្ទាក់ចាប់បាននៅលើដងផ្លូវជាតិលេខ៧ ដែលការប្រដេញនោះ មានចម្ងាយជាច្រើនគីឡូម៉ែត្រ ទើបស្ទាក់ចាប់បានរថយន្តដឹកឈើល្មើសច្បាប់នោះបាន។

សេចក្តីរាយការណ៍ បានបន្តអោយដឹងទៀតថា នៅក្នុងសកម្មភាពបង្ក្រាបរថយន្តដឹកជញ្ជូនឈើនោះ កម្លាំងនគរបាលបានឃាត់ខ្លួនបុរសពីរនាក់ ម្នាក់ជាតៃកុងរថយន្ត និងម្នាក់ទៀត គឺជាព្រូរថយន្តដឹកឈើ ដែលជាអ្នកស៊ីឈ្នួល អោយឈ្មោះ ថាន ដែលជាម្ចាស់រថយន្ត និងជាអ្នកដឹកជញ្ជូនឈើល្មើសច្បាប់ បន្ទាប់មកទាំងរថយន្តដឹកឈើ បុរសតៃកុង និងព្រូរថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ច នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។

នៅព្រឹកថ្ងៃទី៣១ឧសភានេះ អ្នកសារព័ត៌មានជាច្រើនអង្គភាព បានព្យាយាមទំនាក់ទំនងទៅកាន់កម្លាំងសមត្ថកិច្ច ដែលចុះបង្ក្រាបរថយន្តដឹកឈើនោះ តែមិនទទួលបានការឆ្លើយតបវិញនោះទេ ដោយសួរម្នាក់ ឆ្លើយអោយសួរតទៅម្នាក់ទៀត។ ហើយរហូតមកទល់នឹងពេលនេះ គេមិនទាន់ដឹងថាតើ ឈើដែលផ្ទុកនៅក្នុងរថយន្តនោះ មានប៉ុន្មានម៉ែត្រគូប រីឯ បុរសស៊ីឈ្នួលតាមរថយន្តដឹកឈើទាំងពីរនាក់នោះ នឹងបន្តចាត់ការយ៉ាងណានៅឡើយទេ?។ ប៉ុន្តែ តាមប្រភពពីមន្ត្រីនគរបាលខេត្តម្នាក់ បានបង្ហើបអោយដឹងថា បុរសពីរនាក់ស៊ីឈ្នួលបើករថយន្ត និងជាព្រូដើរតាមរថយន្តនោះ ត្រូវបានដោះលែងវិញហើយ ដោយម្ចាស់រថយន្តដឹកឈើ ព្រមចូលខ្លួនមកបង់ពិន័យអន្តរការ តាមច្បាប់ស្តីពីព្រៃឈើ ៕

Loading...