សមត្ថកិច្ចចម្រុះចុះបង្រ្កាបសិប្បកម្មផលិតបារីនិងនំបុ័ងប្រេន០២កន្លែងសង្ស័យធ្វើអាជីវកម្មក្លែងក្លាយខុសច្បាប់ក្នុងខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយរបស់ក្រសួងមហាផ្ទៃបានចុះបង្រ្កាបសិប្បកម្មផលិតបារីនិងសិប្បកម្ម ផលិតនំបុ័ងប្រេនចំនួន០២កន្លែងផ្សេងគ្នារបស់ជនជាតិចិនសង្ស័យធ្វើអាជីវកម្មផលិតផលិតផលក្លែងក្លាយខុសច្បាប់ក្នុងខណ្ឌសែន សុខ និងខណ្ឌពោធិ៍ សែន រាជធានីភ្នំពេញ ។ប្រតិបត្តិការបង្រ្កាបបានធ្វើឡើងរយៈពេល០២ថ្ងៃក្រោមការសម្របសម្រួលនីតិវីធីដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍ពីក្រុមសមត្ថកិច្ចចុះបង្រ្កាបឱ្យដឹងថា  នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៧ ខែតុលា សមត្ថកិច្ចចម្រុះបានចុះទៅឆែកឆេរត្រួតពិនិត្យជាក់ស្តែងសិប្បកម្មផលិតនិងចែកចាយបារី០១កន្លែងសង្ស័យផលិតបារីក្លែងក្លាយខុសច្បាប់នៅចំណុចផ្លូវហាន់ណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែន សុខ  ដែលមានតំណាងម្ចាស់ឈ្មោះ Huang Wenyan ភេទប្រុស អាយុ៤២ឆ្នាំ ដោយបានធ្វើការត្រួតពិនិត្យរកឃើញវត្ថុតាងផលិតផលសម្រាប់ផលិតបារីចំនួន១១ប្រភេទសរុបចំនួន១០៤៨កេស មានទម្ងន់ប្រហែល២៥តោន នឹងបានរកឃើញវត្ថុតាងឧករណ៍ សម្រាប់ផលតបារីរួមមាន
ៈម៉ាស៊ីនបោះពុម្ពពណ៌លើកញ្ចប់បារី ចំនួន០២គ្រឿង,ម៉ាស៊ីនកាត់ក្រដាសរ៉ុកន្ទុយស្នោចំនួន០២គ្រឿង,ម្សៅទឹកថ្នាំពណ៌សចំនួន២៥កេស, ម្សៅទឹកថ្នាំពណ៌ចម្រុះចំនួន៨០បាវ,ម៉ាស៊ីនកូរទឹកថ្នាំ០១គ្រឿង,ម៉ាស៊ីនពន្លាកន្ទុយបារី១៣គ្រឿងនិងទឹកថ្នាំសម្រាប់បោះពុម្ពកញ្ចប់បារី១៤៤ធុង។

ដោយឡែកនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះក៏បានចុះទៅឆែកឆេរត្រួតពិនិត្យសិប្បកម្មផលិតនំបុ័ង០១កន្លែងនៅចំណុចភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដែលមានម្ចាស់ឈ្មោះ CHEN GANG ភេទប្រុស អាយុ៣២ឆ្នាំ ។សមត្ថកិច្ចចម្រុះពិនិត្យជាក់ស្តែងរកឃើញ វត្ថុតាងឧបករណ៍សម្ភារៈនិងវត្ថុធាតុដើមបំរើឱ្យការផលិតនំបុ័ងសរុបចំនួន១៦ប្រភេទស្មើនឹងទម្ងន់ជាង២២តោន។ក្រោយពីត្រួតពិនិត្យសមត្ថកិច្ចចម្រុះពិនិត្យឃើញថា  សិប្បកម្មផលិតនំបុ័ងប្រេនខាងលើធ្វើអាជីវកម្មមិនត្រឹមត្រូវតាមច្បាប់គឺគ្មានស្លាកយីហោ,គ្មានប្រកាសបង្កើតរោងសិប្បម្ម,ផលិតផលមិនទាន់យកទៅចុះបញ្ជី,វិញ្ញាបនបត្រវិភាគគុណភាពហួសសុពលភាព,នៅលើសំបកវេចខ្ចប់ក្លែងអស័យដ្ឋាន,គ្មានវិញ្ញាបនបត្រចុះបញ្ជីម៉ាកផលិតផល,គ្មានវិញ្ញាបនបត្រដំណើរការសិប្បកម្ម។ការបង្រ្កាបសិប្បកម្មផលិតបារីនិងផលិតនំបុ័ងប្រេនទាំង០២ខាងលើក្រោយពីសមត្ថកិច្ចចម្រុះពិនិត្យរួចហើយអនុវត្តតាមបញ្ជារបស់លោកព្រះរាជអាជ្ញារងក៏បានឃាត់ទុកវត្ថុតាងទាំងអស់ជាបណ្តោះអាសន្នដើម្បីអនុវត្តតាមវិធានការច្បាប់៕

 

Loading...