សមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង ចុះបង្ក្រាបទីតាំងស្តុកឈើល្មើសច្បាប់ នៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយ និងដកហូតបានឈើជិត១២០សន្លឹក

ខេត្តស្ទឹងត្រែង៖ ឈើអារជិត១២០សន្លឹក ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ស្រុកបុរីអូរស្វាយសែនជ័យ មានកម្លាំងកងរាជអាវុធហត្ថ និងមន្ត្រីព្រៃឈើដុងក្រឡ ដឹកនាំដោយអភិបាលរងស្រុកបុរីអូរស្វាយសែនជ័យម្នាក់ ចុះបង្ក្រាប និងរឹបអូសបាន ហើយនាំយកមករក្សាទុក ជាសម្បត្តិរដ្ឋ។

ការបង្ក្រាបបានធ្វើកាលពីម៉ោង៤ និង៤០នាទីល្ងាច ថ្ងៃទី៨ឧសភាឆ្នាំ២០២០ នៅចំណុច (UTM 618313.1520743) ក្នុងដីក្រុមហ៊ុន ជី ជី វើ « G G VER » ដែលជាក្រុមហ៊ុនឯកជនមួយ ស្ថិតក្នុងភូមិកោះកី ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ក្រុមមន្ត្រីនៅក្នុងការបង្ក្រាបឈើ បានបង្ហើបអោយដឹងថា មុនឈានដល់ការបង្ក្រាបឈើនេះ ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ បានរាយការណ៍ថា ពួកគេបានប្រទះឃើញ ទីតាំងស្តុកទុកឈើមួយកន្លែង ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ច ចុះទៅបង្ក្រាបតែម្តង។ លោកថា ឈើទាំងនោះ ត្រូវបានឈ្មួញដឹកជញ្ជូនយកមកស្តុកទុក នៅក្នុងបរិវេណដីក្រុមហ៊ុនឯកជនមួយ ឈ្មោះ ជី ជី វើ « G G VER » និងឈើដែលដកហូតបាននៅក្នុងពេលនោះ ជាប្រភេទឈើសុក្រំ មានចំនួន ១១៩សន្លឹក ហើយខណៈនេះ នៅមិនទាន់បានវាស់វែងនៅឡើយទេ។

លោកបានបញ្ជាក់ថា ក្រោយការបង្ក្រាប និងរឹបអូសនោះរួច វត្ថុតាងបទល្មើសឈើសុក្រំ ១១៩សន្លឹកនោះ ត្រូវបានដឹកជញ្ជូនយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ ខេត្តស្ទឹងត្រែង៕

Loading...