សមត្ថកិច្ចចម្រុះឡោមព័ទ្ធទីតាំងស្តុកឈើប្រណីតនិងរិបអូសរក្សាទុកក្នុងរដ្ឋបាលព្រៃឈើខេត្ត

ខេត្តស្ទឹងត្រែងៈ ឈើប្រណីតជាច្រើនដុំ ដែលកំពុងពេញនិយមនិងមានតម្លៃរបស់មេឈ្មួញខ្មែរ និងវៀតណាមលួចដឹកជញ្ជូនទៅក្នុងស្តុកទុកដឹកជញ្ជូនចេញនោះត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបើកការឡោមព័ទ្ធក្រោមការបញ្ជាររបស់អភិបាលរងខេត្តទទួលបន្ទុកបង្ក្រាបបទល្មើសព្រៃឈើលោកជាថាវរឹទ្ធកាលពីព្រលប់ថ្ងៃទី២៣រហូតដល់ព្រឹកថ្ងៃទី២៤កក្កដា២០១៧ទើបឆែកឆេរនិងរឹបអូសក្រោមការសម្របសម្រួល ពីស្ថាប័នអយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែង។ ការចុះបង្ក្រាបឈើនោះ ត្រូវគេឃើញ កម្លាំងរដ្ឋបាលព្រៃឈើបានសហការជាមួយកម្លាំងនគរបាលខេត្តចុះឡោមព័ទ្ធទីតាំងស្តុកលាក់ទុកឈើប្រណិតនោះដោយរង់ចាំការសំរេច និងចូលរួមសម្របសម្រួលឆែកឆេរ ពីព្រះរាជអាជ្ញារងខេត្ត គឺលោក គឹម ហុងសាន ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

យោងកំណត់របស់រដ្ឋបាលព្រៃឈើខេត្ត នៅមិនទាន់បានបញ្ជាក់អំពីចំនួនឈើពិតប្រាកដនោះទេ ប៉ុន្តែ ឈើដែលរងការបង្ក្រាបនៅពេលនេះ គឺជាប្រភេទឈើធ្នង់ មានចំនួនជាង១០៩ដុំ។ សមត្ថកិច្ចនៅគ្រានោះ បានធ្វើការដកហូតយកវត្ថុតាងឈើដែលឈ្មួញបានយកមកលាក់ទុក ក្នុងបន្ទប់ធ្វើពីថ្ម ដំបូលប្រក់ស័ង្កសីមួយខ្នង សង់នៅកណ្តាលចំការស្វាយចន្ទីរនិងចំការក្រូច លាក់ទុកនៅក្នុងពាងទឹកមួយ ព្រមទាំងបានដកហូតម៉ាស៊ីនតាបឈើមួយគ្រឿងផងដែរ។ កំណត់ហេតុបានបញ្ជាក់ថា នៅពេលចុះបង្ក្រាបនោះ សមត្ថកិច្ចមិនបានឃើញជនសង្ស័យណាម្នាក់ ចូលខ្លួនមកអះអាងថា ឈើប្រណិត និងម៉ាស៊ីនតាបឈើនោះ ជារបស់ខ្លួននោះឡើយ។ ប៉ុន្តែ ប្រភពបានទម្លាយឲ្យដឹងថា ឈើទាំងនោះ គឺជារបស់ក្រុមឈ្មួញជនជាតិវៀតណាម ដែលជួលផ្ទះមួយខ្នងនោះស្តុកទុក និងធ្វើជាទីតាំងលើកឈើ ដាក់តាមរថយន្តសាំយ៉ុង ដឹកជញ្ជូនទៅខេត្តរតនគិរី និងចូលយកទៅលក់ នៅក្នុងប្រទេសវៀតណាម។

ក្រោយការបង្ក្រាប សមត្ថកិច្ចបានធ្វើការដឹកជញ្ជូនវត្ថុតាង ដែលរឹបអូសបាននោះ នាំយកទៅរក្សាទុក នៅផ្ទះស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ចាត់ការតាមច្បាប់ ស្តីពីព្រៃឈើ។

សូមជម្រាបថា នៅប៉ុន្មានថ្ងៃកន្លងមកនេះ អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ទទួលបន្ទុកបង្ក្រាបបទល្មើសព្រៃឈើ លោក ជា ថាវរិទ្ធ បានបញ្ជាដល់សមត្ថកិច្ចឲ្យខិតខំចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ឲ្យមានប្រសិទ្ធិភាព។ ប៉ុន្តែ សកម្មភាពដឹកជញ្ជូនឈើប្រណិតធ្វើជំនួញនោះ គេនៅតែកត់សម្គាល់ឃើញថា ឈ្មួញនៅតែបន្តសម្រុកដឹកដោយឥតស្រាកស្រាន្តនោះទេ មានទាំងឈើប្រណិត និងឈើឈើប្រភេទលេខ២ ដឹកជញ្ជូនយ៉ាងអនាធិបតេយ្យបំផុត ចេញពីភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ដឹកចេញពីស្រុកសៀមប៉ាង និងដឹកជញ្ជូនចេញពីដែនដីសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ទាំយប់ថ្ងៃនោះថែមទៀត។

ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង រំពឹងថា វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ របស់អាជ្ញាធរខេត្តនៅគ្រានេះ នឹងកាត់បន្ថយបាននូវការដឹកជញ្ជូនល្មើសច្បាប់ ពីអនាធិបតេ យ្យ មកនៅត្រឹមកំរិតទាបជាក់ជាមិនខានឡើយ៕ ឡុងកាន់សំនៀង

Loading...