សមត្ថកិច្ចចម្រុះចុះចាប់រថយន្តដឹកឈើបានពីរគ្រឿងក្នុងចំណោមច្រើនគ្រឿងដែលឈ្មួញកំពុងធ្វើសកម្មភាពដឹកជញ្ជូនចេញពីខេត្តស្ទឹងត្រែងយកទៅធ្វើជំនួញ

ខេត្តស្ទឹងត្រែង៖ សកម្មភាពដឹកជញ្ជូនឈើអារគ្រប់ប្រភេទ ចេញពីដែនដីខេត្តស្ទឹងត្រែង នាំឆ្ពោះទៅកាន់ទីផ្សារខេត្តនានាក្នុងប្រទេសនោះ ត្រូវគេរាយការណ៍ថា នៅតែបន្តកើតមានយ៉ាងអនាធិបតេយ្យបំផុត នៅលើដែនដីខេត្តភាគឥសាន ប្រទេសមួយនេះ។ សកម្មភាពនេះ ត្រូវគេកត់សម្គាល់ឃើញថា យូរៗម្តងទើបមានសមត្ថកិច្ចចុះទៅបង្ក្រាប ដើម្បីបញ្ជៀសបានពីការរិះគន់ថា អស់លោកជាកន្ទេលធំបន្លំដេក។

កាលពីថ្ងៃ១១ កក្កដាម្សិលមិញ កម្លាំងសមត្ថកិច្ចចម្រុះស្រុកថាឡាបរិវ៉ាត់ បានចុះទៅចាប់រថយន្តប្រភេទសាំយ៉ុង ដឹកឈើអារបានពីរគ្រឿង ក្នុងចំណោមរថយន្តដឹកឈើច្រើនគ្រឿងទៀត នៅតាមបណ្តោយដងផ្លូវជាតិលេខ៩ ត្រង់ចំណុចបង្គោលលេខ៤៧៧ ពីខេត្តព្រះវិហារ មកខេត្តស្ទឹងត្រែង ស្ថិតនៅក្នុងសាស្ត្រ ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់។

នាយសង្កាត់រដ្ឋបាលព្រៃឈើព្រះរំកិល និងអន្លង់ជ្រៃ លោក រី រស្មី បានប្រាប់ឲ្យដឹងថា រថយន្តសាំយ៉ុងទាំងពីរគ្រឿងដែលរងការបង្ក្រាបនោះ គឺជារថយន្តដឹកឈើអារគ្មានច្បាប់អនុញ្ញាត ចេញពីមន្ត្រីជំនាញនោះទេ ហើយឈើទាំងនោះជាប្រភេទឈើសសរ និងគ្រឿងផ្ទះ ក្រុមដឹកឈើបានដឹកជញ្ជូនចេញពីក្នុងដែនដីស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងបំណងនាំយកទៅលក់នៅខេត្តផ្សេងៗទៀត។

លោកថា សមត្ថកិច្ចចាប់បានតែរថយន្តពីរគ្រឿង ក្នុងចំណោមរថយន្តច្រើនគ្រឿងទៀត ដោយក្រុមអ្នកដឹកឈើទាំងនោះបានដឹងខ្លួនមុន ហើយបើកគេចយកទៅលាក់ទុកបាត់ នៅមុនពេលសមត្ថកិច្ចចុះទៅដល់។ ក្រោយការបង្ក្រាប ទាំងឈើ និងរថយន្ត ត្រូវបាននាំយកមករក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ដើម្បីចងក្រងសំណុំរឿង ចាត់ការជាបន្ត។

ជុំវិញនឹងសកម្មភាពដឹកជញ្ជូនឈើនោះដែរ សេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុង១ថ្ងៃៗមានរថយន្តប្រភេទសាំយ៉ុងមិនក្រោមពី១០គ្រឿងនោះទេ ដែលបានដឹកឈើចេញពីដែនសមត្ថកិច្ចព្រៃឈើស្រុកថាឡាបរិវ៉ាត់ ស្រុកសៀមប៉ាង និងសង្កាត់សាមគ្គី ឆ្លងកាត់សង្កាត់ស្ទឹងត្រែង និងអូរពងមាន់ ក្រុងស្ទឹងត្រែង ចូលទៅខេត្តជាប់ព្រំប្រទល់។

