សមត្ថកិច្ចឃាត់ខ្លួន ពលរដ្ឋ៦នាក់ បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

(បន្ទាយមានជ័យ)៖ ពលរដ្ឋខ្មែរចំនួន៦នាក់ ដែលបម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រូវបានកម្លាំងនគរបាលវរសេនាតូចល៨៩១ ធ្វើការឃាត់ខ្លួននៅចំណុចខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ។

សមត្ថកិច្ចបានឲ្យដឹងថា តាមការសាកសួរប្រជាពលរដ្ឋទាំងអស់បានឆ្លើយថា គោលបំណងរបស់ពួកគាត់ គឺចង់ចូលទៅធ្វើការនៅខេត្តឈុនបុរី ប្រទេសថៃ ដោយមានថៅកែ មករងចាំនៅផ្សាររោងគ្លឿ (ប្រទេសថៃ) តាមរយៈម៉ូតូឌុប ដោយយកលុយម្នាក់២,៥០០បាត ។
ក្រោយមកកម្លាំងសមត្ថកិច្ច បានធ្វើការណែនាំអប់រំ កុំឲ្យលូចឆ្លងដែននឹងកុំជឿតាមមេខ្យល់ ព្រមទាំងបានធ្វើកិច្ចសន្យា នៅចំពោះមុខសមត្ថកិច្ចប៉ុស្តិ៍ការពារព្រំដែនក្បាលស្ពាន និងផ្តិតមេដៃទុកជាវត្ថុតាង ចំពោះមុខច្បាប់ជាធរមានបានឲ្យវិលត្រលប់ទៅលំនៅដ្ឋានវិញ ។ ពលរដ្ឋទាំង៦នាក់ដែលត្រូវឃាត់ខ្លួននេះ ទី១៖ឈ្មោះ សា រ៉ា ភេទស្រី អាយុ៣៩ឆ្នាំ, ទី២៖ឈ្មោះ សុខ យ៉ាវ អាយុ៣៩ឆ្នាំ, ទី៣៖ឈ្មោះ ទួន សឿន អាយុ៣៣ឆ្នាំ, ទី៤៖ឈ្មោះ សុខ ចេក អាយុ៤២ឆ្នាំ, ទី៥៖ឈ្មោះ ថាន់ វ៉ា អាយុ០៤ឆ្នាំ ត្រូវជាកូនឈ្មោះ សុខ យ៉ាវ និងទី៦៖ឈ្មោះ កុល តៃគា អាយុ២៨ឆ្នាំ។
គួរជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានស្នើសមត្ថកិច្ចតាមបន្ទាត់ព្រំដែនទាំងអស់ ជាពិសេសរដ្ឋបាលដែនដី កម្លាំងកងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ និងមន្រ្តីសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត រួមសហការគ្នាទប់ស្កាត់ ប្រជាពលរដ្ឋលួចឆ្លងដែនចូលប្រទេសថៃ និងចាប់មេខ្យល់យកមកផ្តន្ទាទោសតាមច្បាប់ ៕

Loading...