សមត្ថកិច្ចខេត្តស្ទឹងត្រែងបង្ក្រាបទូកដឹកឈើល្មើសច្បាប់មួយគ្រឿងយកទៅចាត់ការបន្ត!

ស្ទឹងត្រែងៈទូកដឹកឈើមួយគ្រឿងដែលគេដឹងថាតែងតែលួចដឹកជញ្ចូនឈើតាមរយៈទូកអេវ ពីចំណុចឃុំស្តៅស្រុកសេសានទៅកាន់កំពង់ដរ ដុងតាដាំក្នុងភូមិស្រែពោធិ៍សង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែងដើម្បីដឹកជញ្ជូនបន្តទៅចែកចាយក្នុងសិប្បកម្មអត់ច្បាប់ក្នុងខេត្តមួយនេះ នៅយប់ថ្ងៃទី២មករា២០២១នេះត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងកម្លាំងបរិសា្ថន បង្ក្រាបបានហើយ ។

នៅក្នុងការចុះបង្ក្រាបទូកខាងលើនោះកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងកម្លាំងបរិសា្ថនខេត្តបានសហការគ្នា និងបានបើកទូកដេញតាមទូកដឹកឈើល្មើសច្បាប់នៅតាមដងទន្លេសេកុងទម្រាំតែបង្ក្រាបបានគឺមិនងាយស្រួលនោះទេ។សមត្ថកិច្ចអោយដឹងថាអ្នកបើកបរទូកដឹកឈើល្មើសច្បាប់បានបើកទូករត់គេចចេញពីសមត្ថកិច្ច នាំឈើដែលនៅលើទូកពេញប្រៀបយកទៅទំម្លាក់នៅតាមវាលខ្សាច់និងព្យាយាមបើកទូកបណ្តើរបោះឈើនៅលើទូកចោលបណ្តើររហូតដល់អស់ពីទូក ប៉ុន្តែទោះជាយ៉ាងណាក៍សមត្ថកិច្ចនៅតាមចាប់បង្ក្រាបទូកល្មើសទាល់តែបាន ។

ក្រោយការបង្ក្រាបសមត្ថកិច្ចបញ្ចាក់ថាឈើដែលបង្ក្រាបបានជាប្រភេទឈើប្រណិតបេង មានចំនួន១៤ដុំ(ជាឈើដែលនៅសេសសសល់ក្រោយពីការទម្លាក់ចូលក្នុងទឹកទន្លេ)ហើយបាននាំយកទូកនិងឈើដែលនៅសេសសស់នោះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕

Loading...