សមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែងចុះបង្ក្រាបនិងរឹបអូសឈើប្រណិតបានជាង១០០ដុំនៅជិតខ្សែ បន្ទាត់ព្រំដែនកម្ពុជា-ឡាវ

ខេត្តស្ទឹងត្រែង៖ ជំនួញឈើឆ្លងដែននៅតាមបណ្តោយខ្សែត្រៀមព្រំដែនជួរមុខ ក្នុងខេត្តភាគឥសាន្ត ត្រូវគេរាយការណ៍ថា បាននិងកំពុងចាប់កម្រើកឡើងវិញនោះហើយ បើទោះបីជានៅមួយរយះកាលកន្លងមកនេះ គណៈកម្មាការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានចុះធ្វើយុទ្ធនាការ មានលក្ខណៈទ្រង់ទ្រាយធំ ដើម្បីបង្ក្រាបជំនួញឈើអនាធិបតេយ្យនោះយ៉ាងណាក៏ដោយ ។

សេចក្តីរាយការណ៍ពីព្រំដែនកម្ពុជា-ឡាវ បានឲ្យដឹងថា កាលពីថ្ងៃ២៦ឧសភាម្សិលមិញនេះ សមត្ថកិច្ចចម្រុះរបស់ខេត្ត សហការជាមួយស្រុកសៀមប៉ាង បានធ្វើការដឹកជញ្ជូនឈើប្រណិត ប្រមាណជាង១០០ដុំ ដើម្បីយករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុក ។រីឯការដឹកជញ្ជូនឈើប្រណិតនោះ គឺបានធ្វើឡើងនៅក្រោយការបង្ក្រាប អស់រយះពេលជាច្រើនថ្ងៃមកនេះ ដែលឈើទាំងនោះ ត្រូវគេប្រទះឃើញ ឈ្មួញបានធ្វើការដឹកជញ្ជូនយកមកលាក់ទុក ត្រៀមដឹកចេញទៅកាន់ប្រទេសឡាវ ស្ថិតនៅចំណុចអូរពាមខិៈ ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ចំណែក ក្រុមឈ្មួញនៅគ្រានោះ ត្រូវគេឲ្យដឹងថា បានរត់គេចខ្លួនចូលព្រៃបាត់អស់ និងបានបន្សល់ទុកតែវត្ថុតាងបទល្មើស ឈើប្រណិតប្រភេទឈើធ្នង់ ចំនួន១១៤ដុំ ប៉ុណ្ណោះ។

សមត្ថកិច្ចចម្រុះដែលចុះបង្ក្រាបឈើនោះ ត្រូវគេរាយការណ៍ថា មានកម្លាំងកងរាជអាវុធហត្ថ កងនគរបាលស្រុក ដឹកនាំដោយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ប្រចាំមូលដ្ឋាននោះ។ ហើយឈើប្រណិតប្រភេទធ្នង់ ដែលមានចំនួន១១៤ដុំនោះ ត្រូវបានគេនាំគ្នាធ្វើការដឹកជញ្ជូន យកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើសៀមប៉ាង ដើម្បីចងក្រងសំណុំរឿងបទល្មើសព្រៃឈើនេះ មកកាន់តុលាការខេត្តស្ទឹងត្រែង ។

ប្រជាពលរដ្ឋស្រុកសៀមប៉ាងបានរាយការណ៍ថា បើទោះបីជាសមត្ថកិច្ចនៅតែបន្តចុះបង្ក្រាបជំនួញឈើប្រណិតនោះយ៉ាងណាក៏ដោយ ក៏នៅតែមានសេចក្តីរាយការណ៍ថា សកម្ម ភាពដឹកជញ្ជូនឈើធ្វើជំនួញនោះ ក៏នៅតែមិនបានថមថយនោះទេ ។ហើយឈើទាំងនោះ មួយភាគឈ្មួញបានដឹកជញ្ជូនយកទៅលក់នៅប្រទេសឡាវ តាមច្រករបៀងជាច្រើននៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ មួយភាគទៀត ឈ្មួញបានបន្តដឹកជញ្ជូនចេញពីព្រៃឧទ្យានជាតិវរៈជ័យ នាំយកចូលទៅស្តុកទុកនៅក្នុងស្រុកវ៉ឺនសៃ ខេត្តរតនៈគីរី ហើយឈើទាំងនោះ ឈ្មួញនឹងដឹកជញ្ជូនបន្តយកទៅលក់នៅឯប្រទេសវៀតណាម តាមច្រកទ្វារអូរយ៉ាដាវ។