ក្រុមរថយន្តដឹកឈើទាំងនោះ ត្រូវគេឃើញ បានបើកបរយ៉ាងប្រសេចប្រសាចពេញដងផ្លូវ ហើយគ្មានសណ្តាប់ធ្នាប់នោះទេ ដោយឆ្លងកាត់ដែនសមត្ថកិច្ចជាច្រើន តាំងពីស្រុក ចូលដល់ដីក្រុង រហូតឆ្លងផុតពីដែនដីខេត្តស្ទឹងត្រែង ហើយក្នុងនោះ គេបានសង្កេតឃើញថា មានសមត្ថកិច្ច១ក្រុមបានដាក់ប៉ុស្តិ៍អនាធិបតេយ្យ សង្ស័យដេកចាំយកលុយពីបទល្មើស នៅហួសផ្លូវបំបែកចូលទៅទីរួមស្រុកថាឡាបរិវ៉ាត់ ជារៀងរាល់ថ្ងៃនោះផងដែរ។ ក្រៅពីនោះក៏មានរថយន្តកាមរីឆ្លាមពណ៌ខ្មៅ១គ្រឿង ដែលគេដឹងថា ជារថយន្តរបស់មន្ត្រីនគរបាលខេត្ត សង្ស័យបើករ៉ាស់មើលផ្លូវឲ្យឈ្មួញ មុនពេលក្រុមឈ្មួញដឹកជញ្ជូនឈើចេញម្តងៗ ហើយបានសំណងមកវិញ គឺលាភសក្ការៈលុយកាក់ដ៏ក្រាស់ក្រែល។

នៅស្រុកសៀមប៉ាង ឯណោះវិញ នៅរសៀលថ្ងៃ១២កក្កដានេះ ក៏មានសេចក្តីរាយការណ៍ឲ្យដឹងដែរថា ឈ្មួញកំពុងសម្រុកដឹកជញ្ជូនឈើតាមទូក កាណូត ចេញពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចូលទៅស្រុកវ៉ឺនសៃ ខេត្តរតនគិរី យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ និងមានរយះពេលជិតពីរខែមកហើយ ដោយសកម្មភាពនោះ ក្រុមឈ្មួញបានធ្វើឡើងតាំងពីខែមិថុនា រហូតមកទល់នឹងជិតពាក់កណ្តាលខែកក្កដា២០១៧នេះ មិនមានការថមថយទាល់តែសោះ។ ចំណែក សមត្ថកិច្ចជាច្រើនស្ថាប័នដែលឈរជើងតាមផ្លូវទឹក និងផ្លូវគោកនៅទីនោះ ក៏ត្រូវគេឃើញ មិនបានទប់ស្កាត់ ឬក៏បង្ក្រាបទៅលើក្រុមឈ្មួញទាំងនោះទេ។ ផ្ទុយទៅវិញ គេបានឃើញមន្ត្រីទាំងនោះ ត្រូវគេសង្ស័យថា ដេកចាំទារលុយពីក្រុមដឹកជញ្ជូនបទល្មើសព្រៃឈើទាំងនោះទៅវិញ។ ចំណុចដែលគេសង្ស័យថា សមត្ថកិច្ចជាច្រើនស្ថាប័ន បានដាក់ប៉ុស្តិ៍អនាធិបតេយ្យ ដេកចាំកាក់ទារលុយពីបទល្មើសឈើនោះ មានដូចជា នៅពាមអូរសាម៉ង ពាមអូរការសៀប និងនៅពាមអូរវែង ស្ថិតក្នុងដែនដីស្រុកសៀមប៉ាង។ ឈើប្រណិតដែលឈ្មួញបានដឹកតាមទូកទាំងនោះ គឺដឹកជញ្ជូនឆ្លងកាត់កន្លែងសំខាន់ខាងលើនោះ នាំចូលទៅភូមិតាឡែ និងភូមិបាក់កែ ស្រុកវ៉ើនសៃ ខេត្តរតនគិរី ហើយឈើទាំងនោះ ត្រូវគេដឹកបន្តឆ្ពោះទៅប្រទេសវៀតណាមផងដែរ។

អភិបាលរង ទទួលបន្ទុកបង្ក្រាបបទល្មើស ខេត្តស្ទឹងត្រែង លោក ជា ថាវរិទ្ធ លោកបានប្រាប់ឲ្យដឹងផងដែរថា លោកមិនទាន់ដឹងអំពីសកម្មភាពបទល្មើសដែលកើតឡើង និងសកម្ម ភាពរបស់មន្ត្រីខិលខូចមួយចំនួនតូចនោះទេ បញ្ហានេះលោកនឹងឆ្លងយោបល់ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកម៉ុម សារឿន នៅល្ងាចថ្ងៃ១២ កក្កដា ២០១៧នេះ៕

 

Loading...