ដោយឡែក នៅក្នុងស្រុកថាឡាបរិវ៉ាត់ ឯណោះវិញ មន្ត្រីស្រុកនេះ មានសមាជិកក្រុមប្រឹក្សាឃុំ ប្រជាការពារឃុំ និងប្រធានសហគមន៍ការពារព្រៃឈើឃុំកាំងចាម ត្រូវគេរាយការណ៍ថា នៅមួយរយះកាលកន្លងមក ក្នុងខែឧសភានេះ ក្រុមមន្ត្រីទាំងនោះ បានចុះទៅល្បាតព្រៃឡង់ ដែលនៅជាប់នឹងព្រំប្រទល់ខេត្តចំនួន៥ គឺខេត្តកំពង់ធំ កំពង់ចាម ក្រចេះ ព្រះវិហារ ហើយនឹងខេត្តស្ទឹងត្រែង ។ នៅក្នុងការចុះល្បាតព្រៃឈើនោះ ក្រុមមន្ត្រីទាំងនោះ បានប្រទះឃើញឈើប្រណិតជាច្រើន ដែលឈ្មួញបាន និងកំពុងធ្វើការដឹកជញ្ជូន តាមគោយន្តកន្ត្រៃជាច្រើនគ្រឿង ចេញភូមិសាស្ត្រពីព្រៃឡង់ នាំចូលមកឃុំកាំងចាម លក់ឲ្យមន្ត្រីឃុំមានអំណាចម្នាក់ នៅក្នុងមូលដ្ឋាននោះ ។

ក្រុមមន្ត្រីការពារព្រៃឈើ មានទាំងអ្នកសារព័ត៌មានផងនោះ បានឃាត់គោយន្តដឹកឈើនោះ ហើយសួរនាំពីជំនួញឈើនេះ នៅគ្រានោះក្រុមអ្នកដឹកជញ្ជូនឈើ បានបា្រប់ទៅមន្ត្រីស្រឡាញ់ព្រៃឈើទាំងនោះថា ពួកគេបានដឹកឈើប្រណិតទាំងនេះ ចេញពីតំបន់ព្រៃឡង់ ឆ្លងកាត់ភូមិកេះ យកមកលក់ទៅឲ្យលោកមេឃុំកាំងចាម ឈ្មោះឃឹម សុខា និងលោកមេប៉ុស្តិ៍កាំងចាម ហើយឈើទាំងនេះ ត្រូវបានគេបែងចែកលក់ទៅឲ្យឈ្មួញក្នុងខេត្តស្ទឹងត្រែង និងនៅក្នុងខេត្តក្រចេះ ។ ក្រុមអ្នកដឹកឈើបន្តទៀតថា ឈើទាំងនេះពួកគេមិនអាចដឹកយកទៅលក់ឲ្យអ្នកផ្សេង ក្រៅពីលោកមេឃុំ និងលោកមេប៉ុស្តិ៍នោះបានទេ បើពុំនោះទេ មេព្រៃនៅក្នុងមូលដ្ឋាននេះ នឹងចាប់មិនឲ្យអ្នកណារួចខ្លួនបានឡើយ។

ជុំវិញការដឹកជញ្ជូនឈើខាងលើនេះ ក្រុមអ្នកយកព័ត៌មានក្នុងខេត្ត មិនអាចស្វែងរកការសាកសួរ ពីការផ្សំគំនិតប្រព្រឹត្តបទល្មើសព្រៃឈើនេះ ពីលោកឃឹម សុខា មេឃុំកាំងចាម និងលោកមេប៉ុស្តិ៍កាំងចាមនោះបានទេ ។ប៉ុន្តែ អធិការនគរបាលស្រុកថាឡាបរិវ៉ាត់ លោកវរៈសេនីយ៍ត្រីសែម ស៊ីថា បានទទួលស្គាល់ថា នៅរយះកាលកន្លងមក កូនចៅរបស់លោកពិតជាបានប្រព្រឹត្តដូច្នោះមែន តែចាប់តាំងពីលោកមកធ្វើជាអធិការស្រុកនេះ លោកបានមេប៉ុស្តិ៍នោះ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព រកស៊ីឈើខុសច្បាប់នោះទៀត ហើយនៅពេលថ្មីៗកន្លងមកនេះ មានការលេចឮថា មេប៉ុស្តិ៍រូបនេះប្រព្រឹត្តដូចមុនទៀត លោកមិនបានដឹងនោះទេ ។

សេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងថា បទល្មើសព្រៃឈើនៅក្នុងខេត្តភាគឥសាន្តនេះ បានចាប់ផ្តើមកម្រើកឡើងវិញស្ទើរគ្រប់ទីកន្លែង នៅក្នុងដែនដីខេត្ត នៅក្រោយការចុះយុទ្ធ នាការជាលក្ខណៈទ្រង់ទ្រាយធំ របស់គណៈកម្មាការទប់ស្កាត់ និងបទល្មើសព្រៃឈើថ្នាក់ជាតិ បានផ្អាកមួយរយះនោះរួចមក ។ចំណែក សមត្ថកិច្ចប្រចាំមូលដ្ឋាន ក៏ខិតខំបង្ក្រាបដែរ តែធ្វើបានតែអាតូចតាច រីឯជំនួញឈើដែលមានខ្នងបង្អែកធំៗ គេមិនដែលឃើញបង្ក្រាបបាននោះទេ ៕ បក្សីជាយដែន

fist

010

009

007

006

004

002

Loading...

Leave a Reply

Your email address will not be published. Required fields are marked *